<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ឆេះ​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​អង្គស្នួល​ងាប់​មាន់​ជាង​៤​ពាន់​ក្បាល

ខេត្ដកណ្ដាល ៖ រោង​ចិញ្ចឹម​មាន់នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បណ្ដាល​ឱ្យ​ងាប់​មាន់​អស់​ជាង​៤.០០០​ក្បាល ព្រមទាំង​សម្ភារៈ​ប្រើប្រាស់ និង​ចំណី​សំរាប់​ទុក​ឱ្យ​មាន់​ស៊ី ជា​ច្រើន​បាវ​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា នៅ​កសិដ្ឋាន​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​លាក់​កូប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ ម្ចាស់​កសិដ្ឋាន ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ប៉ុន្ដែ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ឈ្មោះ អ៊ុ​ច ប៉ុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ប៉ូលិស​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា រោង​ចិញ្ចឹម​មាន់​ខាងលើ​នោះ​ធ្វើ​អំពី​ឈើ ប្រក់​ស្បូវ ទំហំ​៨​ម៉ែត្រ x ៥០​ម៉ែត្រ ដែល​សាងសង់​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិឋាន​ប្រជាពលរដ្ឋ ហើយ​ត្រឹមតែ មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ ។ នៅ​ក្នុង​រោង​មាន់​នោះ ក៏​មាន​ធ្វើ​កន្លែង​សំរាប់ អ្នក​មើល​ការ​ខុស​ត្រូវ​ស្នាក់​នៅ​ផង​ដែរ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​ចំណាស់​អ្នក​មើល​ការ​ខុស​ត្រូវ បាន​ដឹកគោ​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ ដោយ​ទុក​ចៅប្រុស​របស់​គាត់​ម្នាក់​អាយុ​៦​ឆ្នាំ ឱ្យ​នៅ​ក្នុង​រោង​មាន់​នោះ តែ​ម្នាក់ឯង​។ កន្លែង​ដែល​គាត់​ចង​គោ នៅ​មិន​ឆ្ងាយ​ពី​រោង​មាន់​ប៉ុន្មាន​ទេ គឺ​នៅ​ក្នុង​បរិវេណ​កសិដ្ឋាន នោះ​ដែរ​។ ពេល​កំពុង​តែ​ចង​គោ ស្រាប់តែ​ឮ​ចៅប្រុស​ស្រែកហៅ និង​ប្រាប់​ថា ភ្លើង​ឆេះ​រោង​មាន់ ពេល​គាត់ ក្រឡេក​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ។​

ប្រភព​ដដែល​បាន​បន្ដ​ថា ក្នុង​ខណៈនោះ​គាត់​បាន​យក​ចៅ​ចេញពី​ក្នុង​រោង ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ស្លាប់ ហើយ ពុំ​មានការ​ជួយ​អន្ដរាគមន៍​ពន្លត់​ភ្លាមៗ​នោះ​ទេ ព្រោះ​កសិដ្ឋាន​នៅ​ដាច់​ឆ្ងាយ​ពី​គេ ទំ​រាំ​តែ​មានការ​ភ្ញាក់ផ្អើល ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ​។ ពេល​នោះ​មាន់នៅ​ក្នុង​ទ្រុង​មួយ​ចំនួន​ធំ​បាន​ងាប់​ក្នុង​ភ្លើង ឯ​មួយ​ចំនួន តូច​បាន​ហើរ និង​រត់​ចេញ​រួច ប៉ុន្ដែ​ចំពោះ​ឧបករណ៍​សំរាប់​ចិញ្ចឹម​មាន់ និង​ចំណី​សំរាប់​ឱ្យ​មាន់​ស៊ី​ត្រូវ​ក្លាយជា ចំណី​ភ្លើង​ទាំងអស់ ។ ក្រោយ​ពេល​កើតហេតុ​រោង​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ទំហំ​៨​ម៉ែត្រ x ៥០​ម៉ែត្រ ទូរទស្សន៍ ស​-​ខ្មៅ​១​គ្រឿង អា​គុយ​ចំនួន​៣ ធុង​ហ្គា​ស់​២ ចំណី​ស្ដុក​ទុក​សំរាប់​ឱ្យ​មាន់​ស៊ី​ចំនួន​៦៥​បាវ ឧបករណ៍​សំរាប់ ចិញ្ចឹម​មាន់ ព្រមទាំង​មាន់​ចំនួន​ជាង​៤​ពាន់​ក្បាល​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ។​

មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​សន្និដ្ឋាន គ្រោះ​អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ចៅប្រុស​របស់​បុរស អ្នក​មើល​ការ​ខុស​ត្រូវ លេង​ភ្លើង​ឬ​លេង​ចង្ក្រានហ្គាស់ ព្រោះ​ក្នុង​ខណៈ​ពេល​នោះ​ភ្លើង​បាន​ឆាបឆេះ​ចេញពី កន្លែង​ដែល​គាត់​ស្នាក់​នៅ​តែ​ម្ដង ។ មាន់​នោះ​គេ​ចិញ្ចឹម​រយៈពេល​ត្រឹមតែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ នឹង​ដល់​ពេល​ត្រូវ លក់​ហើយ ប៉ុន្ដែ​ពេល​នេះ ទើបតែ​បាន​៣៥​ថ្ងៃ គឺ​នៅ​សល់​១០​ថ្ងៃ​ទៀត ទើប​ដល់​ពេល​ត្រូវ​ចាប់​លក់ ក៏​ត្រូវ​ក្លាយជា​ចំណី​អគ្គី​ភ័យ​អស់ សូ​ម្បី​តែ​សល់​សាច់​ក៏​គ្មាន​ដែរ ក្រៅពី​ក្លាយជា​ផេះ​នោះ ។​

