អាយអឹមអេហ្វ សន្យាបន្ដជួយកម្ពុជាទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ
ខេត្ដកណ្ដាល ៖ លោក JEREMY CARTER នាយកអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក បានជំរាបនាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី ៤ មិថុនា នៅភូមិគ្រឹះនាទីក្រុងតាខ្មៅថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺអនុវត្ដតាម គោលការណ៍ IMF ។ នៅពេលនេះ លោកមើលឃើញកម្ពុជាមានការវិវត្ដន៍យ៉ាងលឿនដែលនេះ គឺជា ប្រការល្អបំផុតរបស់កម្ពុជា ដូច្នេះ IMF ផ្ទាល់មានការសប្បាយរីករាយ និងជួយអបអរសាទរយ៉ាងខ្លាំង ។
នៅក្នុងជំនួបសវនាការនេះ លោកនាយកមូលនិធិរូបិយវត្ថុអន្ដរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ ជូននាយករដ្ឋមន្ដ្រីថា IMF នៅតែបន្ដជួយដល់កម្ពុជា សំរាប់រៀបចំថវិកាឆ្នាំក្រោយ និងបន្ដជួយដល់ កម្ពុជាក្នុងការផ្ដល់អនុសាសន៍ ក៏ដូចជាការផ្ដល់នូវជំនួយបច្ចេកទេសលើវិស័យថវិកា និងហិរញ្ញវត្ថុបន្ដ ទៀត។ លោក JEREMY CARTER បានជំរាបបន្ដថា លោកនឹងធ្វើការបន្ដជាមួយកម្ពុជាក្នុងភាពជាដៃគូ ដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាឆ្ពោះទៅរក ការអភិវឌ្ឍន៍ ។
មានប្រសាសន៍ឆ្លើយតបក្នុងឱកាសនោះ នាយករដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះលោកនាយកអង្គការ មូលនិធិរូបិយវត្ថុអន្ដរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានបញ្ជាក់ថា អ្វីដែលលោក JEREMY CAR-TER បានធ្វើការកត់សំគាល់និងវាយតំលៃនោះ គឺជាការលើកទឹកចិត្ដដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានការ ខិតខំប្រឹងប្រែងធ្វើការឱ្យកាន់តែខ្លាំងថែមទៀត ។ លោកបានថ្លែងអំណរគុណដល់ IMF ដែលបានបញ្ជាក់ ម្ដងទៀតថា នឹងបន្ដជួយដល់កម្ពុជាលើវិស័យពន្ធដារ ហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស។
លោក JEREMY CARTER បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ មិថុនា ថា មូលនិធិ រូបិយវត្ថុអន្ដរជាតិ (IMF) បានត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ប្រាក់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជា នៅពេលដែលរាជរដ្ឋាភិបាលត្រូវការចាំបាច់ ប៉ុន្ដែនៅពេលនេះរាជរដ្ឋាភិបាលមិនទាន់មានគំរោងខ្ចីប្រាក់ពី IMF នៅឡើយទេ ។ ការថ្លែងបែបនេះ របស់លោក JEREMY CARTER បានធ្វើឡើង ខណៈពេល លោកដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២២ ឧសភា ដល់ថ្ងៃទី៥ មិថុនា ។
យោងតាមរបាយការណ៍របស់ IMF ដែលកោះសន្ដិភាពបានទទួលឱ្យដឹងថា IMF បានគាំទ្រនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដំឡើងប្រាក់បៀវត្សក្នុងវិស័យសាធារណៈ នៅពេលដែលកំណើននៃ ចំណូលអនុញ្ញាត និងស្វាគមន៍ដល់ការសន្យានានា ដើម្បីបង្កើនការវិនិយោគលើមូលធនផលិតរួមទាំងការ បង្កើនល្បឿននៃការអនុវត្ដន៍ គំរោងនានា ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលធ្វើហិរញ្ញប្បទានជាទឹកប្រាក់ ចំនួន៨២លានដុល្លារអាមេរិក ក្រោមការផ្ដួចផ្ដើមលុបបំណុលជាពហុភាគី (MDRI) របស់មូលនិធិ រូបិយវត្ថុអន្ដរជាតិ ។
