ចេញ-ចូលគុកដូចផ្ទះ សារជាតិពាលគឺនៅតែពាលដដែល
ខេត្ដកំពង់ឆ្នាំង ៖ បើនិយាយពីឈ្មោះ “អាសារ៉ាយ” វិញ ម៉ាខេត្ដកំពង់ឆ្នាំងនរណាក៏គេស្គាល់ដែរ រាប់តាំង ពីមនុស្សចាស់ក្មេង មន្ដ្រីរាជការឡើងទៅ ព្រោះជាក្មេងពាលនរណាឃើញក៏ខ្លាចដែរ តែបើនិយាយពីច្បាប់ វិញ ឈ្មោះនេះចូលគុកដូចផ្ទះទៅហើយ ចេញក្រៅគុកមិនបានយូរទេ។ ឥឡូវគុកស្រែកហៅទៀតហើយ លើកនេះពីបទគំរាមទារប្រាក់ពីអាជីវករលក់ចាប់ហួយ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ដ្រីប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដកំពង់ឆ្នាំងបានប្រាប់ថា នៅវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី១ មិថុនា ឈ្មោះឈឹម រតនៈ ហៅសារ៉ាយ អាយុ២០ឆ្នាំ មានទីលំនៅផ្សារលើ ខេត្ដកំពង់ឆ្នាំង បានទៅគំរាមទារប្រាក់ពីស្ដ្រីឈ្មោះគុយ ហ៊ន អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ត្រញំងបី ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ។ មន្ដ្រីប៉ូលិសឱ្យដឹងទៀតថា នៅថ្ងៃនោះឈ្មោះឈឹម រតនៈ ហៅសារ៉ាយ បានទៅយកនំរបស់ស្ដ្រីឈ្មោះគុយ ហ៊ន ព្រមទាំងគំរាមទារប្រាក់ទៀត បើមិនឱ្យគេនឹងកំទេចរបស់របរ ចាប់ហួយក្នុងផ្ទះឱ្យអស់ ។
ក្នុងបណ្ដឹងរបស់ស្ដ្រីឈ្មោះគុយ ហ៊ន បានរៀបរាប់ថា នេះមិនមែនជាលើកទី១ទេ ដែលឈ្មោះសារ៉ាយ ប្រព្រឹត្ដមកលើរូបគាត់ គឺរយៈពេលបីឆ្នាំហើយ មួយអាទិត្យជួនពីរ ទៅបីដង ហើយជំរិតទារលុយតែម្ដង ធ្វើឱ្យគាត់រកស៊ីមិនកើត ខាតបង់ទ្រព្យសម្បត្ដិខាតមុខខាតក្រោយ ។ លុះលើកនេះគាត់ទ្រាំលែងបានទៀត ហើយ បើវាចេញពីគុកវិញធ្វើអីធ្វើទៅ ព្រោះវាតែងគំរាមថា បើប្ដឹងវាដាក់គុក វាចេញមកវិញ ពិតជាពុំរួចខ្លួនឡើយ ។
នៅចំពោះមុខប៉ូលិស ជនឈ្មោះសារ៉ាយ នេះបានឆ្លើយថា ខ្លួនពិតជាបានយកនំគាត់ហូប និងសុំលុយ ពិតមែន ហើយកន្លងមកពិតជាធ្លាប់ធ្វើបែបនេះលើគ្រួសារគាត់។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply