ចោរប្លន់លើផ្លូវជាតិលេខ៣ព្រំប្រទល់៣ខេត្តកំពុងកក្រើក
ខេត្ដតាកែវ ៖ អំពើប្លន់ម៉ូតូមួយបានបង្កឱ្យមានការផ្ទុះអាវុធបាញ់តដៃគ្នា រវាងសមត្ថកិច្ចនិងចោរ នៅ វេលាយប់ថ្ងៃទី៥ មិថុនា ធ្វើឱ្យក្រុមចោរត្រូវបង្ខំចិត្ដផ្ដួលម៉ូតូដែលប្លន់បានចោលលើដងផ្លូវលំ និង បោះចោលកាំភ្លើងខ្លីមួយដើម ព្រមទាំងស្បែកជើង២គូ ទោះបីជាបែបណា ការតាមប្រមាញ់ក្រុមចោរ ប្លន់រហូតដល់វេលាទៀបភ្លឺថ្ងៃទី៦ មិថុនា គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននោះឡើយ គឺបានត្រឹម ដណ្ដើមបានម៉ូតូមកវិញ១គ្រឿង និងរឹបអូសកាំភ្លើង និងស្បែកជើងដែលក្រុមចោរបន្សល់ទុក ហើយរត់ ប្រាសអាយុបាត់ស្រមោលទៅនោះ។
នេះជាករណីប្លន់ចុងក្រោយមួយនៅតាមដងផ្លូវជាតិលេខ៣ បន្ទាប់ពីព័ត៌មានប្លន់តាមផ្លូវនេះ នាវេលាយប់ ត្រូវបានរាយការណ៍ថា កើតមានឡើងជាបន្ដបន្ទាប់នោះ ។ លោកស្នងការប៉ូលិសខេត្ដតាកែវវុធ ផល្លី មាន ប្រសាសន៍ឱ្យដឹងថា នាថ្ងៃទី៥ មិថុនា វេលាម៉ោង៧ និង១៥នាទីយប់ ជនសង្ស័យមានគ្នា២នាក់ ធ្វើដំណើរដោយថ្មើរជើង បានប្លន់ម៉ូតូវីវ៉ាពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខ កំពត 1A 6183 របស់ ឈ្មោះសេក សាវ៉ន ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិត្រញំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ដែលដាក់នៅមុខផ្ទះជាប់ខាងលិចផ្លូវជាតិលេខ៣ ខាងជើងផ្សារបាុំងកាសី ចំងាយប្រមាណជា១៥០ម៉ែត្រ ពីផ្សារស្ថិតក្នុងភូមិសាស្ដ្រស្រុកបសេដ្ឋជាប់ព្រំប្រទល់ ស្រុកសំរោង ខេត្ដតាកែវ ។
តាមពីម្ចាស់ម៉ូតូឈ្មោះសេក សាវ៉ន បាននិយាយថា នៅពេលគាត់ជិះម៉ូតូដល់មុខផ្ទះ ក៏បានឈប់ដោយទុក ឱ្យកូនប្រុសរបស់គាត់ម្នាក់អាយុ៧ឆ្នាំ អង្គុយនៅលើម៉ូតូ ហើយគាត់ក៏ដើរចូលផ្ទះដើម្បីយកលុយទៅចាក់ សាំង។ ពេលនោះគាត់ឮសំលេងប្រពន្ធគាត់ស្រែកថា “ចោរប្លន់ម៉ូតូៗ” ដោយចោរបានយកកាំភ្លើង អុកក្បាលកូនគាត់ទំលាក់ពីម៉ូតូ បណ្ដាលឱ្យពកភ្លាមៗ ហើយបាញ់គំរាម១គ្រាប់ រួចជិះម៉ូតូចេញទៅទិស ខាងជើងបាត់ទៅ ។ ចំណែកគាត់ ក៏បានទាក់ទងតាមទូរស័ព្ទទៅប៉េអឹមនៅស្នាក់ការការពារសន្ដិសុខ លេខ ៣០១ ដែលមានទីតាំងនៅប្រមាណជា៣គីឡូម៉ែត្រពីកន្លែងកើតហេតុឱ្យជួយអន្ដរាគមន៍ តែទទួលពេលនោះ លោកអនុសេនីយ៍ឯកហ៊ីម ឌីណា មេបញ្ជាការប៉េអឹមប្រចាំស្នាក់ការ៣០១ កំពុងធ្វើដំណើរចេញ ពីភ្នំពេញជាមួយគ្រួសារនិងកូនគាត់ម្នាក់ ខណៈពេលបានទទួលទូរស័ព្ទ លោកហ៊ីម ឌីណា បាននិយាយថា ពេលនោះលោកបានធ្វើទំនាក់ទំនងទៅលោកវរសេនីយ៍ឯកឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ដតាកែវ ដើម្បីសុំបទបញ្ជា ។ ជាមួយនេះលោកក៏បញ្ជាទៅកំលាំងរបស់លោកនៅស្នាក់ការ និងធ្វើ ទំនាក់ទំនងទៅលោកអធិការប៉ូលិសស្រុកបាទី និង ស្រុកសំរោង សហការជាមួយប៉ូលិសស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ដែលនៅជិតៗគ្នានោះជួយអន្ដរាគមន៍ ។
លោកអនុសេនីយ៍ឯកហ៊ីម ឌីណា និយាយថា ពេលលោកបើករថយន្ដមកដល់ខាងត្បូងផ្សារកាយរោង លោកបានឃើញម៉ូតូវីវ៉ាពណ៌ក្រហមបើកមកពីទិសខាងត្បូងឥតបើកភ្លើងទេ ពេលនោះលោកបានស្គាល់ ភិនភាគម៉ូតូ ក៏បត់រថយន្ដតាមពីក្រោយ ។ លោកអនុសេនីយ៍ឯក ក៏បានបញ្ជាក់ផងដែរថា នៅក្នុង រថយន្ដរបស់លោកគ្មានអាវុធដើម្បីតដៃជាមួយពួកចោរទេ ហើយពេលដែលឃើញរថយន្ដរបស់លោកបត់ តាមពីក្រោយកៀកគ្នានោះ ក្រុមចោរក៏ឈប់ម៉ូតូ និងបានអារម៉េកាំភ្លើងខ្លីតំរង់មករករថយន្ដរបស់លោក ពេលនោះលោកក៏ដាក់លេខថយក្រោយយ៉ាងប្រញាប់ ហើយក្រុមចោរក៏ឡើងជិះម៉ូតូបន្ដដំណើរទៅទៀត។ ទោះបីជាបែបណា ពេលក្រុមចោរព្យាយាមបើកម៉ូតូគេចនោះ លោកក៏បើករថយន្ដតាមពីក្រោយរហូត ដល់ក្រុមចោរបត់ចូលវត្ដក្រាំងក្រូច ទទួលពេលនោះកំលាំងប៉េអឹមរបស់លោកក៏បានយកអាវុធអាកា៤៧ មកដល់ល្មម តែពេលទៅដល់មុខខ្លោងទ្វារវត្ដ ចោរក៏បាញ់កាំភ្លើងខ្លីសំដៅមករថយន្ដរបស់លោក ធ្វើឱ្យ កូនប្រពន្ធរបស់លោកភ័យលស់ព្រលឹង ចំណែកលោកក៏បាញ់តបតវិញ ហើយបានធ្វើទំនាក់ទំនងទៅ លោកង៉ាន់ សារី អធិការប៉ូលិសស្រុកបាទីនាំកំលាំងមកជួយទប់ស្កាត់ ។
បន្ទាប់ពីផ្ទុះអាវុធមួយប្រាវក្រុមចោរក៏ពួនសំងំនៅកន្លែងណាមួយ ដោះស្លាកលេខម៉ូតូគ្រវាត់ចោល ហើយ បន្ដដំណើរបំរុងឆ្ពោះទៅក្រុងភ្នំពេញ តាមបណ្ដោយប្រឡាយខាងត្បូងជ្រៃអូរព្នៅ ។ ប្រមាណជា ម៉ោង១២យប់ ស្រាប់តែឃើញម៉ូតូបើកឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ចំកន្លែងប៉ូលិសសេដ្ឋកិច្ចខេត្ដតាកែវ ចាំពីខាងជើងផ្លូវផង និងពីខាងត្បូងផ្លូវផង ធ្វើឱ្យក្រុមចោរដែលជិះម៉ូតូអត់បើកភ្លើងភ័យស្លន់ស្លោ ខណៈ ប៉ូលិសបានបាញ់រះទៅលើតែមិនត្រូវ។ ក្រុមចោរបានផ្ដួលម៉ូតូចោល នៅចិញ្ចើមថ្នល់ខាងកើតផ្លូវជាតិ លេខ៣ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកនៅនឹងកន្លែងនូវម៉ូតូវីវ៉ាពណ៌ក្រហមមួយ គ្រឿង កាំភ្លើងK54មួយដើម និងថង់គ្រាប់មួយមានចំនួន៤គ្រាប់ ស្បែកជើងបាតាមួយគូ ស្បែកជើង ស៊កពណ៌ខ្មៅមួយគូ និងមួកពណ៌ខៀវចាស់មួយ។ កំលាំងប៉ូលិសខេត្ដ និងស្រុកបានធ្វើការរុករកតាម ភូមិសាស្ដ្រទាំងយប់ ហើយយាមព័ទ្ធជុំវិញភូមិសាស្ដ្រដែលមានព្រៃល្បាស់ និងផ្ទះប្រជាពលរដ្ឋរហូតដល់ វេលាព្រឹក តែរកពុំឃើញស្រមោលចោរទាំងនោះទេ ។ បច្ចុប្បន្ននេះសំភារៈដែលជនល្មើសបន្សល់ទុក ត្រូវបានកងកំលាំងប៉េអឹមប្រចាំស្នាក់ការ៣០១កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានខេត្ដ ដើម្បីធ្វើការ ពិនិត្យ និងសហការជាមួយស្នងការដ្ឋានខេត្ដធ្វើការស្រាវជ្រាវបន្ដទៀត សំដៅវែកមុខចោរប្លន់ប្រដាប់ អាវុធទាំងអស់នោះ រីឯម៉ូតូបានប្រគល់ឱ្យម្ចាស់វិញ ។
ជាការកត់សំគាល់ ចោរប្លន់ប្រដាប់អាវុធនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចាប់ពីដើមឆ្នាំ២០០៧មក កំពុងតែបង្កឱ្យមានការភ័យខ្លាចរហូតមហាជនចាត់ទុកថា ជាកំណាត់ផ្លូវអសន្ដិសុខទៀតផង ។ ការចាប់ កំរើកឡើងវិញនៃអំពើចោរកម្មនេះ គឺបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈក្រោយពេលកងកំលាំង នៃស្នងការដ្ឋាន ខេត្ដ និងប៉េអឹមខេត្ដតាកែវ បានបង្ក្រាបចោរហារយ គឺក្រុមចោរប្លន់លីអូ ដែលបានធ្វើសកម្មភាពប្លន់ប្រដាប់ អាវុធតាមបណ្ដោយផ្លូវជាតិលេខ២ និងលេខ៣ កាលពីឆ្នាំ២០០២កន្លងទៅ ។ ទោះបីជាបែបណា សកម្មភាពប្លន់ប្រដាប់អាវុធបានកំរើកឡើងវិញ តាមបណ្ដោយផ្លូវជាតិលេខ៣ និងសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ស្រុកគងពិសី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ស្រុកបាទី ស្រុកសំរោង ខេត្ដតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា បានជាក្រុមចោរយកផ្លូវជាតិលេខ៣ ធ្វើសកម្មភាព ដោយសារផ្លូវជាតិនេះជាព្រំប្រទល់៣ ខេត្ដដូចជាផ្សារត្រាំខ្នារ ផ្សារដើមរកា ផ្សារប៉ាំងកាសី ផ្សារថ្នល់បត់។ល។ ត្រូវបានចែក ការគ្រប់គ្រងម្ខាងម្នាក់ ។
លោកវុធ ផល្លី ស្នងការប៉ូលិសខេត្ដតាកែវបានឱ្យដឹងថា សកម្មភាពប្លន់ប្រដាប់អាវុធចាប់ពីដើមឆ្នាំ២០០៧ មកទល់ពេលនេះ ក្នុងភូមិសាស្ដ្រស្រុកដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ គឺស្រុកត្រាំកក់ ស្រុកសំរោង ស្រុកបាទី មានប្រមាណជា៣លើក ក្នុងនោះនៅស្រុកបាទីចំនួន២លើក និងស្រុកសំរោង មួយលើក។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply