ស្ដ្រីលក់ស្រាបៀរចូលរួមសិក្ខាសាលារិះរកវិធីសាស្ដ្រជួយខ្លួនឯង
ទិដ្ឋភាពក្នុងសិក្ខាសាលានៅសណ្ឋាគារផារ៉ាន់ដា (រូបថត កោះសន្តិភាព)
រាជធានីភ្នំពេញ ៖ អង្គការកម្ពុជាដើម្បីជួយស្ដ្រីមានវិបត្ដិហៅកាត់ថា CWCC បានរៀបចំសិក្ខា សាលាស្ដីពីសេចក្ដីត្រូវការរបស់ស្ដ្រីលក់ស្រាបៀរកាលពីថ្ងៃទី២៤ ឧសភា នៅសណ្ឋាគារឡាផារ៉ាន់ដា ដោយមានអ្នកតំណាងក្រុមហ៊ុនផលិតស្រាបៀរ អ្នកចែកចាយស្រាបៀរ និងអង្គការក្រៅរដ្ឋាភិបាល ជាច្រើនរូបចូលរួម ។
លោកហឿង សុផុន ប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារតំណាងឱ្យលោកវង សូត រដ្ឋមន្ដ្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចូលរួមជាអធិបតីក្នុងពិធីនោះបានថ្លែងសុន្ទរកថា មានខ្លឹម សារថា សិក្ខាសាលានេះរៀបចំធ្វើឡើងក្នុងគោលបំណងដើម្បីរកឱ្យឃើញនូវសេចក្ដីត្រូវការពិតប្រាកដ របស់ស្ដ្រីលក់ស្រាបៀរ ជាពិសេសគឺដើម្បីជួយពួកនាងឱ្យមានលទ្ធភាពជួយខ្លួនឯងបាន ទាំងសុខភាព ជីវភាព ភាពរើសអើង ភាពមើលងាយ និងការដោះខ្លួនដោយសមរម្យចំពោះការប៉ុនប៉ងមើលងាយ មើល ថោក ពីសំណាក់អតិថិជនមួយចំនួនរបស់ខ្លួន។
លោកបញ្ជាក់ថា ចង់អនុវត្ដការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សក្រុមហ៊ុនផលិតស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយ ស្រាបៀរគ្រប់ប្រភេទ ម្ចាស់ភោជនីយដ្ឋាន រង្គសាល ក្លឹបកំសាន្ដរាត្រី ហាងខារ៉ាអូខេ និងសាធារណជនទាំងអស់ដែលទៅចូលរួម កំសាន្ដសប្បាយ គប្បីរក្សាឱ្យបាននូវអាកប្ប កិរិយា សេចក្ដីថ្លៃថ្នូរ និងធានាបាននូវប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែររក្សាទុក ។
លោកស្រីអ៊ុង ច័ន្ទថុល នាយិកាប្រតិបត្ដិអង្គការកម្ពុជាដើម្បីជួយស្ដ្រីមានវិបត្ដិបានថ្លែងថា សិក្ខា សាលានេះរៀបចំឡើងដើម្បីចូលរួមចំណែកជាមួយគោលនយោបាយរាជរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងការ ធ្វើឱ្យស្ថានភាពស្ដ្រីលក់ស្រាបៀរមានភាពប្រសើរជាងមុន ។ នៅចុងបញ្ចប់នៃសិក្ខាសាលាសង្ឃឹមថា នឹងមានការយល់ដឹង និងប្រមូលព័ត៌មាន ដែលទាក់ទងទៅនឹងផែនការសុវត្ថិភាព សំរាប់ស្ដ្រីលក់ស្រាបៀរ និងអាចកែលំអ ចំពោះទស្សនៈរើសអើងដែលគេតែងយល់ថា ស្ដ្រីលក់ស្រាបៀរទាំងអស់សុទ្ធតែជាស្ដ្រី ដែលបំរើសេវាផ្លូវភេទ និងចង់សប្បាយ ។
លោកស្រីបញ្ជាក់ថា អង្គការកម្ពុជាដើម្បីជួយស្ដ្រីមានវិបត្ដិបានបង្កើតឡើងកាលពី ឆ្នាំ១៩៩៧ ដោយសារ មើលឃើញនូវអំពើហិង្សាលើស្ដ្រី និងកុមារមានសភាពធ្ងន់ធ្ងរ និងមានកង្វះខាតសេវាកម្មជួយដល់ស្ដ្រី និង កុមាររងគ្រោះដោយអំពើហិង្សាទាំងអស់នោះ ។ ទស្សនៈអង្គការកម្ពុជាដើម្បីជួយ ស្ដ្រីមានវិបត្ដិ គឺលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារដើម្បីឱ្យទទួលបាននូវសមភាព និង សន្ដិភាព ។ បេសកកម្ម របស់អង្គការ គឺជួយស្ដ្រី និងកុមារឱ្យចាកផុតពីអំពើហិង្សាក្នុង គ្រួសារការជួញដូរ និងការរំលោភសេព សន្ថវៈ ជាពិសេសគឺដើម្បីឱ្យចេះជួយខ្លួនឯងតែម្ដង ។
សិក្ខាសាលាបានណែនាំស្ដ្រីលក់ស្រាបៀរ ឱ្យចេះនិយាយយ៉ាងណាឱ្យភ្ញៀវទទួលយកបាន ក្នុងការប្រកែក មិនព្រមអង្គុយជិតភ្ញៀវ និងត្រូវមានសេចក្ដីក្លាហានហ៊ានប្ដឹងចំពោះបុរសទាំងឡាយ ដែលបំពារបំពាន រំលោភបំពានលើនារីភេទទៅសមត្ថកិច្ច ហើយបើសិនមិនចេះរកកន្លែងប្ដឹងទេនោះ គឺត្រូវរត់រកអង្គការ កម្ពុជាដើម្បីជួយស្ដ្រីមានវិបត្ដិដើម្បីឱ្យជួយ ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ, សុខាភិបាល, សេដ្ឋកិច្ច
for this post
Leave a Reply