ដេញកាប់ចាក់គ្នា អ្នកចាញ់លោតពីលើស្ពានស្លាប់ទើរលើជើងតាង
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានលោតសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សកាលពីយប់ថ្ងៃទី២៦ ឧសភា ខណៈពេលទាល់ច្រកពីការរត់គេចពីគូបដិបក្សដែលដេញតាមវាយសម្លាប់។ ចំពោះការសំរេចចិត្ដទាំងស្លន់ ស្លោលោតទឹកនេះមិនបានធ្លាក់ទៅក្នុងទឹកទន្លេទេ គឺធ្លាក់លើជើងតាងគ្រឹះសរសស្ពាន បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម។ យុវជននោះឈ្មោះសុខ សាន្ដ អាយុ២០ឆ្នាំ ជាសិស្សរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
តាមការបំភ្លឺពីក្រុមគ្រួសាររបស់ឈ្មោះ សុខ សាន្ដ និងការស្រាវជ្រាវរបស់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា នៅយប់កើតហេតុ ឈ្មោះ សុខ សាន្ដ បានទៅផឹកស៊ីនៅភោជនីយដ្ឋានមួយកន្លែងជាប់ព្រំប្រទល់ ខណ្ឌមានជ័យ និងស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ពេលនោះគេបានទាស់ពាក្យសំដីគ្នាជាមួយយុវជន មួយក្រុមរហូតមានការប្រទូស្ដរ៉ាយគ្នាកើតឡើង។ បន្ទាប់មកឈ្មោះសុខ សាន្ដ បានរត់គេច ខណៈគូបដិបក្ស ដេញតាមវាយសម្លាប់ពីក្រោយ ហើយទីបំផុតគេលោតទម្លាក់ខ្លួនពីលើស្ពានព្រះមុនីវង្សតែម្ដង ។
តាមការបំភ្លឺពីឪពុករបស់ឈ្មោះសុខ សាន្ដ ថា កូនរបស់គាត់ចេញពីផ្ទះបាត់តាំងពីព្រលប់ រហូតដល់ម៉ោង ប្រហែល៩យប់ទើបឃើញគេរត់ចូលផ្ទះក្នុងសភាពភ័យស្លន់ស្លោ ។ ទោះជាយ៉ាងណា គេរត់ចេញពីផ្ទះ វិញភ្លាមដោយនិយាយថា “នៅផ្ទះអត់បានទេ ព្រោះមានគេតាមសម្លាប់រូបគេច្រើននាក់ណាស់” ។ ការ និយាយបែបនោះ គាត់ជាឪពុកពុំចាប់អារម្មណ៍ឡើយ ព្រោះស្មានថា កូននិយាយលេង ហើយការរត់ចេញ ពីផ្ទះម្ដងទៀតនោះ ស្មានតែកូនគេចង់ទៅដើរលេងបន្ដទៀត។ លុះដល់ព្រឹកឡើងទើបដឹងថា កូនគាត់ស្លាប់ នៅក្រោមស្ពានមុនីវង្សដូច្នេះវាទាក់ទងនឹងរឿងហេតុដែលគេប្រាប់កាលពីយប់នោះ ។ ទាក់ទិននឹងបញ្ហា នេះ គាត់ទាមទារឱ្យប៉ូលិសមូលដ្ឋានជួយរកយុត្ដិធម៌ឱ្យកូនគាត់ផង ។
ប្រភពព័ត៌មានផ្សេងទៀតនិយាយថា មុនពេលឈ្មោះសុខ សាន្ដ លោតទឹកឃើញមានក្រុមក្មេងស្ទាវ មួយក្រុមជិះម៉ូតូដេញតាមរូបគេ ។ នៅពេលរត់ទាល់ច្រកគេក៏លោតទឹកតែម្ដងទៅ អាចជាការលោតទឹក សម្លាប់ខ្លួនជាងឈរឱ្យគូបដិបក្សវាយសម្លាប់ ។ ពេលគេលោតនោះមិនធ្លាក់ក្នុងទឹកទេ គឺទើរនៅលើ ជើងតាងសរសស្ពាន ។
ទាក់ទិននឹងករណីនេះប្រភពមួយទៀតនិយាយថា ក្នុងចំណោមក្មេងពាលមួយក្រុម ដែលឈ្លោះប្រកែកគ្នា ជាមួយឈ្មោះសុខ សាន្ដ នៅកន្លែងផឹកស៊ីនោះ ក៏មានកូនលោកឧកញ៉ាម្នាក់ នៅខណ្ឌមានជ័យ ត្រើយខាងកើតផងដែរ ។ ប៉ូលិសព្យាយាមលាក់លៀមកូនឧកញ៉ានោះ ដោយសារខ្លាចចំហាយលោក ឪពុក។ បើមានបញ្ហាបែបនេះមែន សមត្ថកិច្ចខណ្ឌមានជ័យពិតជាទន់ជ្រាយណាស់ ក្នុងការបង្ក្រាបក្រុម ជនពាលតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។
Labels: សន្តិសុខ
for this post
Leave a Reply