ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា១១៣ជជែកគ្នាតឹងតែងជុំវិញការឆែកលំនៅឋាន
រាជធានីភ្នំពេញ ៖ រដ្ឋសភាបានបន្ដពិភាក្សានិងអនុម័តក្រមនីតិវិធីព្រហ្មទណ្ឌ ឈានដល់ថ្ងៃទី៤ហើយ នៅថ្ងៃទី២៨ ខែឧសភា ដោយបានអនុម័តត្រឹមមាត្រា១២០មាតិកាទី៤ ជំពូកទោល ប៉ុន្ដែនៅក្នុងការ ពិភាក្សាលើមាត្រា១១៣ មានការជជែកគ្នារវាងអ្នកតំណាងរាស្ដ្រចំនួន៩១រូប ហើយការអនុម័តមាត្រានេះ បានធ្វើឡើងចំនួនពីរលើក ដែលលើកទី១ មានការគាំទ្រតែ៦១សំលេងលើ៩១សំលេង ដោយសមាជិករដ្ឋ សភាចំនួន៣០រូបមិនយល់ព្រមបន្ទាប់មក សម្ដេចប្រធានរដ្ឋសភាបានប្រកាសឱ្យមានការបោះឆ្នោតគាំទ្រ លើកទី២ និងមានសំលេងគាំទ្រ៧៤លើ៩១ ។
នៅព្រឹកថ្ងៃទី២៨ ខែឧសភានោះ សមាជិករដ្ឋសភាបានពិភាក្សា និងអនុម័តបន្ដទៀត នូវសេចក្ដីព្រាង ច្បាប់ស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ ប៉ុន្ដែការពិភាក្សានៅត្រង់មាត្រា១១៣ ស្ដីពីការឆែកឆេរមានសភាព តានតឹង។ អ្នកតំណាងរាស្ដ្រមួយចំនួនបានដាក់សំណើទៅអង្គសភាសុំធ្វើវិសោធនកម្មលើមាត្រានេះ ប៉ុន្ដែ សម្ដេចប្រធានរដ្ឋសភាមិនយល់ព្រម ដោយសំអាងទៅលើបទបញ្ជាផ្ទៃក្នុង ធ្វើឱ្យសមាជិកប្រមាណ៣០រូប មិនចូលរួមគាំទ្រលើកដៃអនុម័តមាត្រា១១៣នេះ និងមានតំណាងរាស្ដ្រខ្លះបានដើរចេញពីអង្គប្រជុំសភា ទៀតផង ។
លោកម៉ោញ សាផាន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអនុប្រធាន គណៈកម្មការនីតិកម្មនិងយុត្ដិធម៌នៃរដ្ឋសភាបានមានប្រសាសន៍ថា “ទោះបីជាមិនមានសំលេងគាំទ្រនៅ ក្នុងការបោះឆ្នោតគាំទ្រមាត្រា១១៣នោះក្ដី តែវាមិនមែនជាការខ្វែងគំនិតគ្នាអ្វីនោះទេ” ។ យើងចង់ ស្វែងរកការធ្វើវិសោធនកម្មដើម្បីឱ្យច្បាប់នេះវាបំរើប្រជាពលរដ្ឋ បំរើផលប្រយោជន៍ ទូទៅរបស់ពលរដ្ឋ និងបញ្ហាបកស្រាយបទបញ្ជាផ្ទៃក្នុងឱ្យស្រួលទៅវាងាយយល់ហើយ។ លោកបន្ដថា ច្បាប់នេះវាល្អហើយ មានការលំអិត តែនៅពេលដែលលោកបានលើកឡើងនៅក្នុងអង្គសភាក៏ចាប់ផ្ដើមមាន បញ្ហាតែម្ដង ។
