រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ការិយាល័យប្រចាំ កម្ពុជាបានឱ្យដឹងថា ប្រជាជនដែលរស់នៅក្នុងបណ្ដាខេត្ដក្រីក្រនៃប្រទេសកម្ពុជា ហើយដែលបច្ចុប្បន្ន នេះកំពុងប្រើប្រាស់ថាមពលអគ្គិសនីមានតំលៃខ្ពស់ជាងគេបំផុតក្នុងពិភពលោកនោះ នឹងឃើញតំលៃភ្លើង ប្រើប្រាស់របស់ពួកគាត់ចុះថោកច្រើនសន្ធឹកសន្ធាប់ ដោយសារជំនួយឥតសំណងដែលបានអនុម័ត ដោយ ធនាគារពិភពលោក នាថ្ងៃទី៦ មិថុនាកន្លងមកថ្មីៗនេះ។ ក្រោមកម្មវិធីីពាណិជ្ជកម្មថាមពលអគ្គិសនី ក្នុង មហាអនុតំបន់ទន្លេមេគង្គរបស់ធនាគារពិភពលោក ជំនួយឥតសំណងចំនួន១៨,៥លានដុល្លារអាមេរិក នឹង ផ្ដល់ជូនប្រទេសកម្ពុជាសំរាប់សាងសង់ខ្សែបណ្ដាញបញ្ជូនចរន្ដអគ្គិសនី ពីព្រំប្រទល់ប្រទេសឡាវ និងពីព្រំ ប្រទល់ប្រទេសវៀតណាម។ ជាមួយនឹងខ្សែបញ្ជូនចរន្ដអគ្គិសនី ដែលកំពុងសាងសង់ពីប្រទេសវៀតណាម ក្រោមគំរោងអគ្គិសនីភាវូបនីយកម្មជនបទ ដែលគាំទ្រដោយធនាគារពិភពលោក ជំនួយថ្មីនេះនឹងអាច ធ្វើការពង្រីកពាណិជ្ជកម្មថាមពលអគ្គិសនីបន្ថែមទៀតពីប្រទេសវៀតណាម ហើយអាចជួយកម្ពុជានាំយក ថាមពលអគ្គិសនីក្នុងតំលៃថោកសំរាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជារបស់ខ្លួន ។
ទឹកប្រាក់ជំនួយចំនួន១៥លានដុល្លារអាមេរិកទៀត នឹងផ្ដល់ជូនប្រទេសឡាវដើម្បីសាងសង់ខ្សែបណ្ដាញ បញ្ជូនចរន្ដអគ្គិសនីដើម្បីតភ្ជាប់មកប្រទេសកម្ពុជា និងសាងសង់ប្រព័ន្ធបញ្ជូនចរន្ដអគ្គិសនីសំរាប់តភ្ជាប់ ប្រទេសឡាវ កម្ពុជា និងថៃ ។ គំរោងនេះនឹងអាចជួយធ្វើឱ្យប្រសើរដល់ការផ្គត់ផ្គង់ភ្លើងអគ្គិសនីដល់ ខេត្ដសារាវ៉ានភាគខាងត្បូងរបស់ប្រទេសឡាវ ។
លោកអៀន ផតធ័រ នាយកធនាគារពិភពលោកប្រចាំកម្ពុជានិងប្រទេសឡាវមានប្រសាសន៍ថា យុទ្ធសាស្ដ្រ របស់ធនាគារពិភពលោកសំរាប់មហាអនុតំបន់ទន្លេមេគង្គ ដែលកម្មវិធីពាណិជ្ជកម្មថាមពលអគ្គិសនីជាផ្នែក មួយដែរនោះ គឺជាការស្វែងរកការពង្រឹងកិច្ចសហប្រតិបត្ដិការ និងការធ្វើសមាហរណកម្ម នៅក្នុងតំបន់ ដូចនេះមហាអនុតំបន់ទន្លេមេគង្គ អាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ធនធានធម្មជាតិ របស់ អាស៊ីអាគ្នេយ៍ និងធ្វើឱ្យមានកំណើនបានឆាប់រហ័ស។ ធាតុផ្សេងៗទៀតនៃយុទ្ធសាស្ដ្រ ដោយរួមទាំងការ គ្រប់គ្រងធនធានទឹក ការសំរួលពាណិជ្ជកម្ម និងដឹកជញ្ជូន និងអន្ដោប្រវេសន៍កំលាំងពលកម្ម ។ លោក ផតធ័រ មានប្រសាសន៍ថា “សំរាប់ប្រជាជនដែលរស់នៅតំបន់ទន្លេមេគង្គទទួលបានផលប្រយោជន៍ ពួកគាត់ នឹងត្រូវការស្ថាប័នដ៏រឹងមាំ គោលនយោបាយល្អ និងហេដ្ឋារចនាសម្ព័ន្ធដែលគួរឱ្យជឿទុកចិត្ដបាន”។ លោក ផតធ័រ បន្ដថា “យុទ្ធសាស្ដ្រ របស់ធនាគារពិភពលោកបានដាក់ចេញនូវ ក្របខណ្ឌសំរាប់ជំនួយបច្ចេកទេស ការវិភាគ ការកសាងសមត្ថភាព និងការវិនិយោគ ដូចនេះប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចធ្វើការជាមួយគ្នា ដើម្បីទាក់ទាញ អ្នកវិនិយោគ និងធ្វើឱ្យប្រសើរលើសេវាកម្មសំរាប់ប្រជាជនរបស់ ពួកគេ”។
សេចក្ដីប្រកាសព័ត៌មានបានបន្ដថា ក្នុងប្រទេសកម្ពុជា ប្រជាជនកម្ពុជារកចំណូលបាន៣៨០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងមានប្រជាជនច្រើនជាង១ភាគ៣រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយមានប្រជាជនភាគ តិចណាស់ ដែលទទួលបានសេវាកម្មអគ្គិសនី (តិចជាង១៨ភាគរយ)។
ប្រជាជននៅខេត្ដកំពង់ចាម និងខេត្ដស្ទឹងត្រែងប្រើប្រាស់ថាមពលអគ្គិសនីនៅមានកំរិត ហើយមានតំលៃ ខ្ពស់រហូតដល់០,៣ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង។ បន្ទាប់ពីខ្សែបណ្ដាញបញ្ជូនចរន្ដនេះ ត្រូវ បានសង់រួចតំលៃថាមពលអគ្គិសនីនៅខេត្ដទាំងពីរនេះសង្ឃឹមថា នឹងអាចចុះដល់ត្រឹមចន្លោះ ០,១-០,១៥ ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង ។
លោកយឹម ណុលសុន អគ្គនាយករងអគ្គិសនីកម្ពុជាមានប្រសាសន៍ថា “ជាមួយនឹងគំរោងពាណិជ្ជកម្ម ថាមពលមហាអនុតំបន់ទន្លេមេគង្គ ប្រទេសកម្ពុជានឹងមើលឃើញ នូវឥទ្ធិពលវិជ្ជមានរបស់គំរោងជាច្រើន ក្នុងការអភិវឌ្ឍន៍ខេត្ដស្ទឹងត្រែង និងខេត្ដកំពង់ចាម” ។ លោកបន្ដថា “គំរោងនេះនឹងអាចចូលរួមដើម្បី កាត់បន្ថយភាពក្រីក្រ និងបង្កើនលទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនី នៅទីជនបទនៅក្នុងខេត្ដទាំងពីរ នេះ”។ លោកមូហិនដា ហ្គោឡាទី ប្រធានគំរោងពាណិជ្ជកម្មថាមពលអគ្គិសនីក្នុងមហាអនុតំបន់ទន្លេ មេគង្គរបស់ធនាគារពិភពលោក មានប្រសាសន៍ថា “ពាណិជ្ជកម្មថាមពលនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចជួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច និងបរិស្ថាន និងធ្វើឱ្យមានស្ថិរភាពថាមពលនៅក្នុង តំបន់នេះ” ។ លោកបន្ដថា “ការជួយប្រទេសនានានៅក្នុងតំបន់ទន្លេមេគង្គឱ្យទទួលបានអត្ថប្រយោជន៍ ទាំងនោះ នឹងបង្កើតលទ្ធភាពទទួលសេវាអគ្គិសនីនៃប្រជាជនក្រីក្របានច្រើនជាងមុន និងជួយគាំទ្រដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ ។
ប្រទេសឡាវ ក៏ជាប្រទេសក្រីក្រមួយនៅក្នុងតំបន់ដែរ ។ ប្រជាជនឡាវមានចំណូលប្រមាណ៤៦០ដុល្លារ អាមេរិក ក្នុងមួយឆ្នាំ ប៉ុន្ដែប្រទេសនេះសំបូរទៅដោយធនធានទឹកនិងរ៉ែ ។ តាមរយៈយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ថាមពលវារីអគ្គិសនីសំរាប់លក់ឱ្យប្រទេសជិតខាងរបស់ខ្លួន បានធ្វើឱ្យប្រជាជនឡាវប្រមាណជិត ៥០ ភាគរយ មានភ្លើងអគ្គិសនីប្រើប្រាស់នាពេលនេះ ហើយប្រទេសនេះកំពុងតែទទួលបានរូបិយប័ណ្ណបរទេស ពីការធ្វើពាណិជ្ជកម្មថាមពលអគ្គិសនី ។ លោកវីរាភុញ វីរ៉ាវង នាយកនៃនាយកដ្ឋានលើកំពស់ និង អភិវឌ្ឍន៍ថាមពលមានប្រសាសន៍ថា “យើងមានភ័ព្វសំណាងដោយសារប្រទេសយើងសំបូរធនធានធម្មជាតិ ហើយយើងកំពុងតែអភិវឌ្ឍន៍ធនធានទាំងនេះប្រកបដោយនិរន្ដរភាព” ។ លោកបន្ដថា “គំរោងនេះ នឹង ជួយយើងក្នុងការផ្គត់ផ្គង់ថាមពលគួរឱ្យទុកចិត្ដបានសំរាប់ប្រជាជនឡាវ ហើយក៏អាចជួយឱ្យយើងមាន លទ្ធភាពសំរាប់ពង្រីកពាណិជ្ជកម្មជាមួយ ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់”។
ក្នុងអំឡុងពេលរៀបចំគំរោងទាំងនេះ ប្រទេសកម្ពុជានិងប្រទេសឡាវបានធ្វើការវិភាគផលប៉ះពាល់ បរិស្ថាន និងសង្គមយ៉ាងក្បោះក្បាយមួយ លើសំណើសាងសង់ប្រព័ន្ធ ខ្សែបញ្ជូនអគ្គិសនីនេះ ក្នុងនោះក៏ មានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយប្រជាជននៅក្នុងតំបន់ប្រតិបត្ដិគំរោង និង អង្គការសង្គម ស៊ីវិលផងដែរ ។ ផលប៉ះពាល់ដល់សង្គម និងបរិស្ថានដែលបានរកឃើញមានកំរិតបន្ដិចបន្ដួចប៉ុណ្ណោះ។ គំរោងថាមពលពាណិជ្ជកម្មអគ្គិសនីមហាអនុតំបន់ទន្លេមេគង្គសង្ឃឹមថា នឹងអាចបញ្ចប់រួចរាល់នាខែសីហា ឆ្នាំ២០១១ នៅប្រទេសកម្ពុជា និងប្រទេសឡាវ ឆ្នាំ២០១៣ ។
Labels: សេដ្ឋកិច្ច