នៅ ធិតា មាតាក្រមុំ គេនិយមឱ្យសំដែងតួម្ដាយ
រាជធានីភ្នំពេញ ៖ កញ្ញានៅ ធិតា ក្នុងវ័យ៣១ឆ្នាំ ថ្វីបើមានអាជីពជាម្ចាស់ហាងអ៊ុតសក់ក្ដី តែនាង បានបណ្ដែតជីវិតចូលប្រឡូកក្នុងពិភពសិល្បៈសំដែងកាយវិការខារ៉ាអូខេ និងភាពយន្ដតាំងពីឆ្នាំ២០០៣ មក។ នាងធ្លាប់ចូលរួមសំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មជាច្រើន និងក្នុងខ្សែភាពយន្ដមួយចំនួន។ សំរាប់រូបនាងស័ក្ដិសមនឹងហៅថា “មាតាក្រមុំ” ព្រោះនាងនៅក្មេងពុំទាន់មានស្វាមី-មានកូនផង បែរជា គេច្រើនតម្រូវឱ្យសំដែងជាតួ“ម្ដាយ”ទៅវិញ ។
កញ្ញានៅ ធិតា និយាយថា ថ្មីៗនេះនាងមានឱកាសចូលរួមសំដែងក្នុងខ្សែភាពយន្ដរឿង “បិសាចអន្ទង់” និងរឿង “កែវភ្នែកសំណព្វចិត្ដ” ដែលក្នុងរឿងទាំងនោះអ្នកដឹកនាំរឿងតម្រូវឱ្យនាងសំដែងជាតួម្ដាយ។ មុនពេលក្លាយជាតារាសំដែងកាយវិការខារ៉ាអូខេ និងភាពយន្ដនេះនាងធ្លាប់ហាត់រៀននៅក្លឹបសិល្បៈមួយ អស់រយៈពេល១ឆ្នាំ ។ លើសពីនេះពេលចូលរួមសំដែងនាងទទួលបានការពន្យល់ណែនាំពីអ្នកដឹកនាំរឿង ថែមទៀត ។
កញ្ញានៅ ធិតា បានសំដែងនូវអារម្មណ៍សប្បាយរីករាយចំពោះការបានក្លាយជាតារាសំដែងដូចបំណងប្រាថ្នា របស់នាងតាំងពីកុមារភាពមក ។ ពេលនេះថ្វីបើមិនទាន់ល្បីឈ្មោះ តែនាងសង្ឃឹមក្នុងចិត្ដថានៅថ្ងៃ អនាគតនាងនឹងល្បីឈ្មោះមិនខានសំរាប់ជីវិតជាអ្នកសិល្បៈរបស់នាង តែល្បីតាមរយៈជាតួម្ដាយ ព្រោះអ្នក ដឹកនាំរឿងច្រើនតម្រូវឱ្យនាងសំដែងជាតួអង្គនេះ ។
ក្នុងវ័យ៣១ឆ្នាំ កញ្ញានៅ ធិតា មិនទាន់មានគូគាប់ប្រចាំជីវិតនៅឡើយ ។ ការពិតកន្លងមកតាមនាង អះអាងមានបុរសជាច្រើនតាមសុំស្នេហ៍នាង តែនាងមិនព្រមទេ ព្រោះបុរសទាំងនោះសុទ្ធតែប្ដីគេ និងជា បុរសវ័យចំណាស់ ។ ទោះជាយ៉ាងណា ពេលនាងទៅថតកាយវិការខារ៉ាអូខេឬភាពយន្ដគេឃើញ មានបុរស វ័យជាង៣០ឆ្នាំម្នាក់បណ្ដើរនាងទៅ និងជួយយួរកាបូបឱ្យនាងទៀតផង ដែលមើលទៅទំនងជាសង្សារ ឬជាគូកំណាន់ចិត្ដរបស់នាង ។ ទាក់ទិននឹងរឿងនេះនាងបញ្ជាក់ថា បុរសនោះជាបងជីដូនមួយរបស់នាង មិនមែនជាសង្សារឬគូកំណាន់ចិត្ដទេ ។
ចំពោះរឿងគូស្រករតួម្ដាយវ័យក្មេងរូបនេះមិនទាន់ចង់បានទេ ហើយក៏មិនទាន់កំណត់ថាពេលណាដែរ។ លើសពីនេះនាងអះអាងថា នាងមិនប្រាថ្នាមានសង្សារទេ គឺប្រាថ្នាមានស្វាមីតែម្ដង។ លក្ខណៈបុរស ដែលនាងជ្រើសរើសជាគូគាប់នោះគឺត្រូវមានវ័យប្រហាក់ប្រហែលនាង ហើយជាអ្នក មានការងារ មានទ្រព្យ ធនមធ្យមអាចចិញ្ចឹមនាងបាន។ កញ្ញានៅ ធិតា មានឪពុកឈ្មោះ នៅ គីម ម្ដាយឈ្មោះហុង លីម ហើយនាងមានបងប្អូន៧នាក់ ក្នុងនោះស្រី៥នាក់ ចំណែករូបនាងជាកូនទី៤ ។
Labels: សិល្បៈ
for this post
Leave a Reply