ខេត្ដសៀមរាប ៖ យុវសិស្សមួយរូបរៀននៅវិទ្យាល័យ១០មករា នាក្រុងសៀមរាប រស់នៅក្នុងជីវភាព ដ៏លំបាក ព្រោះឪពុកម្ដាយចាស់ជ្រកក្រោមដំបូលផ្ទះជួល ហើយនាងធ្លាក់ខ្លួនឈឺស្គមស្គាំងស្លេកស្លាំង ក្រោកឈរទប់ខ្លួនស្ទើរតែពុំនឹងដោយសារជម្ងឺមហារីកគ្រាប់ឈាម.សស៊ីឈាមក្រហម ប្រៀបដូចជារស់ រង់ចាំសេចក្ដីស្លាប់ តែនាងមិនចង់ស្លាប់។ យុវតីអភ័ព្វនេះឈ្មោះម៉ែន ឧស្សាហ៍ អាយុ២២ឆ្នាំ រៀន ថ្នាក់ទី១១ព នៅវិទ្យាល័យ១០មករា ក្រុងសៀមរាប ជាកូនស្រីទី៤ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៤ ស្រី២) ឪពុកឈ្មោះម៉ែន សុផល អាយុ៧២ឆ្នាំ អតីតមន្ដ្រីបំរើការងារនៅសាលាខេត្ដសៀមរាប ផ្នែករដ្ឋបាល ម្ដាយឈ្មោះហូយ ស៊ូ អាយុ៥៨ឆ្នាំ បច្ចុប្បន្នជួលផ្ទះគេស្នាក់នៅក្នុងភូមិត្រញំងសេះ ឃុំត្រញំងសេះ ស្រុកសៀមរាប ខេត្ដសៀមរាប ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្ដិភាពប្រចាំខេត្ដ ស្ដ្រីជាម្ដាយឈ្មោះហួយ ស៊ូ បានរៀបរាប់ឱ្យដឹងថា កូនស្រីទី៤របស់គាត់ឈ្មោះ ម៉ែន ឧស្សាហ៍នេះត្រូវបានគ្រូពេទ្យពិនិត្យព្យាបាលអះអាងថា កើតជម្ងឺមហារីក គ្រាប់ឈាម.សស៊ីឈាមក្រហម ដែលជម្ងឺនេះកើតមានអស់រយៈពេលជាច្រើនខែមកហើយ ។ កន្លងមក នាងធ្លាប់ដួលចំនួន៣ដងពេលដែលជម្ងឺធ្វើទុក្ខម្ដងៗ ខណៈពេលនាងខំប្រឹងទៅរៀនមិនហ៊ានឈប់ ព្រោះតែ ស្រលាញ់ការសិក្សា និងចង់ប្រលងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ។ ស្ដ្រីជាម្ដាយបានបញ្ជាក់ឱ្យ ដឹងផងដែរថា ជម្ងឺកូនស្រីគាត់នេះទើបតែចាប់ផ្ដើមធ្លាក់ធ្ងន់ក្នុងអំឡុងប្រមាណជា២-៣ខែ នេះប៉ុណ្ណោះ បន្ទាប់ពីដួលជាច្រើនលើកមកនោះ ហើយសព្វថ្ងៃកូនស្រីឈ្មោះម៉ែន ឧស្សាហ៍នេះ គឺរស់បានដោយសារ តែការបញ្ចូលឈាមប៉ុណ្ណោះក្នុងរយៈពេលមួយខែម្ដង នៅមន្ទីរពេទ្យធំបង្អែកខេត្ដសៀមរាប ហើយនៅ ពេលកូនស្រីរបស់គាត់ត្រូវមេរោគស៊ីឈាមក្រហមដែលលោកគ្រូពេទ្យបញ្ចូលឱ្យ ប្រចាំខែអស់ពីខ្លួននោះ គឺជម្ងឺនឹងចាប់ផ្ដើមធ្វើទុក្ខឡើងវិញភ្លាម ។ គាត់បន្ដថា គាត់ជាអាណាព្យាបាលពុំហ៊ានដើរទៅណាចោល ឆ្ងាយទេ ដែលធ្វើឱ្យជីវភាពក្នុងគ្រួសារកាន់តែដុនដាប ព្រោះតែជម្ងឺកូន ឯចំពោះជីវភាពក្នុងគ្រួសារ ប្រចាំថ្ងៃអាស្រ័យដោយសារបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងក្នុងភូមិជួយផ្ដល់ឱ្យជាប្រចាំ និងសង្ឃឹម លើកូនស្រីច្បងម្នាក់បំរើការងារលក់គ្រឿងអនុស្សាវរីយ៍ បានប្រាក់ខែបន្ដិចបន្ដួចសំរាប់ផ្គត់ផ្គង់ថ្លៃជួលផ្ទះ មួយខែ៤០ដុល្លារ និងការហូបចុកថែទាំជម្ងឺប្អូន ។
ចំណែកក្មួយស្រីម៉ែន ឧស្សាហ៍ ដែលមានទឹកមុខស្រងូតស្រងាត់ សាច់ឈាមស្លេកស្លាំង គ្មានទាំង កំលាំងកំហែងគ្រប់គ្រាន់នោះបានរៀបរាប់ឱ្យដឹងថា រូបនាងស្រឡាញ់ និង ស្ដាយការសិក្សារបស់ខ្លួនណាស់ ដែលខំប្រឹងតស៊ូរៀនសូត្រកន្លងមកបានដល់ថ្នាក់ទី១១នៅវិទ្យាល័យ១០មករានោះ តែពេលនេះបែរជាត្រូវ ខកខានរៀនសូត្រដោយសារតែជម្ងឺធ្វើទុក្ខកាន់តែធ្ងន់ធ្ងរឡើង ។ ទន្ទឹមនឹងនោះ ក្មួយស្រីក៏បានរៀបរាប់ ទាំងទឹកភ្នែករលីងរលោងពីបំណងចុងក្រោយរបស់នាងផងដែរ គឺចង់ទៅប្រឡងបាក់ឌុប (មធ្យមសិក្សា ទុតិយភូមិ) នឹងគេនាថ្ងៃខាងមុខឆាប់ៗនេះ ប៉ុន្ដែនាងមិនដឹងថា អាចមានវាសនាបានទៅចូលរួមប្រឡង ដូចមិត្ដភក្ដិដទៃទៀតឬបែបណានោះទេ ។
