សាលាក្រុងបើកការដ្ឋានជួសជុលកែលំអសួនច្បារមុខវត្ដបទុមវតី
រាជធានីភ្នំពេញ ៖ សាលាក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០០៧ បានរៀបចំពិធីបើក ការដ្ឋានជួសជុលកែលំអសួនច្បារមុខវត្ដបទុមវតីឡើងវិញ ដែលស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីលើកកំពស់សោភ័ណភាពទីក្រុងផង និងជាការទាក់ទាញភ្ញៀវទេសចរផង ។ ពិធីបើកការដ្ឋាននេះ ស្ថិតក្រោមអធិបតីភាពលោកម៉ប់ សារិន អភិបាលរងក្រុងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ាន់ ឈឿន អភិបាលរងក្រុង មន្ដ្រីរាជការក្រោមឱវាទ សាលាក្រុង តំណាងអាជ្ញាធរខណ្ឌដូនពេញ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ មុនការបើកការដ្ឋានជួសជុលសួនច្បារនេះ ក៏មានការរំជើបរំជួលផងដែរ ពីគណបក្សសម រង្ស៊ី ដែលប្រកាសការពារចេតិយជនរងគ្រោះ ដោយគ្រាប់បែកដៃនៅមុខសភា ព្រោះខ្លាច ការធ្វើសួននេះអាចឈានដល់ការឈូសឆាយចេតិយនោះចោល ។
លោកនួន សុមេធ នាយខុទ្ទកាល័យសាលាក្រុងភ្នំពេញបានឱ្យដឹងថា សួនច្បារមុខវត្ដបទុមវតីនេះ មាន អាយុកាលយូរណាស់មកហើយ ។ បច្ចុប្បន្នដោយពិនិត្យឃើញស្ថានភាពសួនមានសភាពទ្រុឌទ្រោម ខ្វះអនាម័យ និងបរិស្ថាននោះ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យផ្នែកជំនាញ របស់សាលាក្រុងចុះសិក្សាគំរោងកែលំអសួនច្បារនេះឡើងវិញ សំដៅធ្វើឱ្យរាជធានីភ្នំពេញពីមួយថ្ងៃ ទៅមួយ ថ្ងៃមានការប្រែមុខមាត់ថ្មីទាំងសោភ័ណភាព សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អ ហើយ សកម្មភាពនោះក្នុងគោលបំណងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យស័ក្ដិសមជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា ។
លោកនួន សុមេធ បានបន្ដទៀតថា សួនច្បារមុខវត្ដបទុមវតីមានផ្ទៃក្រឡាសរុប៥៩.៨៨០ម៉ែត្រការ៉េ មាន រាងជាពហុកោណ បណ្ដោយមធ្យម៥៥០ម៉ែត្រ ទទឹងមធ្យម១១០ម៉ែត្រ ស្ថិតនៅចន្លោះវិថីព្រះសុរាម្រឹត វិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូ ស្រ៊ុន ។ ឆ្លងតាមការសិក្សាសួនច្បារនេះត្រូវជួសជុល កែលំអមានរយៈពេល២៣០ថ្ងៃ គិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី៦ មិថុនា តទៅ ដែលត្រូវចំណាយ ថវិកាអស់ប្រមាណ៣.០១៥.២១០.០០០រៀល។
Labels: បរិស្ថាន, សណ្ដាប់ធ្នាប់
for this post
Leave a Reply