ជនជាតិដើមភាគតិចកម្ពុជាចូលរួមប្រជុំនៅ អ.ស.ប
រាជធានីភ្នំពេញ ៖ អ្នកតំណាងជនជាតិដើមភាគតិចកម្ពុជា ចំនួនពីររូបបានទៅចូលរួមក្នុងកិច្ចប្រជុំ លើកទី៦នៃវេទិកាអចិន្ដ្រៃយ៍របស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើមភាគតិច នៅបុរីញូវយ៉ក ដែលប្រព្រឹត្ដធ្វើពីថ្ងៃទី១៤ ដល់ទី២៥ ឧសភា កន្លងមក ។ នេះជាលើកទី១ហើយដែលជនជាតិដើម ភាគតិចកម្ពុជាបានទៅចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ ដែលមានអ្នកចូលរួមប្រមាណ២.០០០នាក់ គឺច្រើនជាងបណ្ដាឆ្នាំកន្លងមក។
ក្នុងកិច្ចប្រជុំនេះ ជនជាតិដើមភាគតិចបានលើកឡើងប្រហាក់ប្រហែលគ្នាអំពីការប៉ះពាល់មួយចំនួន ទៅលើ ទីជំរករបស់គេតាមរយៈការធ្វើចំការ រុករករ៉ែ ការសាងសង់ទំនប់វារីអគ្គិសនី ។ល។ ដែលនាំឱ្យបាត់បង់ នូវវប្បធម៌របស់គេ និងធ្វើឱ្យពួកគេកាន់តែក្រីក្រជាងមុន ។ ពួកគេបានទាមទារនៅឯអង្គការសហ ប្រជាជាតិឱ្យរដ្ឋាភិបាលគោរពសិទ្ធិរស់នៅដែលមានចែងនៅក្នុងច្បាប់ធំៗ ជាពិសេស ស្នើសុំឱ្យមានការផ្ដល់ ព័ត៌មាន និងការយល់ព្រមជាមុន មុននឹងធ្វើការអភិវឌ្ឍន៍ដល់កន្លែង ដែលពួកគេកំពុងរស់នៅយ៉ាង សុខសាន្ដ ។
យោងតាមការធ្វើជំរឿនស្ថិតិប្រជាជនឆ្នាំ១៩៩៨ បានបង្ហាញឱ្យដឹងថា ជនជាតិដើមភាគតិចនៅក្នុងប្រទេស កម្ពុជាមានប្រមាណ១៩ម៉ឺននាក់ និងមាន១៧ក្រុមផ្សេងៗគ្នា បើប្រៀបធៀបទៅនឹងប្រទេសជិតខាង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺប្រទេសកម្ពុជាមានជនជាតិដើមភាគតិចតិចជាងគេបំផុត។ ក្នុងលិខិតរបស់ ក្រុមការងារអន្ដរជាតិសំរាប់កិច្ចការជនជាតិដើមភាគតិច ដែលបានផ្ញើជូនវេទិកាអចិន្ដ្រៃយ៍របស់អង្គការ សហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើមភាគតិចបានឱ្យដឹងថា បើទោះបីជាកម្ពុជាមានបទបញ្ញត្ដិគួរជាទី ពេញចិត្ដសំរាប់ជនជាតិដើមភាគតិចដែលមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ក៏ដោយ ប៉ុន្ដែកង្វះខាត នៃការជំរុញឱ្យមានការ អនុវត្ដន៍ច្បាប់បានបណ្ដាលឱ្យជនជាតិដើមភាគតិចទទួលរងគ្រោះ ពីការទាញយក ផលប្រយោជន៍របស់ពួកពាណិជ្ជករ ។ បញ្ហានេះកាន់តែមានការកើនឡើងអំពីការធ្វើពាណិជ្ជកម្មលើព្រៃ នៅតំបន់ខ្ពង់រាប ជាកន្លែងដែលសហគមន៍ជនជាតិដើមភាគតិចធ្លាប់ប្រើប្រាស់ និងគ្រប់គ្រងតាមប្រពៃណី។
បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ក្នុងសន្និសីទកាសែតដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ឧសភា នៅទីស្នាក់ការ អង្គការ NGO FORUM ជនជាតិដើមភាគតិចទាំងពីររូបបាននិយាយថា ក្នុង កិច្ចប្រជុំនៅឯអង្គការសហប្រជាជាតិនោះតាមការ លើកឡើងគឺមានប្រទេសខ្លះបានរំលោភបំពានលើសិទ្ធិ ជនជាតិដើម ។
for this post
Leave a Reply