កតញ្ញូនិងស្នេហា
ដើម្បីទៅភូមិខាងត្បូង គេត្រូវឆ្លងកាត់ផ្លូវទួលជើងភ្នំដែលមានចម្ងាយច្រើនរយម៉ែត្រ ។ ថ្ងៃមួយនាង ក្រមុំមានការត្រូវទៅភូមិនោះ តែមិនហ៊ានធ្វើដំណើរម្នាក់ឯង ព្រោះផ្លូវស្ងាត់ពេក ណាមួយទួលខ្ពស់ពិបាក ជិះកង់ផង ក៏ពឹងសង្សាររបស់ខ្លួនឱ្យធាក់កង់ជូនទៅ ។ ពេលឡើងបានពាក់កណ្ដាលទួល យុវជនជាសង្សារ បែកញើសប៉ុនៗគ្រាប់ពោត ដកដង្ហើមសឹងមិនដល់គ្នា។ ឃើញដូច្នេះនាងក្រមុំឃាត់ ៖
-បងទៅមុខទៀតមិនរួចទេ, ឈប់ត្រឹមហ្នឹងចុះ ។ យើងនាំគ្នាដើរវិញ ។
យុវជនជាសង្សារតប ៖
-អូនកុំព្រួយ! ដើម្បីអូនទោះត្រូវជិះកង់កាត់កំពូលភ្នំក៏បងជិះបានដែរ កុំថាឡើយផ្លូវទួលជើងភ្នំប៉ុណ្ណឹង។ អូនអោបចង្កេះបងឱ្យតែជាប់ទៅបានហើយ ។
ពិតដូចការអះអាងមែន យុវជនលង់ស្នេហ៍ប្រឹងធាក់កង់ឌុបសង្សារទាល់តែឆ្លងផុតទួល ដោយអត់បាច់ ចុះដើរ។ មកដល់ផ្ទះវិញ នាងក្រមុំយករឿងនេះអួតប្រាប់ម្ដាយអ្នកកំលោះ ដែលនាងគិតថាអនាគត នឹងក្លាយជាម្ដាយក្មេកខ្លួន។ ឮដូច្នេះលោកយាយម្ដាយអ្នកកំលោះចង់សាកចិត្ដកូនប្រុស តើមានចិត្ដកតញ្ញូ ប៉ុន្មានដែរ បើជាមួយស្នេហាហ៊ានតស៊ូម្លឹងៗ? ស្អែកឡើងគាត់ក៏ហៅកូនប្រុសជិះកង់ឌុបគាត់ទៅភូមិ ខាងត្បូងម្ដង ។ ប៉ុន្ដែលើកនេះ ពេលឡើងបានពាក់កណ្ដាលទួលខ្ពស់ ស្រាប់តែអ្នកកំលោះប្រាប់ម្ដាយ ៖
-ម៉ែចុះដើរសិនទៅ, ខ្ញុំឌុបទៀតមិនរួចទេ ។
លោកយាយជាម្ដាយបើកភ្នែកធំៗ ៖
-ចម្លែកមែន, ជាមួយសង្សារឌុបរួចរហូតដល់គោលដៅ តែជាមួយម្ដាយបានត្រឹមពាក់កណ្ដាលផ្លូវទៅមុខ លែងរួច ។ មើល៍, ម៉ែសួរបន្ដិច រវាងកតញ្ញូនិងស្នេហាមួយណាធ្ងន់ជាង?
យុវជនយើងឆ្លើយរបៀបអេះអុញ ៖
-បាទ, គឺកតញ្ញូធ្ងន់ជាង !
-អ៊ីចឹងហេតុម៉េចឌុបសង្សាររួច តែឌុបម៉ែមិនរួច?
-បាទ, ព្រោះតែកតញ្ញូធ្ងន់ជាងស្នេហានោះអី?
Labels: កំប្លែងខ្លី
for this post
Leave a Reply