Labels: ,

 
 

ទារិកាចម្លែកដៃម្ខាងៗមានម្រាម៦ជើងឆ្វេងម្រាម៦សរុបមានម្រាម២៣

ខេត្ដតាកែវ ៖ ប្រជាពលរដ្ឋភូមិព្រៃព្រំ ឃុំរកាក្នុង ស្រុកដូនកែវ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេល ឃើញអ្នកភូមិម្នាក់ឈ្មោះ ខាត់ ផល្លី អាយុ៣៩ឆ្នាំ សំរាលកូនមកមានលក្ខណៈខុសប្លែកពីគេ ដោយ មានដងខ្លួនមុខមាត់ដូចគេដូចឯង តែដៃទាំង២ម្ខាងៗមានម្រាមរហូតដល់ទៅ៦ និងជើងខាងស្ដាំមានម្រាម ៦ដែរ ដែលខុសពីជើងខាងឆ្វេងមានម្រាមត្រឹម៥ប៉ុណ្ណោះ ប៉ុន្ដែមេជើងទាំងខាងស្ដាំ ទាំងខាងឆ្វេង បានកន្ធែកចេញពីម្រាមយ៉ាងខ្លាំង ។

និយាយរៀបរាប់ពីកូនស្រីដែលមានលក្ខណៈចម្លែកប្រាប់អ្នកយកព័ត៌មានកោះសន្ដិភាពស្ដ្រីឈ្មោះខាត់ ផល្លី អាយុ៣៩ឆ្នាំ បានឱ្យដឹងថា ក្រោយពីបានរៀបការជាមួយប្ដីឈ្មោះសូរ វិចិត្រ អាយុ៣៨ឆ្នាំមក រូបគាត់ មានកូន៤នាក់ហើយ បើបូករួមទាំងកូនស្រី ដែលមានម្រាមជើងម្រាមដៃខុសគេនេះ ។ ស្ដ្រីជាម្ដាយបានឱ្យ ដឹងទៀតថា ដោយសារការមានកូនច្រើនបែបនេះធ្វើឱ្យជីវភាពគ្រួសារគាត់ ស្ថិតនៅក្រោមបន្ទាត់ក្រីក្រ ដោយរកបានព្រឹកខ្វះល្ងាចរកបានល្ងាចខ្វះព្រឹក ។ ចំពោះកូនស្រីទី៤ នេះបានកើតមក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៧ វេលាម៉ោង៣ទៀបភ្លឺ ដែលពេលឃើញកូនមានម្រាមដៃ ម្រាមជើងខុសប្លែក ពីគេដូច្នេះ ទាំងរូបគាត់ និងប្ដីមានការអាណិតអាសូររូបគេខ្លាំងណាស់ ពីព្រោះនឹកគិតទៅដល់អនាគត របស់គេ មិនដឹងជាយ៉ាងណានោះទេ ពេលដែលគេធំពេញរូបពេញរាងនោះ ។

អ្នកស្រីខាត់ ផល្លី បានឱ្យដឹងទៀតថា មុនពេលមានគភ៌កូនស្រីនេះ រូបគាត់បានយល់សប្ដិឃើញ ព្រះពុទ្ធ ប្រោសប្រទានខ្សែ.ក១ខ្សែ ឱ្យគាត់នៅលើកំពូលភ្នំនាទិសនិរតី លុះដល់ពេលគាត់ចុះពីលើកំពូលភ្នំវិញ បានជួបនឹងយាយម៉ៅ ដែលពេលនោះយាយម៉ៅបានបំពាក់ខ្សែ.កឱ្យគាត់ចំនួន២ខ្សែ ជាក្បាច់អង្គាដី ។ នៅ ពេលភ្ញាក់ដឹងខ្លួនឡើង គាត់អរខ្លាំងណាស់ បានយករឿងយល់សប្ដិនេះទៅជំរាបជូនប្ដីនិងឪពុកម្ដាយ ដែល ទាំងអស់គ្នានឹកគិតថា កូនក្នុងផ្ទៃរបស់គាត់នេះពិតជាមានរូបឆោមលោមពណ៌ល្អ និងមានអនាគតអាចយិត យោងក្រុមគ្រួសារឱ្យមានភាពថ្កុំថ្កើនជាមិនខាន តែឥឡូវនេះពួកគាត់ប្រែជាអស់សង្ឃឹមទៅវិញហើយ។ ប៉ុន្ដែទោះបីជាមានការខ្វះខាតផ្នែកជីវភាពយ៉ាងណាក៏ដោយ ក៏កូនស្រីចម្លែកមួយនេះគាត់មិនបោះបង់ការ ស្រឡាញ់ជាដាច់ខាត ។

Labels:

 
 

យុវ​សិស្ស​នារី​កើត​មហារីក​គ្រាប់​ឈាម​ទទួល​អំណោយ​សប្បុរសជន​តាម​រយៈ​កោះសន្ដិភាព

ខេត្ដសៀមរាប ៖ យុវ​សិស្ស​មួយ​រូប​រៀន​នៅ​វិទ្យាល័យ​១០​មក​រា នា​ក្រុង​សៀមរាប រស់នៅ​ក្នុង​ជីវភាព ដ៏​លំបាក ព្រោះ​ឪពុក​ម្ដាយ​ចាស់​ជ្រក​ក្រោម​ដំបូលផ្ទះ​ជួល ហើយ​នាង​ធ្លាក់ខ្លួន​ឈឺ​ស្គមស្គាំង​ស្លេកស្លាំង ក្រោកឈរ​ទប់ខ្លួន​ស្ទើរតែ​ពុំនឹង​ដោយសារ​ជម្ងឺមហារីក​គ្រាប់​ឈាម​.​ស​ស៊ី​ឈាមក្រហម ប្រៀប​ដូច​ជា​រស់ រង់ចាំ​សេចក្ដីស្លាប់ តែ​នាង​មិន​ចង់​ស្លាប់​។ យុវតី​អភ័ព្វ​នេះ​ឈ្មោះ​ម៉ែ​ន ឧស្សាហ៍ អាយុ​២២​ឆ្នាំ រៀន ថ្នាក់​ទី​១១​ព នៅ​វិទ្យាល័យ​១០​មក​រា ក្រុង​សៀមរាប ជា​កូនស្រី​ទី​៤​ក្នុង​ចំណោម​បងប្អូន​៦​នាក់ (​ប្រុស​៤ ស្រី​២) ឪពុក​ឈ្មោះ​ម៉ែ​ន សុផល អាយុ​៧២​ឆ្នាំ អតីតមន្ដ្រី​បំរើ​ការងារ​នៅ​សាលាខេត្ដ​សៀមរាប ផ្នែក​រដ្ឋបាល ម្ដាយ​ឈ្មោះ​ហូ​យ ស៊ូ អាយុ​៥៨​ឆ្នាំ បច្ចុប្បន្ន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ក្នុងភូមិ​ត្រ​ញំ​ង​សេះ ឃុំ​ត្រ​ញំ​ង​សេះ ស្រុក​សៀមរាប ខេត្ដសៀមរាប ។

​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ប្រចាំ​ខេត្ដ ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ​ហួយ ស៊ូ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូនស្រី​ទី​៤​របស់​គាត់​ឈ្មោះ ម៉ែ​ន ឧស្សាហ៍​នេះ​ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​អះអាង​ថា កើត​ជម្ងឺមហារីក គ្រាប់​ឈាម​.​ស​ស៊ី​ឈាមក្រហម ដែល​ជម្ងឺ​នេះ​កើត​មាន​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។ កន្លង​មក នាង​ធ្លាប់​ដួល​ចំនួន​៣​ដង​ពេល​ដែល​ជម្ងឺ​ធ្វើទុក្ខ​ម្ដងៗ ខណៈ​ពេល​នាង​ខំប្រឹង​ទៅ​រៀន​មិន​ហ៊ាន​ឈប់ ព្រោះតែ ស្រលាញ់​ការ​សិក្សា និង​ចង់​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ ។ ស្ដ្រី​ជា​ម្ដាយ​បាន​បញ្ជាក់​ឱ្យ ដឹងផង​ដែរ​ថា ជម្ងឺ​កូនស្រី​គាត់​នេះ​ទើបតែ​ចាប់ផ្ដើម​ធ្លាក់​ធ្ងន់​ក្នុង​អំឡុង​ប្រមាណ​ជា​២-៣​ខែ នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​ដួល​ជា​ច្រើន​លើក​មក​នោះ ហើយ​សព្វថ្ងៃ​កូនស្រី​ឈ្មោះ​ម៉ែ​ន ឧស្សាហ៍​នេះ គឺរ​ស់បាន​ដោយសារ តែ​ការ​បញ្ចូល​ឈាម​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ខែ​ម្ដង នៅ​មន្ទីរពេទ្យ​ធំ​បង្អែក​ខេត្ដសៀមរាប ហើយ​នៅ ពេល​កូនស្រី​របស់​គាត់​ត្រូវ​មេរោគ​ស៊ី​ឈាមក្រហម​ដែល​លោកគ្រូ​ពេទ្យ​បញ្ចូល​ឱ្យ ប្រចាំខែ​អស់ពី​ខ្លួន​នោះ គឺ​ជម្ងឺ​នឹង​ចាប់ផ្ដើម​ធ្វើទុក្ខ​ឡើង​វិញ​ភ្លាម ។ គាត់​បន្ដ​ថា គាត់​ជា​អាណាព្យាបាល​ពុំ​ហ៊ាន​ដើរទៅ​ណា​ចោល ឆ្ងាយ​ទេ ដែល​ធ្វើ​ឱ្យ​ជីវភាព​ក្នុង​គ្រួសារ​កាន់តែ​ដុនដាប ព្រោះតែ​ជម្ងឺ​កូន ឯ​ចំពោះ​ជីវភាព​ក្នុង​គ្រួសារ ប្រចាំ​ថ្ងៃ​អាស្រ័យ​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាងក្នុង​ភូមិ​ជួយ​ផ្ដល់​ឱ្យ​ជា​ប្រចាំ និង​សង្ឃឹម លើ​កូនស្រី​ច្បង​ម្នាក់​បំរើ​ការងារ​លក់​គ្រឿង​អនុស្សាវរីយ៍ បាន​ប្រាក់ខែ​បន្ដិចបន្ដួច​សំរាប់​ផ្គត់ផ្គង់​ថ្លៃ​ជួល​ផ្ទះ មួយ​ខែ​៤០​ដុល្លារ និង​ការ​ហូប​ចុក​ថែទាំ​ជម្ងឺ​ប្អូន ។​

ចំណែក​ក្មួយ​ស្រី​ម៉ែ​ន ឧស្សាហ៍ ដែល​មាន​ទឹកមុខ​ស្រងូតស្រងាត់ សាច់ឈាម​ស្លេកស្លាំង គ្មាន​ទាំង កំលាំងកំហែង​គ្រប់គ្រាន់​នោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូប​នាង​ស្រឡាញ់ និង ស្ដាយ​ការ​សិក្សា​របស់​ខ្លួន​ណាស់ ដែល​ខំប្រឹង​តស៊ូ​រៀនសូត្រ​កន្លង​មក​បាន​ដល់​ថ្នាក់​ទី​១១​នៅ​វិទ្យាល័យ​១០​មក​រា​នោះ តែ​ពេល​នេះ​បែរជា​ត្រូវ ខកខាន​រៀនសូត្រ​ដោយសារ​តែ​ជម្ងឺ​ធ្វើទុក្ខ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ ទន្ទឹម​នឹង​នោះ ក្មួយ​ស្រី​ក៏​បាន​រៀបរាប់ ទាំង​ទឹកភ្នែក​រលីងរលោង​ពី​បំណង​ចុង​ក្រោយ​របស់​នាង​ផង​ដែរ គឺ​ចង់ទៅ​ប្រឡង​បាក់​ឌុ​ប (​មធ្យមសិក្សា ទុតិយភូមិ​) នឹង​គេ​នា​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ ប៉ុន្ដែ​នាង​មិនដឹង​ថា អាច​មាន​វាសនា​បាន​ទៅ​ចូលរួម​ប្រឡង ដូច​មិត្ដភក្ដិ​ដទៃ​ទៀត​ឬ​បែប​ណា​នោះ​ទេ ។​

តាម​រយៈ​កោះសន្ដិភាព អំណោយ​របស់​សប្បុរសជន​ជា​ថវិកា​សរុប​ចំនួន​៣០០​ដុល្លារ សហរដ្ឋអាមេរិក ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​យើង​ប្រចាំ​ខេត្ដសៀមរាប​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ក្មួយ​ស្រី​ម៉ែ​ន ឧស្សាហ៍ ដែល កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយសារ​ជម្ងឺមហារីក​ឈាម​.​ស​ស៊ី​ឈាមក្រហម ព្រមទាំង​ឪពុក​ម្ដាយ​នាង​ដល់ លំនៅ​ឋាន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៦ ឧសភា កន្លង​ទៅ​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ផ្ទាល់​ផង​ដែរ ពី​សំណាក់​សប្បុរសជន​ក្នុង​ខេត្ដ មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍ ។ ប្រាក់​អំណោយ​ទាំងនេះ បាន​ទទួល​ពី​១-​លោក​សេង ស៊ុត មេឃុំ​គោក​ចក ឧបត្ថម្ភ​ចំនួន​៥​ដុល្លារ ២-​លោក​ដួង​ច័ន្ទ វាសនា អាយុ​៣១​ឆ្នាំ នាយក​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ចំនួន​១៥​ដុល្លារ ដែល​កន្លង​មក​ដោយ​ការ​អាណិត អាសូរ​លោក​ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​ចំនួន​២០​ដុល្លារ​ម្ដង​រួច​មក​ហើយ ៣-​លោក ឡៅ ពុទ្ធា អាយុ​២៩​ឆ្នាំ ជា​សិប្បករ​ចម្លាក់​នៅ​ភូមិ​ត្រ​ញំ​ង​សេះ ឃុំ​គោក​ចក ស្រុក​សៀមរាប ឧបត្ថម្ភ​ចំនួន​៥​ដុល្លារ​។ ដោយឡែក ទឹកប្រាក់​៤០​ដុល្លារ​បាន​ទទួល​ពី​លោក សឿ​ន វង្ស រស់នៅ​រដ្ឋ Anterio ប្រទេស​កា​ណា​ដា ។ ចំណែក ប្រាក់​២៣៥​ដុលារ​ទៀត បាន​ទទួល​ពី​បងប្អូន​ខ្មែរ​បំរើ​ការងារ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ ក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក មាន​រាយ​នាម​ខាងក្រោម ៖
១-​លោក​ឃុន ប៊ុ​ន​សុ​ន​,
២-​លោក​ហួ​ន និង​គ្រួសារ​,
៣-​លោក​លឹ​ម ភេ​ង និង​គ្រួសារ​,
៤-​លោក​អ៊ឹម ឈិ​ន និង​គ្រួសារ​,
៥-​លោក ភាព​,
៦-​លោក​ឈិ​ន និង​គ្រួសារ​,
៧-​លោក ឈួ​ង និង​គ្រួសារ​,
៨-​លោក​ឈួ​ន និង​គ្រួសារ​,
៩-​បូ​វី​,
១០-​ប្រាក់ អៀង​,
១១-​ឈិ​ន​,
១២-​ឆាយ​,
១៣-​បូ​,
១៤-​លោក​រួយ ទឹម​,
១៥-​លោក​មុំ សួន​,
១៦-​ព្រហ្ម ងួ​ន​,
១៧-​ឆោម រឿ​ន​រឿ​ម​,
១៨-​សុខ នី និង​គ្រួសារ​,
១៩-​ជា សា​រ៉ាត់ និង គ្រួសារ​,
២០-​ឃុន​,
២១-​គន្ធ​,
២២-​លោក ចាន់ នួន​,
២៣-​លោក​អ៊ុ​ក ផាត និង​គ្រួសារ​,
២៤-​លោក​នី លន់ និង​គ្រួសារ