តាមរយៈកោះសន្ដិភាព អំណោយរបស់សប្បុរសជនជាថវិកាសរុបចំនួន៣០០ដុល្លារ សហរដ្ឋអាមេរិក ត្រូវបានអ្នកយកព័ត៌មានយើងប្រចាំខេត្ដសៀមរាបនាំយកទៅប្រគល់ជូនដល់ក្មួយស្រីម៉ែន ឧស្សាហ៍ ដែល កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជម្ងឺមហារីកឈាម.សស៊ីឈាមក្រហម ព្រមទាំងឪពុកម្ដាយនាងដល់ លំនៅឋានកាលពីព្រឹកថ្ងៃសៅរ៍ទី២៦ ឧសភា កន្លងទៅនេះ ដោយមានការអញ្ជើញចូលរួមផ្ទាល់ផងដែរ ពីសំណាក់សប្បុរសជនក្នុងខេត្ដ មន្ដ្រីអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីប៉ូលិសប៉ុស្ដិ៍ ។ ប្រាក់អំណោយទាំងនេះ បានទទួលពី១-លោកសេង ស៊ុត មេឃុំគោកចក ឧបត្ថម្ភចំនួន៥ដុល្លារ ២-លោកដួងច័ន្ទ វាសនា អាយុ៣១ឆ្នាំ នាយកក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ចំនួន១៥ដុល្លារ ដែលកន្លងមកដោយការអាណិត អាសូរលោកធ្លាប់បានជួយឧបត្ថម្ភចំនួន២០ដុល្លារម្ដងរួចមកហើយ ៣-លោក ឡៅ ពុទ្ធា អាយុ២៩ឆ្នាំ ជាសិប្បករចម្លាក់នៅភូមិត្រញំងសេះ ឃុំគោកចក ស្រុកសៀមរាប ឧបត្ថម្ភចំនួន៥ដុល្លារ។ ដោយឡែក ទឹកប្រាក់៤០ដុល្លារបានទទួលពីលោក សឿន វង្ស រស់នៅរដ្ឋ Anterio ប្រទេសកាណាដា ។ ចំណែក ប្រាក់២៣៥ដុលារទៀត បានទទួលពីបងប្អូនខ្មែរបំរើការងារនៅមជ្ឈមណ្ឌលវប្បធម៌ខ្មែរ ក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក មានរាយនាមខាងក្រោម ៖
១-លោកឃុន ប៊ុនសុន,
២-លោកហួន និងគ្រួសារ,
៣-លោកលឹម ភេង និងគ្រួសារ,
៤-លោកអ៊ឹម ឈិន និងគ្រួសារ,
៥-លោក ភាព,
៦-លោកឈិន និងគ្រួសារ,
៧-លោក ឈួង និងគ្រួសារ,
៨-លោកឈួន និងគ្រួសារ,
៩-បូវី,
១០-ប្រាក់ អៀង,
១១-ឈិន,
១២-ឆាយ,
១៣-បូ,
១៤-លោករួយ ទឹម,
១៥-លោកមុំ សួន,
១៦-ព្រហ្ម ងួន,
១៧-ឆោម រឿនរឿម,
១៨-សុខ នី និងគ្រួសារ,
១៩-ជា សារ៉ាត់ និង គ្រួសារ,
២០-ឃុន,
២១-គន្ធ,
២២-លោក ចាន់ នួន,
២៣-លោកអ៊ុក ផាត និងគ្រួសារ,
២៤-លោកនី លន់ និងគ្រួសារ
ពេលទទួលបានថវិកាចំនួន៣០០ដុល្លារ ដែលជាអំណោយរបស់សប្បុរសជនខាងលើ លោកម៉ែន សុផល ជាឪពុក និងអ្នកស្រីហូយ ស៊ូ ជាម្ដាយ ព្រមទាំងក្មួយស្រីម៉ែន ឧស្សាហ៍ បានថ្លែងអំណរគុណទាំងក្ដី រំភើបរីករាយនឹកស្មានមិនដល់ ជូនចំពោះលោកនាយកសារព័ត៌មានកោះសន្ដិភាព និងសប្បុរសជនជាម្ចាស់ អំណោយថវិកា ដែលមានសន្ដានចិត្ដសប្បុរសធម៌ជួយឧបត្ថម្ភដល់ក្រុមគ្រួសារ ដែលកំពុងតែជួបប្រទះ នឹងការខ្វះខាតគ្មានអ្វីទីពឹងនេះ។ ជាមួយនេះក៏បានសំដែងនូវក្ដីសង្ឃឹមថា ទឹកប្រាក់នេះអាចជួយបន្ដជីវិត បានមួយរយៈពេលទៅមុខទៀត និងសូមបួងសួងដល់បារមីសក្ដិសិទ្ធិក្នុងលោកសូមតាម ជួយដល់ម្ចាស់ទាន ទាំងអស់ឱ្យបានជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
Labels: សុខាភិបាល