លោកបន្ដទៀតថា បើទោះបីជាលើកទី១ សំលេងគាំទ្រ៦១លើ៩១មិនគ្រប់ ៥០%+១ ក៏ដោយ ក៏គេ មិនអាចទុកមាត្រា១១៣នេះជាមោឃៈនោះទេ ត្រូវតែរកវិធីដើម្បីធ្វើការដោះស្រាយ ។ លោកបន្ដដោយ បញ្ជាក់ថា “...ដំណោះស្រាយគឺមានពីរ ដោយយកសំណើរបស់លោកទៅពិភាក្សា និងការហៅមនុស្ស មកថែម”។ លោកបានបន្ដថា សំណើរបស់លោកត្រូវបានលោកងួន ញ៉ិល មានប្រសាសន៍ថា ត្រូវទាត់ ចោលមិនយកមកពិភាក្សាទេ ចាំថ្ងៃស្អែក ។ លោកអះអាងថា “សំណើរបស់លោកជាសំណើជាការប្រញាប់ តែបែរជាលោកអនុប្រធានសភាថា ទាត់ចោល ដែលស្ដាប់ទៅគួរឱ្យឈឺក្បាលណាស់”។
មាត្រា១១៣បានចែងថា កាលណាការស៊ើបអង្កេតបឋមនោះទាក់ទងនឹងបទឧក្រិដ្ឋបទមជ្ឈិម មន្ដ្រីនគរបាល យុត្ដិធម៌អាចធ្វើការឆែកឆេរនិងចាប់វត្ថុតាង។ មន្ដ្រីនគរបាល យុត្ដិធម៌ ជាបឋមត្រូវទទួលការយល់ព្រម ច្បាស់លាស់ និងពិតប្រាកដពីអ្នកកាន់កាប់ទីកន្លែង ។ មាត្រាដដែលបន្ដថា ការយល់ព្រមនេះត្រូវធ្វើ ឡើងជាលាយលក្ខណ៍អក្សរ សរសេរដោយផ្ទាល់ដៃរបស់អ្នកកាន់កាប់ទីកន្លែង ។ មាត្រា១១៣ដដែលឱ្យ ដឹងទៀតថា ក្នុងករណីដែលអ្នកកាន់កាប់ទីកន្លែងអវត្ដមាន ឬបដិសេធការឆែកឆេរ ប្រធានសាលាដំបូង ដែលមានសមត្ថកិច្ចដែនដីអាចចេញដីកាអនុញ្ញាតឱ្យឆែកឆេរតាមការស្នើសុំរបស់ព្រះរាជអាជ្ញា ។
មាត្រា១១៣ដដែលចែងទៀតថា ព្រះរាជអាជ្ញាត្រូវដឹកនាំដោយផ្ទាល់នូវការឆែកឆេរនេះ ។ ការឆែកឆេរ នេះត្រូវធ្វើឡើងនៅចំពោះមុខអ្នកកាន់កាប់ទីកន្លែង ឬបើគ្មានអ្នកកាន់កាប់ទេ ត្រូវធ្វើនៅចំពោះមុខ សាក្សីពីរនាក់ ។ សាក្សីត្រូវចាត់តាំងដោយព្រះរាជអាជ្ញា ហើយសាក្សីមិនអាចជានគរបាល ឬជាកង រាជអាវុធហត្ថដែលជាកំលាំងរួមប្រតិបត្ដិការក្នុងការឆែកឆេរនោះឡើយ ។ ការឆែកឆេរមិនអាចផ្ដើមមុន ម៉ោង៦ព្រឹក និងក្រោយម៉ោង៦ល្ងាចឡើយ ។
លោកកែវ រ៉េមី តំណាងរាស្ដ្រមណ្ឌលភ្នំពេញបានថ្លែងថា “អាណត្ដិទី៣នេះវាយ៉ាប់ជាងអាណត្ដិទី២ ទៅទៀត គ្រាន់តែកែប្រែពាក្យសំដីពុំមានលក្ខណៈនយោបាយទេ គ្រាន់តែលក្ខណៈបច្ចេកទេសកែមិន បានតើអង្គសភាធ្វើអ្វី? លោកបន្ដថា នៅគណៈរដ្ឋមន្ដ្រីបានពិនិត្យម្ដងរួចមកហើយ សួរថា តើច្បាប់នោះ ពេញលេញឬទេ? ចំពោះការអនុម័តមិនមែនចេះតែធ្វើម្ដង ហើយម្ដងទៀតនោះទេ។ លោកបន្ដថា “ខ្ញុំមិនឯកភាពមាតិកាទី៣នេះទេ មាត្រា១១៣...”។ លោកបន្ដថា កាលណាករណីដែលមិនមានការគាំទ្រ ដោយសំលេង ៥០%+១ ទេ យើងត្រូវបង្កើតគណៈកម្មការចំរុះមួយធ្វើការកែប្រែជារូបមន្ដថ្មីមួយ ដាក់ជូន រដ្ឋសភាអនុម័ត។ លោកអះអាងថា “សភាអនុម័តបានតែម្ដងទៀតនោះទេ តែកាលណាធ្លាក់ហើយគេ មិនយកមាត្រាធ្លាក់នោះមកអនុម័តទៀតទេ” លោកជាម យៀប តំណាងរាស្ដ្រមណ្ឌលព្រៃវែងមិនបានធ្វើ អត្ថាធិប្បាយនោះទេ នៅពេលសុំការពន្យល់កាលពីថ្ងៃទី២៨ ខែឧសភានោះ នៅឯមន្ទីររដ្ឋសភាជាតិ ។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌មានប្រសាសន៍ថា “ច្បាប់នេះមានសំណូមពរឱ្យមានការ កែប្រែនូវពាក្យពេចន៍មួយចំនួន ហើយនៅឆ្នាំ២០០៤-២០០៦ មានការកែប្រែជាច្រើនលើកច្រើនសា”។ ឯលោក ឯក សំអុល ប្រធានគណៈកម្មការនីតិកម្ម និងយុត្ដិធម៌ថ្លែងថា “ច្បាប់នេះមានខុសខ្លះនៅ ត្រង់ការដាក់ចំណងជើងនៅមាត្រា ១១៣ឱ្យបានគ្រប់គ្រាន់ ។ នៅពេលឮថា ឆែកឆេរមួយម៉ាត់ មិនដឹងថា ឆែកឆេរនៅពេលណា រឿងអ្វី? បើប្រៀបធៀបទៅនឹងមាត្រា២០នៃច្បាប់ព្រហ្មទណ្ឌអ៊ុនតាក់ និង មាត្រា ១១៣ យើងនេះស្ថិតនៅក្នុងចំណុចទី៣នៃមាត្រា២០នៃច្បាប់អ៊ុនតាក់” ។ លោកបន្ដថា ច្បាប់អ៊ុនតាក់ ចែងថា បើមិនមែនបទល្មើសដែលគេប៉ុនប៉ងជាក់ស្ដែងទេ ការរឹបអូស ការឆែកឆេរ ត្រូវធ្វើនៅមុខ ជនសង្ស័យពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច ។
លោកអង្គ វង្សវឌ្ឍានា បន្ដថា ចំពោះការប្រៀបធៀបច្បាប់យើងទៅនឹងច្បាប់អ៊ុនតាក់ គឺច្បាប់យើង ពេលនេះតឹងរ៉ឹងជាង ព្រោះយើងឱ្យអំណាចទៅព្រះរាជអាជ្ញា ។ ចំពោះការអវត្ដមានអ្នកកាន់កាប់ទីកន្លែង ព្រះរាជអាជ្ញា ត្រូវសុំការអនុញ្ញាតពីប្រធានតុលាការ។ ដូច្នេះហើយ យើងឃើញថា ច្បាប់នេះដូចជា គ្រប់គ្រាន់ហើយ ប៉ុន្ដែមិនមែនថា វាសុក្រឹត១០០%នោះទេ ។ លោកបន្ដថា “វាល្អជាងច្បាប់យើងមុនៗ ទៅទៀត”។ ចំណែកលោក ហ៊ី សុភា រដ្ឋលេខាធិការក្រសួងយុត្ដិធម៌បានមានប្រសាសន៍ថា ការឆែកឆេរ នេះក៏មិនមានមែនន័យថា ឆែកឆេរដើម្បីស្វែងរកបទល្មើសដែរ ពីព្រោះនៅពេលនេះបទល្មើសមានរួច ស្រេចទៅហើយ ។
គួរបញ្ជាក់ថា ទោះបីនៅក្នុងការបោះឆ្នោតលើកទី១មិនមានការគាំទ្របាន ៥០%+១ ក៏ដោយ តែនៅ លើកទី២ មានការបោះឆ្នោតគាំទ្រ មតិកាទី៣ ជំពូកទោល ដោយសំលេងគាំទ្រ៧៤លើ៩១ ហើយរដ្ឋសភា បន្ដពិភាក្សា និងអនុម័តជំពូក និងមាត្រា បន្ដបន្ទាប់ទៀតនៅថ្ងៃទី២៨ ឧសភា នោះ ។
Labels: សន្តិសុខ
for this post
Leave a Reply