បកស្បែកជនស្ទាវ៤នាក់អុកឡុករោងចក្រធ្វើស្បែកជើង
សមត្ថកិច្ចប៉ូលិសបង្ហាញមុខជនស្ទាវអុកឡុងរោងចក្រស្បែកជើង ត្រូវដាក់ខ្នោះប្រតែងគ្នា
ខេត្ដកំពង់ស្ពឺ ៖ ជនស្ទាវ៤នាក់ប្រដាប់ដោយដាវវែង ក្នុងចំណោមបក្សពួក៧នាក់ ត្រូវបានសមត្ថកិច្ច ស្រុកសំរោងទងឃាត់ខ្លួន កាលពីថ្ងៃទី២៣ ឧសភា ដោយចោទប្រកាន់ថា បានបង្កទំនាស់ជាមួយ កងសន្ដិសុខរោងចក្រស្បែកជើងមួយនៅខាងលិចផ្សារថ្នល់ទទឹងក្នុងទឹកដីឃុំត្រញំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី២២ ឧសភា កន្លងមក ។
មន្ដ្រីប៉ូលិសព្រហ្មទណ្ឌខេត្ដបានប្រាប់ឱ្យដឹងថា ជនស្ទាវទាំងនេះប្រដាប់ដោយដាវ ដំបង ដុំថ្ម បានបង្កការ អុកឡុកនៅរោងចក្រធ្វើស្បែកជើង ហើយត្រូវចាប់ខ្លួនបាន៤នាក់មាន១-ឈ្មោះកែវ វុធ ភេទប្រុស អាយុ២៣ឆ្នាំ, ២-ឈ្មោះមី សុផល អាយុ៣០ឆ្នាំ, ៣-ឈ្មោះ តូ រី អាយុ២២ឆ្នាំ និង៤-ឈ្មោះជីន សុភ័ក្ដ អាយុ២២ឆ្នាំ ។ ក្មេងពាលទាំង៤នាក់នេះមានលំនៅឋានក្នុងភូមិឧកញ៉ាទេព ឃុំត្រញំងគង ស្រុក សំរោងទង ។
ទាក់ទិននឹងការឃាត់ខ្លួនជនអន្ធពាលទាំង៤នាក់នេះ លោកវរសេនីយ៍ទោសុខ ខេមរិន ទទួលបន្ទុកការងារ ព្រហ្មទណ្ឌបានឱ្យដឹងថា កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី ២២ ឧសភា ក្រុមជនអន្ធពាលចំនួន ៧នាក់ ប្រដាប់ដោយដាវ ដំបង ដុំថ្មបានបង្កទំនាស់ជាមួយក្រុមសន្ដិសុខរោងចក្រធ្វើស្បែកជើង ខាងលិច ផ្សារថ្នល់ទទឹង និងបានវាយបំបែកកញ្ចក់តូបយាមបែកបាក់អស់មួយចំហៀង និងវាយឱ្យក្រុមសន្ដិសុខ រោងចក្រម្នាក់ឈ្មោះណែម បូរី រងរបួសបែក្បាល និងរបួសច្រើនកន្លែងទៀត ដែលបច្ចុប្បន្នសន្ដិសុខ រងគ្រោះបានទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យភ្នំពេញហើយ ។
លោកវរសេនីយ៍ទោសុខ ខេមរិន បានឱ្យដឹងទៀតថា ពេលនេះក្រុមស្ទាវអន្ធពាលចំនួន៣នាក់ទៀត កំពុង ត្រូវបានសមត្ថកិច្ចធ្វើការស្វែងរកចាប់ខ្លួន ។ បច្ចុប្បន្នក្មេងពាលទាំង៤នាក់នេះ រួមទាំងដាវវត្ថុតាង ត្រូវបានបំពេញសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply