កីឡាករ ភុំ សារ៉ាយ ចាញ់មិនអស់ចិត្ដសុំសងសឹក
រាជធានីភ្នំពេញ ៖ ភុំ សារ៉ាយ អ្នកប្រដាល់នៃក្លឹបរាជសីហ៍ខេត្ដបន្ទាយមានជ័យបានប្រកាសសុំឡើង ប្រកួតសងសឹកជាមួយពេជ្រ សុផាន់ អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ជាថ្មីម្ដងទៀត នៅលើសង្វៀនប៉ុសិ៍្ដលេខ៥នាថ្ងៃអាទិត្យ ទី១០ មិថុនា ខាងមុខនេះ បន្ទាប់ពីបានប្រកួតចាញ់ ពិន្ទុពេជ្រ សុផាន់ យ៉ាងប្រផិតប្រផើយកាលពីសបា្ដហ៍មុនមក ។
សម្រាប់អ្នកទស្សនាភាគច្រើនគេនៅតែមិនសូវមានជំនឿលើសារ៉ាយដដែល ព្រោះថា សារ៉ាយកំលាំងស៊ុហ្វ របស់គេមិនសូវជាខ្លាំងដូចមុនទៀតឡើយ ព្រោះការជួបសុផាន់លើកមុន សារ៉ាយវ៉ៃបានល្អបំផុតត្រឹម ទឹកទី៣ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យ សុផាន់ មានឱកាសវាយសំរុកតាមចិត្ដរហូតដល់ថ្នាក់សារ៉ាយ មិនអាចមានឱកាសតដៃបាននៅក្នុងទឹកទី៤ និងទី៥។ សារ៉ាយជាអ្នកប្រយុទ្ធដែលមានចិត្ដសឿង ហើយ កំលាំងដៃរបស់គេខ្លាំង បើបណ្ដោយឱ្យវាយត្រូវផ្ទួនៗគ្នានោះ ច្បាស់ជាវង្វេងហើយ ប៉ុន្ដែទោះជាយ៉ាងណា ពេលនេះកំលាំងស៊ុហ្វរបស់គេមានការស្រុតចុះជាងមុនឆ្ងាយ មិនដូចសុផាន់ឡើយ ដែលគេមានកំលាំង ស៊ុហ្វបរិបូរណ៍និងល្បិចប្រយុទ្ធខ្ពស់ ទោះជាវ៉ៃដល់ទឹកទី៥ក៏មិនងាយហត់ដែរ ។ តែចំពោះការប្រកួត លើកនេះ គេមិនទាន់ដឹងច្បាស់ទេថា តើសារ៉ាយមានឱកាសសងសឹកបានសំរេចឬក៏អត់នោះទេ ។
យឹម ឌៀប អ្នកប្រដាល់របស់សមាគមកីឡាកងយោធពលខេមរភូមិន្ទត្រូវជួបប្រកួតជាមួយសិង្ហ សាវ៉ន ក្លឹបសិង្ហកីឡា ។ រវាងគូនេះ ក៏ជាអ្នកប្រដាល់ដែលមានប្រវត្ដិ នៅលើសង្វៀនមិនធម្មតាដែរ ។ យឹម ឌៀប មានស្នៀតកណ្ដាប់ដៃល្អបំផុត ប៉ុន្ដែចរិតរបស់គេឆាប់ខឹង ឆាប់ច្រឡោតបន្ដិច នៅពេលណាដែលគូប្រកួត វ៉ៃត្រូវឈឺ ក៏ស្ទុះទៅវាយតបតវិញឱ្យទាន់ចិត្ដ ដែលប្រការនេះគូប្រកួតអាចឆក់យកឱកាសផ្ដួល ឬវាយ ចំគោលដៅបាន ។ ប៉ុន្ដែការមកប៉ះជាមួយសាវ៉នលើកនេះប្រហែលជាគ្មានបញ្ហាឡើយ ទោះបីជាគេមិន ធ្លាប់បានជួបគ្នាពីមុនមកក្ដី ។ សាវ៉នមានថ្វីដៃប្រយុទ្ធល្អគ្រាន់បើ ប៉ុន្ដែចិត្ដរបស់គេមិនធំទេ ។ ម្យ៉ាង វិញទៀតគេគ្រាន់តែជាអ្នកប្រដាល់ជំនាន់ក្រោយម្នាក់ប៉ុណ្ណោះ បើសិនជាចង់ធ្វើការបង្ក្រាបឬតតាំងជាមួយ យឹម ឌៀប នោះប្រហែលជាមិនងាយស្រួលប៉ុន្មានឡើយ ។
សុខ ហ្គាណា ជាអ្នកប្រដាល់ជើងចាស់ ធ្លាប់មានឈ្មោះបោះសំលេងគ្រាន់បើពីមុនមក តែបានបាត់មុខ ពីលើសង្វៀនជាយូរមកហើយ ពេលនេះត្រូវបានគណៈកម្មការរៀបចំ ការប្រកួតធ្វើការផ្គូផ្គងឱ្យជួប ប្រកួតជាមួយ អ៊ឹម ដារ៉ា សមាគមកីឡាកងយោធពលខេមរភូមិន្ទ ។ ហ្គាណាជាអ្នកប្រដាល់ចាស់វស្សា ចំណែកឯដារ៉ាគ្រាន់តែជាអ្នកប្រដាល់ជើងថ្មីម្នាក់ដែលទើបតែលេចមុខនៅលើសង្វៀនប៉ុណ្ណោះ ។ ប៉ុន្ដែមិន អាចមើលស្រាលលើគេបានឡើយព្រោះថា ហ្គាណាបានបាត់មុខពីលើសង្វៀនយូរមកហើយ មិនដឹងថាថ្វីដៃ ប្រយុទ្ធរបស់គេគួរឱ្យទុកចិត្ដដូចមុនទៀតឬយ៉ាងណានោះទេ ។ ដូច្នេះការប្រកួតលើកនេះ អ្នកខ្លាំងឬ ខ្សោយនោះគេនៅមិនទាន់ហ៊ានធ្វើការអះអាងទុកមុនបានឡើយ ទាល់តែចាំដល់ថ្ងៃប្រកួតមកដល់សិនទើប អាចដឹងបាន ។ តើហ្គាណាអាចលុបបំបាត់ពាក្យថា រលកក្រោយច្រានរលកមុខបានទេ?
ក្រៅពីគូខ្លាំងៗខាងលើក៏មានគូជើងថ្មីជាច្រើនគូទៀតដូចជាកីឡាករកែវ គឹមឌៀន ក្លឹបតាព្រហ្មមានជ័យ ជួបប្រកួតជាមួយឡុង ឡាំដា ក្លឹបសាលវ័ន្ដ ។ សូយ ភីរម្យ ក្លឹបតេជោអូដឹម ជួបប្រកួតជាមួយឯម ប៊ុនយី ក្លឹប តាព្រហ្មមានជ័យ ។
Labels: កីឡា
for this post
Leave a Reply