ឱសានវាទ១០ថ្ងៃដល់ម្ចាស់អាជីវកម្មជួសជុលលាងម៉ូតូនិងរថយន្ដអត់ច្បាប់ឱ្យរុះរើ
រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ បានកំណត់ទុករយៈពេល១០ថ្ងៃ បន្ទាប់ ពីសាលាក្រុងចេញសេចក្ដីជូនដំណឹងក្នុងពេលឆាប់ៗខាងមុខនេះរួច ដល់ម្ចាស់អាជីវកម្មជួសជុល លាងម៉ូតូ និងរថយន្ដ នៅក្នុងក្រុងភ្នំពេញអត់ច្បាប់ត្រូវរុះរើខ្លួនឯង។ អាជ្ញាធរបានធ្វើការចោទប្រកាន់ថា ម្ចាស់ អាជីវកម្មទាំងនេះបានបង្កភាពឥតសណ្ដាប់ធ្នាប់ បង្កការស្ទះចរាចរ ស្ទះប្រព័ន្ធលូបង្ហូរទឹក ដែលនាំឱ្យឆាប់ ខូចថ្នល់ និងរោទ៍ម៉ាស៊ីនបង្កសំលេងរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង ។ លោកអភិបាលក្រុងភ្នំពេញ បានកំណត់ទុកពេលដល់ម្ចាស់អាជីវកម្មជួសជុល លាងម៉ូតូនិងរថយន្ដនេះ ខណៈពេលលោកអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែរបស់សាលាក្រុងភ្នំពេញ នាព្រឹកថ្ងៃទី៤ មិថុនា ២០០៧ នៅសាលប្រជុំ សាលាក្រុង ដែលមានការចូលរួមពីមន្ដ្រីសំខាន់ៗក្រោមឱវាទយ៉ាងច្រើនកុះករ ។
លោកកែប ជុតិមា បានលើកឡើងថា កន្លែងជួសជុលលាងម៉ូតូនិងរថយន្ដមួយចំនួនធំ នៅក្នុង ក្រុងភ្នំពេញឥតមានច្បាប់អនុញ្ញាត និងមិនអនុវត្ដតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ គឺបង្ហៀរប្រេងម៉ាស៊ីន ខ្មៅ កំទេចដីចូលក្នុងប្រព័ន្ធលូដែលនាំឱ្យស្ទះប្រព័ន្ធទឹកហូរ លិចផ្លូវ និងឆាប់ខូចថ្នល់ ជាពិសេសការបង្ក ឱ្យកកស្ទះចរាចរ ព្រោះទីតាំងនោះនៅតាមចិញ្ចើមផ្លូវ រួមទាំងការចតរថយន្ដគ្មានសណ្ដាប់ធ្នាប់ទៀតផង។ ម្យ៉ាងទៀត ទីតាំងជួសជុលរថយន្ដ និងម៉ូតូទាំងនោះតែងបង្កសំលេងរោទ៍ម៉ាស៊ីនខ្លាំងៗ ជាការរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលសាលាក្រុងតែងទទួលសំណូមពរពីប្រជាពលរដ្ឋជាបន្ដបន្ទាប់ ។
លោកកែប ជុតិមា បានបន្ថែមថា កន្លងមកសាលាក្រុងតែងបានជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងនោះ ជាបន្ដបន្ទាប់ ហើយពេលនេះគឺយើងកំណត់ពេល១០ថ្ងៃដោយគិតចាប់ពីថ្ងៃទី៦ មិថុនាតទៅរហូតដល់ ថ្ងៃទី១៦ មិថុនា ត្រូវបិទទាំងស្រុងតែម្ដង ប្រសិនបើម្ចាស់មិនរុះរើដោយខ្លួនឯង។ ទីតាំងសំរាប់ជួសជុល លាងម៉ូតូ និងរថយន្ដត្រូវបានសាលាក្រុងកំណត់ឱ្យរើទៅនៅតំបន់ជាយក្រុង ព្រមទាំងត្រួតពិនិត្យឱ្យមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវ ។ លោកបានធ្វើការណែនាំដល់មន្ដ្រីជំនាញឱ្យបង្កើតជាគណៈកម្មការចុះត្រួត ពិនិត្យនៅតាមទីតាំងជួសជុល