ស្ដ្រីមេការខារ៉ាអូខេអ៊ិចអូ លោតទឹកសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ស្ដ្រីមេការខារ៉ាអូខេអ៊ិចអូ (X.O) ម្នាក់ បានរត់ចេញពីរថយន្ដម៉ាកឡិចស៊ីស ពណ៌ខ្មៅ មួយគ្រឿង ហើយលោតទឹកសំលាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា។ នៅក្នុងការលោតទឹកសំលាប់ខ្លួននេះ មានស្ដ្រីជាមិត្ដភក្ដិចំនួន២នាក់បានព្យាយាម ចាប់ឃាត់ដែរតែឃាត់ពុំឈ្នះ ។ ស្ដ្រីដែលធ្វើអត្ដឃាតទាំងវ័យក្មេង និងស្រស់ផូរផង់នេះ ត្រូវ បានប៉ូលិសឱ្យដឹងថា ឈ្មោះកែន ធីរីយ៉ា អាយុ២៨ឆ្នាំ បំរើការជាមេការនៅខារ៉ាអូខេអ៊ិចអូ មាន ទីលំនៅតាមផ្លូវសុកហុក សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា និងមានស្រុកកំណើតនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។ ក្រៅពីធ្វើការជាមេការខារ៉ាអូខេហើយនោះ នាងក៏ធ្លាប់ថត ស្ពតនានាជាមួយអង្គការក្រៅរដ្ឋាភិបាលផងដែរ ស្ដីពីការបំបៅកូនដោយទឹកដោះម្ដាយ។ សពនាង កែន ធីរីយ៉ា ត្រូវបានបងប្អូននិងមិត្ដភក្ដិនាំគ្នាជួលអ្នកនេសាទអ៊ិស្លាមជួយរាវរកឃើញនៅប្រមាណជាង២ម៉ោង ក្រោយមក ហើយបានស្រង់យកទៅតំកល់ធ្វើបុណ្យនៅឈាបនដ្ឋានវត្ដព្រះពុទ្ធ ។
ទាក់ទិនការធ្វើអត្ដឃាតគួរឱ្យភ្ញាក់ផ្អើលរបស់ស្ដ្រីជាមេការនេះ គេពុំដឹងពីមូលហេតុអ្វីឡើយ តែគេនិយាយ ថា ប្រហែលជានាងមានវិបត្ដិអ្វីមួយធ្ងន់ធ្ងរហើយបានជានាងពុំចង់រស់តទៅទៀត។ តាមព័ត៌មានខ្លះ សង្ស័យថា នាងអាចមានបញ្ហាអាក់អន់ចិត្ដនឹងម្ចាស់រថយន្ដឡិចស៊ីសនោះ បានជាបើកទ្វាររត់ចេញពីក្នុង រថយន្ដ ហើយទៅលោតទឹកសំលាប់ខ្លួន ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញស្ដ្រី ២នាក់បានប្រវាយប្រតប់គ្នាជាមួយស្ដ្រីរងគ្រោះនៅលើស្ពានជ្រោយចង្វា ហើយស្ដ្រីរងគ្រោះក៏បានលោត ទំលាក់ខ្លួនទៅក្នុងទន្លេតែម្ដង។ ការប្រវាយប្រតប់គ្នានេះមិនមែនជាជម្លោះទេព្រោះតាមសាក្សីថា ស្ដ្រី ទាំង២នាក់ជាមិត្ដភក្ដិបានចាប់ឃាត់ស្ដ្រីម្នាក់នោះ ខណៈដែលនាងព្យាយាមលោតទឹកសំលាប់ខ្លួន តែចាប់ ពុំឈ្នះ។
តាមព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងកែន ធីរីយ៉ា រួមជាមួយមិត្ដភក្ដិ ស្រី២នាក់ទៀតឈ្មោះហេង លីលី អាយុ២៩ឆ្នាំ និងឈ្មោះស្រីណា អាយុ២២ឆ្នាំ បានជិះរថយន្ដឡិចស៊ីស ពណ៌ខ្មៅ ស៊េរីRX300 ជាមួយបុរសម្នាក់ធ្វើដំណើរទៅហូបចុកនៅភោជនីយដ្ឋានខាដូ ស្ថិតតាម ផ្លូវជាតិលេខ6A ក្នុងសង្កាត់ជ្រោយចង្វា ។ នៅពេលហូបចុករួចរាល់ហើយ ក៏បានជិះរថយន្ដនោះត្រឡប់ មកវិញដែលនាងកែន ធីរីយ៉ា ជិះនៅខាងមុខក្បែរបុរសអ្នកបើកបរ ។ តាមព័ត៌មានបន្ដទៀតថា នៅយប់នោះនាងក៏មានទំនាស់ពាក្យសំដីជាមួយបុរសម្ចាស់រថយន្ដ ដែលគេនិយាយថា ប្រហែលជាមាន ការអន់ចិត្ដរឿងអ្វីមួយហើយ ទើបនៅពេលរថយន្ដមកដល់ហួសមុខសណ្ឋាគារ និងខារ៉ាអូខេវ៉ាស៊ិនតោន នាងបានបើកទ្វារចុះពីរថយន្ដនិងស្រែកថា អាប្រុសថោកទាប។ នៅពេលនាងធីរីយ៉ា ចុះពីរថយន្ដមិត្ដភក្ដិ ២នាក់របស់នាងក៏បានចុះមកដែរ ហើយអង្វរឱ្យនាងឡើងរថយន្ដវិញ តែនាងពុំព្រមឡើង ឯរថយន្ដ ឡិចស៊ីសនោះក៏បានបើកទៅបាត់។ តាមព័ត៌មាននេះបន្ដទៀតថា នៅយប់នោះ ស្ដ្រីជាមេការមានការខឹង យ៉ាងខ្លាំង ទោះបីមិត្ដភក្ដិអង្វរក៏ពុំស្ដាប់ ហើយពួកគេទាំងពីរនាក់បានដើររហូតមកដល់លើស្ពានជ្រោយ ចង្វា ស្រាប់តែនាងកែន ធីរីយ៉ា លោតទឹកសំលាប់ខ្លួនតែម្ដង ។
បន្ទាប់ពីការធ្វើអត្ដឃាតគួរឱ្យភ្ញាក់ផ្អើលនេះ ស្ដ្រីជាមិត្ដភក្ដិត្រូវបានប៉ូលិសនាំទៅកាន់ប៉ុស្ដិ៍ជ្រោយចង្វា ដើម្បីសាកសួររកមូលហេតុពិតដែលនាំឱ្យនាងធីរីយ៉ាលោតទឹក ។ សពរបស់នាងធីរីយ៉ា ត្រូវបានបងប្អូន និងមិត្ដភក្ដិជួលអ្នកនេសាទអ៊ិស្លាមរាវរកទាំងយប់ក្នុងតំលៃ៣០០ដុល្លារ និងរាវរកឃើញនៅវេលាម៉ោង ១១និង៤០នាទីយប់ ហើយបញ្ជូនសពទៅតំកល់នៅឈាបនដ្ឋានវត្ដព្រះពុទ្ធ ។ នារីជាមិត្ដភក្ដិទាំងពីរនាក់ បានប្រាប់ប៉ូលិសថា កន្លងមកនាងកែន ធីរីយ៉ា បានព្យាយាមលោតទឹកសំលាប់ខ្លួនជាច្រើនលើកមកហើយ។
ទាក់ទិននឹងការធ្វើអត្ដឃាតនេះ បើតាមនារីជាមិត្ដភក្ដិបានឱ្យដឹងថា ដោយសារតែនាងធីរីយ៉ាតូចចិត្ដ នឹងខ្លួនឯងកើតមកជាកូនអ្នកក្រីក្រនិងមានវិបត្ដិក្នុងគ្រួសារ ព្រមទាំងជំពាក់ប្រាក់គេប្រមាណជាង១ម៉ឺន ដុល្លារ ម្យ៉ាងទៀតនាងធ្លាប់និយាយថា ប្រុសស្នេហ៍របស់នាងនៅតែមិនយល់ចិត្ដនាងទៀត ។ ចំណែក ស្ដ្រីជាម្ដាយនិយាយថា គាត់ពុំបានដឹងថាកូនស្រីរបស់គាត់មានវិបត្ដិអ្វីឡើយ ។
Labels: សន្តិសុខ
for this post
Leave a Reply