លោក JEREMY CARTER បន្ដថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ គណៈប្រតិភូរបស់មូលនិធិ រូបិយវត្ថុអន្ដរជាតិ (IMF) បានពិនិត្យមើលការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីៗ បានជួបពិភាក្សា ជាមួយនាយករដ្ឋមន្ដ្រីហ៊ុន សែន លោកទេសរដ្ឋមន្ដ្រី និង មន្ដ្រីនានានៃរាជរដ្ឋាភិបាលកម្ពុជាអំពីគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច និងរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបន្ដថា គណៈប្រតិភូ ក៏បានជួបជាមួយអ្នកតំណាងនានាពីរដ្ឋសភា និងព្រឹទ្ធសភា ដៃគូអភិវឌ្ឍន៍របស់កម្ពុជា សហគមន៍ ពាណិជ្ជកម្ម វិទ្យាស្ថាន ស្រាវជ្រាវ សហជីព រួមទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
មន្ដ្រី JEREMY CARTER បានឱ្យដឹងទៀតថា បន្ទាប់ពីការប៉ាន់ស្មានកំរិតកំណើនថាមានប្រមាណ១០% សំរាប់ឆ្នាំ២០០៦ កន្លងមក កំណើននៃផលទុនជាតិ (គិតជាតំលៃថេរ) ប្រមាណជា៩% ត្រូវបានសង្ឃឹម ទុកនៅឆ្នាំ២០០៧នេះ ដែលនាំមុខដោយការរីកដុះដាលនៃផលិតកម្មកសិកម្ម និងសកម្មភាពដ៏ខ្លាំងក្លា ក្នុងវិស័យទេសចរណ៍ ការនាំចេញសំលៀកបំពាក់ និងសំណង់ ។ លោកបន្ដថា សេវាកម្មជាពិសេស ផ្នែកហរិញ្ញវត្ថុ និងទូរគមនាគមន៍កំពុងតែបង្កើនការរួមចំណែក ។ និន្នាការជាទូទៅនេះសង្ឃឹមថា នឹងនៅ តែបន្ដក្នុងដំណាក់កាលខ្លីដោយការ វិនិយោគផ្ទាល់ពីបរទេសនៅតែមានកំរិតខ្ពស់នាំឱ្យមានកំណើនប្រមាណ ៧% ទៅ៨% នៅឆ្នាំ២០០៨ ។ ហានិភ័យចំពោះការប្រមើលមើលនេះរួមមានសំពាធនៃកាប្រកួតប្រជែង ក្នុងវិស័យកាត់ដេរ ដែលបណ្ដាលមកពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក របស់ប្រទេស វៀតណាម ការលើកលែងនៃការការពារនានាប្រឆាំងនឹងវិស័យកាត់ដេររបស់ប្រទេសចិននៅចុងឆ្នាំ២០០៨ និងលទ្ធភាពដែលអាកាសធាតុអាចមិនអំណោយផលដល់វិស័យកសិកម្ម ។
លោក JEREMY CARTER បន្ដទៀតថា អតិផរណាបានកើនឡើងបន្ដិចដល់ប្រមាណ៤% នៅពេលថ្មីៗនេះ ដោយឆ្លុះបញ្ចាំងនូវការកើនឡើងនៃតំលៃ និងឥទ្ធិពលនៃតំលៃប្រេងអន្ដរជាតិដែលខ្ពស់ជាងមុន។ ដោយ សន្មតថា តំលៃប្រេងអន្ដរជាតិមានស្ថិរភាពជាទូទៅ អតិផរណានឹងនៅក្នុងកំរិតលេខមួយខ្ទង់ទាប និង ត្រូវឱ្យមានការឃ្លាំមើលដ៏ប្រុងប្រយ័ត្នចំពោះសញ្ញានានា នៃការកើនឡើងរបស់សំពាធនៃសេចក្ដីត្រូវការ ជាមូលដ្ឋានមកលើអតិផរណា ។
IMF បានឱ្យដឹងទៀតថា ឱនភាពគណនីចរន្ដក្រៅប្រទេស (ដោយមិនរាប់បញ្ចូលជំនួយឥតសំណង) រួមតូច មកនៅត្រឹមប្រមាណ៧% នៃផលទុនក្នុងឆ្នាំ២០០៦ ។ ការកែលំអបន្ដិចបន្ដួចក្នុងឆ្នាំ២០០៧ ត្រូវ បានសង្ឃឹមទុក អាស្រ័យដោយភាពខ្លាំងក្លានៃការនាំចេញសំលៀកបំពាក់ និងទេសចរណ៍ ។ ប្រាក់រៀល មានស្ថិរភាពជាទូទៅ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ហើយទុនបំរុងអន្ដរជាតិដុលកើនដល់ទៅ ១,២ពាន់លានដុល្លារអាមេរិកនៅចុងខែមេសា ឆ្នាំ២០០៧ ។ ការអនុវត្ដន៍ចំណូលក្នុងឆ្នាំ ២០០៦មានភាព ខ្លាំងក្លា ឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើក និងការកែលំអលើរដ្ឋបាលនៃការប្រមូលចំណូល ដែល គាំទ្រដោយកម្មវិធីកំណែទំរង់ហិរញ្ញវត្ថុសាធារណៈ (PFM) ។ ការប្រមូលចំណូលនៅតែខ្លាំងក្លា នៅឆ្នាំ ២០០៧ ហើយគោលដៅចំណូលរបស់ថវិកាសង្ឃឹមថា នឹងបានសំរេចលើសយ៉ាងច្រើន ។ ចំណាយ របស់រដ្ឋាភិបាលនៅយឺតដោយសារបណ្ដាលមកពីការលំបាកជាដំបូងចំពោះការអនុវត្ដន៍នីតិវិធីចំណាយថ្មី។
លោក JEREMY CARTER បានឱ្យដឹងទៀតថា IMF ជំរុញឱ្យមានការដោះស្រាយការលំបាកនេះ ឱ្យបានឆាប់រហ័ស ហើយយល់ស្របថា ត្រូវបង្កើនល្បឿនដល់ចំណាយដែលយឺតយ៉ាវ ដើម្បីសំរេចឱ្យ បានពេញលេញ នូវគោលដៅចំណាយថវិកា ។ ផ្អែកលើមូលដ្ឋាននេះ ឱនភាពថវិកាជាទូទៅរបស់រដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងមានប្រមាណ៣% នៃផលទុនជាតិ ។
Labels: នយោបាយ, សេដ្ឋកិច្ច