ភ្លៀងធ្លាក់ខ្លាំងដើមរដូវនាំជាតិពុលចូលទន្លេ ឡូត៍នេសាទ៣រងគ្រោះព្រោះត្រីងាប់អស់៥៨តោន
ខេត្ដកំពង់ឆ្នាំង ៖ ប៉ុន្មានថ្ងៃថ្មីៗនេះ ទឹកភ្លៀងបានសម្រុកធ្លាក់ខ្លាំងនៅតំបន់មួយចំនួន តាមដងទន្លេក្នុង ខេត្ដកំពង់ឆ្នាំង ហើយទឹកភ្លៀងបានហូរចូលត្រញំង បឹងបួ និងហូរចូលក្នុងទន្លេដោយនាំយកទៅជាមួយ នូវសារធាតុពុលបង្កឱ្យត្រីក្នុងឡូត៍នេសាទមួយចំនួន ងាប់អស់រាប់តោន ដែលបញ្ហានេះជាក្ដីព្រួយបារម្ភ បំផុតរបស់ម្ចាស់ឡូត៍នេសាទ ។
លោកអ៊ឹង គឹមលាង ប្រធានការិយាល័យជលផលនៃមន្ទីរកសិកម្មខេត្ដបានប្រាប់ឱ្យដឹងថា ឡូត៍នេសាទដែល ទទួលរងការខូចខាតដោយត្រីងាប់នោះមានឡូត៍លេខ១ (ស្លត) ឡូត៍លេខ៣ (ពែកគូ) និងឡូត៍លេខ៤ (សាច់ស្ពៃ) ។ ឡូត៍ទាំងបីនេះមានត្រីងាប់សរុបប្រមាណ៥៨តោន ប៉ុន្ដែឡូត៍លេខ៣ (ព្រែកគូ) រងគ្រោះ ធ្ងន់ធ្ងរជាងគេ គឺមានត្រីងាប់ដល់ទៅ៣៥តោនឯណោះ ។ លោក អ៊ឹង គឹមលាង បានប្រាប់ពីលក្ខណៈ បច្ចេកទេសថា កត្ដាទឹកបឹងដែលបង្កជាតិពុលហូរធ្លាក់ចូលទន្លេ បណ្ដាលឱ្យត្រីងាប់បែបនេះ គឺមកពី ទឹកកខ្វក់ដោយសារកាកសំណល់ស្មៅ ចំការដែលប្រជាកសិករបានជម្រះ ឬកន្លែងខ្លះបាញ់ថ្នាំសម្លាប់ស្មៅ ងាប់រលួយ ហើយទឹកពុលនៃស្មៅរលួយទាំងនោះ ហូរធ្លាក់ចូលទន្លេបង្កឱ្យកើតជាអាម៉ូនីញ៉ាក់ និង ឧស្ម័នកាបូនិក ធ្វើឱ្យទឹកមានជាតិពុល ។ ឯករណីមួយទៀត គឺតាមចំការរបស់បងប្អូនកសិករយើងនៅ តាមមាត់ទន្លេបានប្រើប្រាសថ្នាំពុលសម្លាប់សត្វ ដែលក៏ជាកត្ដាបំពុលទឹកផងដែរ ។ ជាទូទៅទឹកមានជាតិ ពុលដែលហូរចុះទន្លេមាន ពណ៌ត្នោត ។
ឡូត៍នេសាទទាំង៣ដែលមានត្រីងាប់ប្រមាណ៥៨តោន ភាគច្រើនគឺត្រីក្លាំងកាយ ត្រីកែស និងត្រីក្រមម ចំណែកត្រីរ៉ស់ ត្រីឆ្ដោ មិនសូវឃើញងាប់ប៉ុន្មានទេ ។ ទោះបីជាបែបណា ព័ត៌មានពីត្រីងាប់នេះ គឺទទួលបានតែពីប្រធានការិយាល័យជលផលប៉ុណ្ណោះ ចំណែកឯម្ចាស់ឡូត៍នេសាទទាំង៣មិនបានផ្ដល់ ព័ត៌មាននោះទេ ប៉ុន្ដែមានមតិខាងក្រៅដែលមិនផ្លូវការប្រាប់ថា ពិតជាមានត្រីងាប់មែនហើយ តែមិនដល់ ប៉ុណ្ណឹងពេកទេអាចជាការបំប៉ោងក៏ថាបានដែរ ។
អត្ថបទ កោះសន្តិភាពLabels: សុខាភិបាល, សេដ្ឋកិច្ច
for this post
Leave a Reply