ពេល​ទទួល​បាន​ថវិកា​ចំនួន​៣០០​ដុល្លារ ដែល​ជា​អំណោយ​របស់​សប្បុរសជន​ខាងលើ លោក​ម៉ែ​ន សុផល ជា​ឪពុក និង​អ្នកស្រី​ហូ​យ ស៊ូ ជា​ម្ដាយ ព្រមទាំង​ក្មួយ​ស្រី​ម៉ែ​ន ឧស្សាហ៍ បាន​ថ្លែងអំណរគុណ​ទាំង​ក្ដី រំភើប​រីករាយ​នឹក​ស្មាន​មិន​ដល់ ជូន​ចំពោះ​លោកនាយក​សារព័ត៌មាន​កោះសន្ដិភាព និង​សប្បុរសជន​ជា​ម្ចាស់ អំណោយ​ថវិកា ដែល​មាន​សន្ដាន​ចិត្ដ​សប្បុរសធម៌​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ ដែល​កំពុង​តែ​ជួប​ប្រទះ នឹង​ការ​ខ្វះខាត​គ្មាន​អ្វី​ទីពឹង​នេះ​។ ជាមួយ​នេះ​ក៏​បាន​សំដែង​នូវ​ក្ដី​សង្ឃឹមថា ទឹកប្រាក់​នេះ​អាច​ជួយ​បន្ដជីវិត បាន​មួយ​រយៈពេល​ទៅ​មុខ​ទៀត និង​សូម​បួងសួង​ដល់​បារមី​សក្ដិ​សិទ្ធិ​ក្នុង​លោក​សូម​តាម ជួយ​ដល់​ម្ចាស់​ទាន ទាំងអស់​ឱ្យ​បាន​ជួប​តែ​សេចក្ដីសុខ និង​ពុទ្ធ​ពរ​ទាំង​៥​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

Labels:

 
 

ភ្លៀង​ធ្លាក់​ខ្លាំង​ដើមរដូវ​នាំ​ជាតិពុល​ចូល​ទន្លេ​ ​ឡូត៍​នេសាទ​៣​រង​គ្រោះ​ព្រោះ​ត្រី​ងាប់​អស់​៥៨​តោន

ខេត្ដកំពង់ឆ្នាំង ៖ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ទឹកភ្លៀង​បាន​សម្រុក​ធ្លាក់​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន តាម​ដង​ទន្លេ​ក្នុង ខេត្ដកំពង់ឆ្នាំង ហើយ​ទឹកភ្លៀង​បាន​ហូរ​ចូល​ត្រ​ញំ​ង បឹងបួ និង​ហូរ​ចូល​ក្នុង​ទន្លេ​ដោយ​នាំ​យក​ទៅ​ជាមួយ នូវ​សារធាតុពុល​បង្ក​ឱ្យ​ត្រី​ក្នុង​ឡូត៍​នេសាទ​មួយ​ចំនួន ងាប់​អស់​រាប់​តោន ដែល​បញ្ហា​នេះ​ជា​ក្ដី​ព្រួយបារម្ភ បំផុត​របស់​ម្ចាស់​ឡូត៍​នេសាទ ។

​លោក​អ៊ឹ​ង គឹ​ម​លាង ប្រធាន​ការិយាល័យ​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្ដ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឡូត៍​នេសាទ​ដែល ទទួល​រង​ការ​ខូចខាត​ដោយ​ត្រី​ងាប់​នោះ​មាន​ឡូត៍​លេខ​១ (​ស្លត​) ឡូត៍​លេខ​៣ (​ពែ​ក​គូ​) និង​ឡូត៍​លេខ​៤ (​សាច់​ស្ពៃ​) ។ ឡូត៍​ទាំង​បី​នេះ​មាន​ត្រី​ងាប់​សរុប​ប្រមាណ​៥៨​តោន ប៉ុន្ដែ​ឡូត៍​លេខ​៣ (​ព្រែក​គូ​) រង​គ្រោះ ធ្ងន់ធ្ងរ​ជាងគេ គឺ​មាន​ត្រី​ងាប់​ដល់​ទៅ​៣៥​តោន​ឯណោះ ។ លោក អ៊ឹ​ង គឹ​ម​លាង បាន​ប្រាប់​ពី​លក្ខណៈ បច្ចេកទេស​ថា កត្ដា​ទឹក​បឹង​ដែល​បង្ក​ជាតិពុល​ហូរ​ធ្លាក់​ចូល​ទន្លេ បណ្ដាល​ឱ្យ​ត្រី​ងាប់​បែប​នេះ គឺ​មក​ពី ទឹក​កខ្វក់​ដោយសារ​កាក​សំណល់​ស្មៅ ចំការ​ដែល​ប្រជា​កសិករ​បាន​ជម្រះ ឬ​កន្លែង​ខ្លះ​បាញ់ថ្នាំ​សម្លាប់​ស្មៅ ងាប់​រលួយ ហើយ​ទឹក​ពុល​នៃ​ស្មៅ​រលួយ​ទាំងនោះ ហូរ​ធ្លាក់​ចូល​ទន្លេ​បង្ក​ឱ្យ​កើតជា​អា​ម៉ូ​នី​ញ៉ាក់ និង ឧស្ម័ន​កាបូ​និក ធ្វើ​ឱ្យ​ទឹក​មាន​ជាតិពុល ។ ឯ​ករណី​មួយទៀត គឺ​តាម​ចំការ​របស់​បងប្អូន​កសិករ​យើង​នៅ តាម​មាត់ទន្លេ​បាន​ប្រើប្រាស​ថ្នាំពុល​សម្លាប់សត្វ ដែល​ក៏​ជា​កត្ដា​បំពុល​ទឹក​ផង​ដែរ ។ ជា​ទូទៅ​ទឹក​មាន​ជាតិ ពុល​ដែល​ហូរ​ចុះ​ទន្លេ​មាន ពណ៌​ត្នោត ។​

ឡូត៍​នេសាទ​ទាំង​៣​ដែល​មាន​ត្រី​ងាប់​ប្រមាណ​៥៨​តោន ភាគច្រើន​គឺ​ត្រី​ក្លាំ​ង​កាយ ត្រី​កែស និង​ត្រី​ក្រមម ចំណែក​ត្រី​រ៉ស់ ត្រី​ឆ្ដោ មិនសូវ​ឃើញ​ងាប់​ប៉ុន្មាន​ទេ ។ ទោះបីជា​បែប​ណា ព័ត៌មាន​ពី​ត្រី​ងាប់​នេះ គឺ​ទទួល​បាន​តែ​ពី​ប្រធាន​ការិយាល័យ​ជលផល​ប៉ុណ្ណោះ ចំណែកឯ​ម្ចាស់​ឡូត៍​នេសាទ​ទាំង​៣​មិន​បាន​ផ្ដល់ ព័ត៌មាន​នោះ​ទេ ប៉ុន្ដែ​មាន​មតិ​ខាងក្រៅ​ដែល​មិន​ផ្លូវការ​ប្រាប់​ថា ពិតជា​មាន​ត្រី​ងាប់​មែនហើយ តែ​មិន​ដល់ ប៉ុណ្ណឹង​ពេក​ទេ​អាច​ជា​ការ​បំប៉ោង​ក៏​ថា​បាន​ដែរ ។​

អត្ថបទ កោះសន្តិភាព

Labels: ,

 
 

ស្ដ្រី​លក់​ស្រា​បៀរ​ចូលរួម​សិក្ខាសាលា​រិះរក​វិធីសាស្ដ្រ​ជួយ​ខ្លួនឯង

clip_image001
​ទិដ្ឋភាព​ក្នុង​សិក្ខាសាលា​នៅ​សណ្ឋាគារ​ផា​រ៉ា​ន់​ដា (រូបថត កោះសន្តិភាព)

រាជធានី​ភ្នំពេញ ៖ អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​ហៅ​កាត់​ថា CWCC បាន​រៀបចំ​សិក្ខា សាលា​ស្ដី​ពី​សេចក្ដី​ត្រូវការ​របស់​ស្ដ្រី​លក់​ស្រា​បៀរ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា នៅ​សណ្ឋាគារ​ឡា​ផា​រ៉ា​ន់​ដា ដោយ​មាន​អ្នកតំណាង​ក្រុមហ៊ុនផលិតស្រាបៀរ អ្នក​ចែកចាយ​ស្រា​បៀរ និង​អង្គការក្រៅរដ្ឋាភិបាល ជា​ច្រើន​រូប​ចូលរួម ។

​លោក​ហឿ​ង សុ​ផុ​ន ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារ​ការងារ​តំណាង​ឱ្យ​លោក​វង សូត រដ្ឋមន្ដ្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នោះ​បាន​ថ្លែង​សុន្ទរកថា មាន​ខ្លឹម សារ​ថា សិក្ខាសាលា​នេះ​រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​សេចក្ដី​ត្រូវការ​ពិតប្រាកដ របស់​ស្ដ្រី​លក់​ស្រា​បៀរ ជា​ពិសេស​គឺ​ដើម្បី​ជួយ​ពួក​នាង​ឱ្យ​មាន​លទ្ធភាព​ជួយ​ខ្លួនឯង​បាន ទាំង​សុខភាព ជីវភាព ភាព​រើសអើង ភាព​មើលងាយ និង​ការ​ដោះខ្លួន​ដោយ​សមរម្យ​ចំពោះ​ការ​ប៉ុនប៉ង​មើលងាយ មើល ថោក ពី​សំណាក់​អតិថិជន​មួយ​ចំនួន​របស់​ខ្លួន​។​

លោក​បញ្ជាក់​ថា ចង់​អនុវត្ដ​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆាប់រហ័ស​ក្រុមហ៊ុនផលិតស្រាបៀរ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ ស្រា​បៀរ​គ្រប់​ប្រភេទ ម្ចាស់​ភោជនីយដ្ឋាន រង្គសាល ក្លឹ​ប​កំសាន្ដ​រាត្រី ហាង​ខារ៉ាអូខេ និង​សាធារណជន​ទាំងអស់​ដែល​ទៅ​ចូលរួម កំសាន្ដ​សប្បាយ គប្បី​រក្សា​ឱ្យ​បាន​នូវ​អាកប្ប កិរិយា សេចក្ដី​ថ្លៃថ្នូរ និង​ធានា​បាន​នូវ​ប្រពៃណី​ទំនៀមទំលាប់​ដែល​ដូនតា​ខ្មែរ​រក្សា​ទុក ។​

លោកស្រី​អ៊ុ​ង ច័ន្ទ​ថុ​ល នាយិកា​ប្រតិបត្ដិ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​បាន​ថ្លែង​ថា សិក្ខា សាលា​នេះ​រៀបចំ​ឡើង​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​គោលនយោបាយ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ក្នុង​ការ ធ្វើ​ឱ្យ​ស្ថានភាព​ស្ដ្រី​លក់​ស្រា​បៀរ​មាន​ភាព​ប្រសើរ​ជាង​មុន ។ នៅ​ចុងបញ្ចប់​នៃ​សិក្ខាសាលា​សង្ឃឹមថា នឹង​មានការ​យល់​ដឹង និង​ប្រមូល​ព័ត៌មាន ដែល​ទាក់ទង​ទៅ​នឹង​ផែនការ​សុវត្ថិភាព សំរាប់​ស្ដ្រី​លក់​ស្រា​បៀរ និង​អាច​កែ​លំអ ចំពោះ​ទស្សនៈ​រើសអើង​ដែល​គេ​តែង​យល់​ថា ស្ដ្រី​លក់​ស្រា​បៀរ​ទាំងអស់​សុទ្ធតែ​ជា​ស្ដ្រី ដែល​បំរើសេវា​ផ្លូវភេទ និង​ចង់​សប្បាយ ។

លោកស្រី​បញ្ជាក់​ថា អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​បាន​បង្កើត​ឡើង​កាលពី ឆ្នាំ​១៩៩៧ ដោយសារ មើលឃើញ​នូវ​អំពើ​ហិង្សា​លើ​ស្ដ្រី និង​កុមារ​មាន​សភាព​ធ្ងន់ធ្ងរ និង​មាន​កង្វះខាត​សេវាកម្ម​ជួយ​ដល់​ស្ដ្រី និង កុមារ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ទាំង​អស់នោះ ។ ទស្សនៈ​អង្គការ​កម្ពុជា​ដើម្បី​ជួយ ស្ដ្រី​មាន​វិបត្ដិ គឺ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី និង​កុមារ​ដើម្បី​ឱ្យ​ទទួល​បាន​នូវ​សមភាព និង សន្ដិភាព ។ បេសកកម្ម របស់​អង្គការ គឺ​ជួយ​ស្ដ្រី និង​កុមារ​ឱ្យ​ចាក​ផុត​ពី​អំពើ​ហិង្សា​ក្នុង គ្រួសារ​ការ​ជួញដូរ និង​ការ​រំលោភ​សេព សន្ថវៈ ជា​ពិសេស​គឺ​ដើម្បី​ឱ្យ​ចេះ​ជួយ​ខ្លួនឯង​តែ​ម្ដង ។​

សិក្ខាសាលា​បាន​ណែនាំ​ស្ដ្រី​លក់​ស្រា​បៀរ ឱ្យ​ចេះ​និយាយ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទទួលយក​បាន ក្នុង​ការ​ប្រកែក មិន​ព្រម​អង្គុយ​ជិត​ភ្ញៀវ និង​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ប្ដឹង​ចំពោះ​បុរស​ទាំងឡាយ ដែល​បំពារបំពាន រំលោភ​បំពាន​លើ​នារី​ភេទ​ទៅ​សមត្ថកិច្ច ហើយ​បើសិន​មិន​ចេះ​រក​កន្លែង​ប្ដឹង​ទេ​នោះ គឺ​ត្រូវរ​ត់រក​អង្គការ កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​ដើម្បី​ឱ្យ​ជួយ ។​

អត្ថបទ កោះសន្តិភាព

Labels: , ,

 
 

​ក្រុម​វេជ្ជបណ្ឌិត​កម្ពុជា​-​សិង្ហ​បុរី​ជួបជុំ​គ្នា​គិតគូរ​ពី​រោគ​ថ្លើម​


ទិដ្ឋភាព​នៃ​ការ​ជួបជុំ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​

រាជធានី​ភ្នំពេញ​ ៖​ ក្រុម​វេជ្ជបណ្ឌិត​ដែល​អញ្ជើញ​មក​ពី​បណ្ដា​មន្ទីរពេទ្យ​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ជាមួយ​ ក្រុម​វេជ្ជបណ្ឌិត​មក​ពី​ប្រទេស​សិង្ហ​បុរី​សរុប​ប្រមាណ​ជិត​២០០​នាក់​ បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​ទី​២២​ ឧសភា​ នៅ​ សណ្ឋាគារ​សាន់​វ៉េ​ ក្នុង​សិក្ខាសាលា​មួយ​ស្ដី​អំពី​ជម្ងឺមហារីក​ថ្លើម​ និង​បេះដូង​ ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ​ បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​ព្យាបាល​ ការ​ប្រើប្រាស់​ថ្នាំ​ និង​ការ​វះកាត់​ថ្លើម​ផង​ដែរ​ ។​
​សិក្ខាសាលា​នេះ​រៀបចំ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​គ្នា​ រវាង​សមាគម​គ្រូពេទ្យ​កម្ពុជា​ និង​ក្រុម​វេជ្ជបណ្ឌិត​ របស់​ប្រទេស​សិង្ហ​បុរី​ដោយ​ផ្ដោត​ជា​សំខាន់​តែ​ទៅ​លើ​រោគ​ថ្លើម​ប៉ុណ្ណោះ​ ពីព្រោះ​ ជម្ងឺថ្លើម​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាពលរដ្ឋ​សំបូរ​ទៅ​ដោយ​រោគ​ថ្លើម​ ។​ បើ​ ទោះបីជា​ក្រុម​គ្រូពេទ្យ​កម្ពុជា​មានបទពិសោធន៍​ច្រើន​ ក្នុង​ការ​ព្យាបាល​រោគ​ថ្លើម​ ដែល​បាន​ជួប​ប្រទះ​ ជា​ច្រើន​ករណី​ទៅ​ហើយ​ក្ដី​ ប៉ុន្ដែ​ក្រុម​គ្រូពេទ្យ​កម្ពុជា​ក៏​មិន​ទាន់​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​វះកាត់​ថ្លើម​ បាន​នៅឡើយ​ទេ​ ។​ ចំណែកឯ​ក្រុម​គ្រូពេទ្យ​របស់​ប្រទេស​សិង្ហ​បុរី​វិញ​ ក៏​ដូច​គ្នា​ដែរ​ ថ្វី​ដ្បិតតែ​មាន​ ជំនាញ​វះកាត់​ថ្លើម​បាន​ ប៉ុន្ដែ​មាន​ករណី​ជម្ងឺថ្លើម​ជា​ច្រើន​ករណី​ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​ ហេតុ​ដូច្នេះ​ហើយ​ ទើប​ក្រុម​គ្រូពេទ្យ​ ទាំងនោះ​ចាំបាច់​ត្រូវការ​ជួបជុំ​គ្នា​ក្នុង​អង្គ​សិក្ខាសាលា​ ដើម្បី​ពិភាក្សា​ផ្លាស់​ប្ដូរ​ បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​សង្ឃឹមថា​ នៅ​ថ្ងៃ​ខាង​មុខ​ក្រុម​វេជ្ជបណ្ឌិត​ របស់​ប្រទេស​ទាំង​ពីរ​ នឹង​បន្ដ​កិច្ចសហការ​ជាមួយ​គ្នា​តទៅ​ទៀត​ ។​
​លោក​ ្ញា​សៀន​ ជ​ហយា​ផ​ ប្រធាន​គណៈប្រតិភូ​ដែល​បាន​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត​របស់​ ប្រ​ទេ​សិង្ហ​បុរី​ចំនួន​ ១០​នាក់​មក​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​ប្រទេស​សិង្ហ​បុរី​ធ្វើការ​ ត្រួត​ ពិនិត្យ​បាន​ល្អ​ណាស់​ មិន​ឱ្យ​មាន​ថ្នាំ​ក្លែងក្លាយ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ទេ​ ពីព្រោះ​ថា​ បើសិនជា​ គេ​យក​ថ្នាំ​ក្លែងក្លាយ​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​ព្យាបាល​ជម្ងឺ​នោះ​ វា​នឹង​នាំ​មក​នូវ​ការ​បាត់បង់​អាយុជីវិត​ របស់​ អ្នកជម្ងឺ​ ហើយ​ការ​ព្យាបាល​ក្នុង​វិស័យ​សុខាភិបាល​នឹង​លែង​មានគុណ​ភាព​ ។​

Labels:

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.