ឆេះកសិដ្ឋានចិញ្ចឹមមាន់នៅអង្គស្នួលងាប់មាន់ជាង៤ពាន់ក្បាល
ខេត្ដកណ្ដាល ៖ រោងចិញ្ចឹមមាន់នៅក្នុងកសិដ្ឋានមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បណ្ដាលឱ្យងាប់មាន់អស់ជាង៤.០០០ក្បាល ព្រមទាំងសម្ភារៈប្រើប្រាស់ និងចំណីសំរាប់ទុកឱ្យមាន់ស៊ី ជាច្រើនបាវទៀត ។ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី៦ មិថុនា នៅកសិដ្ឋានមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិលាក់កូប ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ ម្ចាស់កសិដ្ឋាន ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្ដែអ្នកមើលការខុសត្រូវនៅទីនោះឈ្មោះ អ៊ុច ប៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។
តាមប្រភពព័ត៌មានពីមន្ដ្រីប៉ូលិសស្រុកអង្គស្នួលបានឱ្យដឹងថា រោងចិញ្ចឹមមាន់ខាងលើនោះធ្វើអំពីឈើ ប្រក់ស្បូវ ទំហំ៨ម៉ែត្រ x ៥០ម៉ែត្រ ដែលសាងសង់នៅដាច់ឆ្ងាយពីភូមិឋានប្រជាពលរដ្ឋ ហើយត្រឹមតែ មួយប៉ប្រិចភ្នែកប៉ុណ្ណោះត្រូវភ្លើងឆាបឆេះអស់គ្មានសល់ ។ នៅក្នុងរោងមាន់នោះ ក៏មានធ្វើកន្លែងសំរាប់ អ្នកមើលការខុសត្រូវស្នាក់នៅផងដែរ ហើយនៅមុនពេលកើតហេតុ បុរសចំណាស់អ្នកមើលការខុសត្រូវ បានដឹកគោយកទៅចងឱ្យស៊ីស្មៅ ដោយទុកចៅប្រុសរបស់គាត់ម្នាក់អាយុ៦ឆ្នាំ ឱ្យនៅក្នុងរោងមាន់នោះ តែម្នាក់ឯង។ កន្លែងដែលគាត់ចងគោ នៅមិនឆ្ងាយពីរោងមាន់ប៉ុន្មានទេ គឺនៅក្នុងបរិវេណកសិដ្ឋាន នោះដែរ។ ពេលកំពុងតែចងគោ ស្រាប់តែឮចៅប្រុសស្រែកហៅ និងប្រាប់ថា ភ្លើងឆេះរោងមាន់ ពេលគាត់ ក្រឡេកមើលក៏ឃើញភ្លើងឆេះពេញបន្ទុកទៅហើយ ។
ប្រភពដដែលបានបន្ដថា ក្នុងខណៈនោះគាត់បានយកចៅចេញពីក្នុងរោង ព្រោះខ្លាចភ្លើងឆេះស្លាប់ ហើយ ពុំមានការជួយអន្ដរាគមន៍ពន្លត់ភ្លាមៗនោះទេ ព្រោះកសិដ្ឋាននៅដាច់ឆ្ងាយពីគេ ទំរាំតែមានការភ្ញាក់ផ្អើល ភ្លើងបានឆេះពេញបន្ទុកទៅហើយ។ ពេលនោះមាន់នៅក្នុងទ្រុងមួយចំនួនធំបានងាប់ក្នុងភ្លើង ឯមួយចំនួន តូចបានហើរ និងរត់ចេញរួច ប៉ុន្ដែចំពោះឧបករណ៍សំរាប់ចិញ្ចឹមមាន់ និងចំណីសំរាប់ឱ្យមាន់ស៊ីត្រូវក្លាយជា ចំណីភ្លើងទាំងអស់ ។ ក្រោយពេលកើតហេតុរោងធ្វើពីឈើប្រក់ស្បូវទំហំ៨ម៉ែត្រ x ៥០ម៉ែត្រ ទូរទស្សន៍ ស-ខ្មៅ១គ្រឿង អាគុយចំនួន៣ ធុងហ្គាស់២ ចំណីស្ដុកទុកសំរាប់ឱ្យមាន់ស៊ីចំនួន៦៥បាវ ឧបករណ៍សំរាប់ ចិញ្ចឹមមាន់ ព្រមទាំងមាន់ចំនួនជាង៤ពាន់ក្បាលត្រូវភ្លើងឆេះអស់គ្មានសល់ ។
មន្ដ្រីប៉ូលិសបានឱ្យដឹងទៀតថា តាមការសន្និដ្ឋាន គ្រោះអគ្គីភ័យនេះបណ្ដាលមកពីចៅប្រុសរបស់បុរស អ្នកមើលការខុសត្រូវ លេងភ្លើងឬលេងចង្ក្រានហ្គាស់ ព្រោះក្នុងខណៈពេលនោះភ្លើងបានឆាបឆេះចេញពី កន្លែងដែលគាត់ស្នាក់នៅតែម្ដង ។ មាន់នោះគេចិញ្ចឹមរយៈពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ នឹងដល់ពេលត្រូវ លក់ហើយ ប៉ុន្ដែពេលនេះ ទើបតែបាន៣៥ថ្ងៃ គឺនៅសល់១០ថ្ងៃទៀត ទើបដល់ពេលត្រូវចាប់លក់ ក៏ត្រូវក្លាយជាចំណីអគ្គីភ័យអស់ សូម្បីតែសល់សាច់ក៏គ្មានដែរ ក្រៅពីក្លាយជាផេះនោះ ។
Labels: ព្រឹត្ដិការណ៍, សុខាភិបាល
for this post
Leave a Reply