លាងម៉ូតូ និងរថយន្ដទាំងនោះ ជាពិសេសទីតាំងជួសជុល និងលាង រថយន្ដធំៗអំពីច្បាប់អនុញ្ញាត និងលក្ខណៈបច្ចេកទេសមានន័យថា ទីតាំងនោះមានច្បាប់អនុញ្ញាត ពីសាលា ក្រុង ឬអត់ និងទីតាំងនោះមានសាងសង់ប្រព័ន្ធស្ដុកធូលីដីដែលជ្រុះពីរថយន្ដក្នុងពេលលាងទឹក និង ការ ចាក់ប្រេងម៉ាស៊ីនជាដើម។ បើពិនិត្យឃើញខុសពីលក្ខណៈបច្ចេកទេស ឬគ្មានច្បាប់អនុញ្ញាត សាលាក្រុង ចាំបាច់ត្រូវតែបិទអាជីវកម្មទាំងស្រុងតែម្ដង ហើយនៅតំបន់វត្ដភ្នំ និងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី គឺមិនអនុញ្ញាតឱ្យមានតទៅទៀតឡើយ ។
លោកអភិបាលក្រុង បានជំរុញឱ្យគណៈកម្មការជំនាញដែលដឹកនាំដោយអភិបាលរងក្រុងមួយរូប និងអាជ្ញាធរ ខណ្ឌត្រូវចុះពិនិត្យ និងអនុវត្ដមុនគេកន្លែងប្ដូរប្រេងម៉ាស៊ីន លាង និងជួសជុលរថយន្ដ ជាពិសេសនៅតាម ស្ថានីយលក់សាំងធំៗតែម្ដង ។
នៅក្នុងកិច្ចប្រជុំប្រចាំខែនោះ សាលាក្រុង បានលើកយករបៀបវារៈចំនួន៧មកពិភាក្សា គឺទី១ ត្រួតពិនិត្យ ការធ្វើអាជីវកម្មលាង ជួសជុលរថយន្ដ និងម៉ូតូក្នុងខណ្ឌដូនពេញ និងខណ្ឌ៧មករា, ទី២ វិធានការស្ដារលូ ក្នុងរាជធានីភ្នំពេញ, ទី៣ ការគាំទ្រកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការក្រោយកម្មវិធីសិលា នៅក្រុង ភ្នំពេញ, ទី៤ របាយការណ៍ស្ដីពីការចុះបញ្ជី និងការផ្ដល់ស្លាកលេខយានយន្ដ, ទី៥ របាយការណ៍ស្ដីពី លទ្ធផលការងារប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០០៧, ទី៦ គំរោងរៀបចំតូបលក់កាសែត នៅរាជធានីភ្នំពេញ និងទី៧ បញ្ហាផ្សេងៗដែលបញ្ហានេះ សាលាក្រុងបានលើកយកផែនការផ្សព្វផ្សាយ ជំរឿនប្រជាពលរដ្ឋឆ្នាំ២០០៨ខាងមុខ ។
តាមរបាយការណ៍ក្រៅផ្លូវការបានបង្ហាញថា នៅក្នុងក្រុងភ្នំពេញ មានទីតាំងលាងជួសជុល ម៉ូតូ និងរថយន្ដ ធំៗ ប្រមាណជាង៥០០កន្លែង ដែលក្នុងនោះមានច្បាប់អនុញ្ញាតតែប្រមាណ២០%ប៉ុណ្ណោះ ហើយច្បាប់ អនុញ្ញាតនោះទៀតមិនបានចេញដោយសាលាក្រុងភ្នំពេញឡើយ គឺចេញដោយក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល និងមន្ទីរឧស្សាហកម្មរាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រជុំនោះដែរ សាលាក្រុងក៏បានប្រកាស តែងតាំងមន្ដ្រីចំនួនពីររូប គឺលោកប្រាជ្ញ សីហា អតីតចៅសង្កាត់ច្បារអំពៅទី១ តែងតាំងជាអភិបាលរង ខណ្ឌមានជ័យ និងលោកមា សុភាព អតីតចៅសង្កាត់ទន្លេបាសាក់ជាអភិបាលរងខណ្ឌចំការមន។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply