សម្ព័ន្ធទីក្រុងអាស៊ី-ប៉ាស៊ីហ្វិករួមគ្នាប្រឆាំងការប្រកាន់ពូជសាសន៍និងរើសអើង
រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារសាន់វ៉េ នាទីក្រុងភ្នំពេញ ព្រឹកថ្ងៃទី៥ មិថុនា មានរៀបចំបើកកិច្ចប្រជុំ ជាលើកទី១សំរាប់ទីក្រុងភ្នំពេញរបស់គណៈកម្មាធិការទ្រទ្រង់គម្រោង កម្មវិធីបណ្ដោះអាសន្ន នៃសម្ព័ន្ធ ទីក្រុងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករួមគ្នាដើម្បីប្ដេជ្ញាចិត្ដ ប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ និងការរើស អើង ។ កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃដោយគិតចាប់ពីថ្ងៃទី៥ដល់ទី៦មិថុនា ស្ថិតក្រោម អធិបតីភាព លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ មានការចូលរួមពីតំណាងទីក្រុងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលរៀបចំកម្មវិធីដោយសាលាក្រុងភ្នំពេញ និងអង្គការ UNESCO ។
លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ បានថ្លែងថា ទីក្រុងសព្វថ្ងៃមានលក្ខណៈខុសប្លែកពីអតីតកាល យ៉ាងច្រើន ហើយនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនឹងមានមនុស្សប្រមាណ៥០% មករស់នៅក្នុងទីក្រុង ដែលត្រូវទទួលស្វាគមន៍មនុស្សមកពីគ្រប់ទិសទី គ្រប់ជាតិសាសន៍ សាសនាផ្សេងៗពីគ្នា ។ យើងរស់នៅ ជាមួយនិងធ្វើការរួមគ្នា ហើយទីក្រុងក៏អាចជាកន្លែងដែលពោរពេញទៅដោយ សេចក្ដីភ័យខ្លាច ការស្អប់ ខ្ពើម ព្រមទាំងការរើសអើង ឬអាចជាកន្លែងដែលរួមបញ្ចូលអ្វីៗគ្រប់យ៉ាងប្រកបដោយភាពសុខដុមរមនា និងការគោរពគ្នាទៅវិញទៅមក ហើយនឹងអាចជួយសំរួលដល់ការអនុវត្ដន៍ផែនការជាតិ និង អន្ដរជាតិ ដែលបង្កើតឡើងដោយអង្គភាពស្ថាប័នជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលតាមរយៈសកម្មភាពអនុវត្ដជាក់ ស្ដែង។
លោកកែប ជុតិមា បានបន្ថែមថា ទីក្រុងគឺជាកន្លែងមានលក្ខណៈអំណោយផលសំរាប់ប្រយុទ្ធប្រឆាំង នឹងការរើសអើង និងការមិនរាប់រកតាមគ្រប់រូបភាពទាំងអស់ដែលយើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា ទីក្រុងកំពុងប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ហើយតើគួរធ្វើអ្វីខ្លះ ។ ដោយឡែកទីក្រុងភ្នំពេញគឺជាទីក្រុងមួយ មានប្រជាជនរស់នៅចំនួន១លាន ៤សែននាក់ និងមានអត្រាកំណើនប្រជាជនចំនួន៣,២៥%ក្នុងមួយឆ្នាំ។ សកម្មភាពសេដ្ឋកិច្ចកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស បាននឹងកំពុងទាក់ទាញមនុស្សម្នាពីជនបទក្នុងចំនួន កាន់តែច្រើនឡើងៗដែលនិន្នាការនេះទាមទារ ឱ្យមានការបង្កើតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលទីក្រុងភ្នំពេញបានប្ដេជ្ញាចិត្ដឈរលើគោលជំហរ អភិវឌ្ឍន៍ដោយគិតគូរចំពោះបរិស្ថានតាមរយៈការ បង្កើតនូវសួនច្បារ និងតំបន់ពណ៌បៃតងនានាសំរាប់ប្រជាជនមកទស្សនាកំសាន្ដនៅពេលទំនេរពីការងារ។
លោកអភិបាលក្រុងបានបញ្ជាក់ថា សម្ព័ន្ធទីក្រុងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាខ្សែបណ្ដាញនៃសាមគ្គីភាព មួយសំរាប់ប្រឆាំងនឹងការរើសអើងជាលក្ខណៈរចនាសម្ព័ន្ធ ព្រមទាំងការរើសអើងនានានៅក្នុងជីវិត ឯកជន។ សម្ព័ន្ធនេះមានគោលដៅជំរុញឱ្យមានការកសាងភាពជាដៃគូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើស អើង និងការមិនរាប់រកគ្នានៅក្នុងទីក្រុងនៅជុំវិញពិភពលោក ហើយសម្ព័ន្ធទីក្រុងក៏ផ្ដល់ជាវេទិកាមួយ សំរាប់ផ្លាស់ប្ដូរបទពិសោធន៍ផងដែរ ។ ក្នុងនោះរដ្ឋបាលមូលដ្ឋាន ដែលមានឆន្ទៈមោះមុតអាចធ្វើការផ្លាស់ ប្ដូរនូវយុទ្ធសាស្ដ្ររបស់ខ្លួនសំដៅជំរុញឱ្យមានការចូលរួមចំណែកក្នុងសង្គមកាន់តែច្រើនឡើង ពីសំណាក់ ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសហគមន៍នានា ។
Labels: ព្រឹត្ដិការណ៍, សិទ្ធិមនុស្ស
for this post
Leave a Reply