<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

អង្គការ​ជប៉ុន​ស្ម័គ្រចិត្ដ​ជួយ​បំផុស​ចលនា​ដាំ​ដើមឈើ​ជីវចំរុះ

ខេត្ដស្វាយរៀង ៖ សិក្ខាសាលា​ស្ដី​ពី​ការ​ថែរក្សា​បរិស្ថាន​ធម្មជាតិ​និង​ជីវចំរុះ​ដែល ឧបត្ថម្ភ​ដោយ​អង្គការ វី​ស្សូ​-​កូ​លី​-​កៃ (​សន្ដិ​ស្ម័គ្រចិត្ដ​) ប្រទេស​ជប៉ុន ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ដ​តា​សួ​ស ស្ថិត​ក្នុងភូមិ​ស្វាយ​ក្អែ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្ដស្វាយរៀង កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០០៧ រយៈពេល ពេញ​មួយ​ថ្ងៃ ក្រោម​អធិបតីភាព លោក​យស គឹ​ម​ស៊ា​ន អភិបាលរង​ស្រុក​ស្វាយ​ជ្រំ ។ ចូលរួម​ក្នុង សិក្ខាសាលា​នេះ គេ​សង្កេត​ឃើញ​វត្ដមាន​លោក​ទេព ធន់ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ដ ព្រះ សាសន​មុនី ជេ​ត ឌិ​ត ព្រះ​មេគណ​ខេត្ដ ព្រះ​វិសុទ្ធិ​ញាណ​មុំ សយ ព្រះ​អនុគណ​ស្រុក​ស្វាយ​ជ្រំ លោក យ៉ា​ហ្គី​សាវ៉ា កា​ហ្សឹ​ម៉ាសា នាយក​អង្គការ​សន្ដិ​ស្ម័គ្រចិត្ដ ព្រះសង្ឃ​ចំនួន​៦៥​អង្គ មក​ពី​វត្ដ​នានា​ជុំវិញ​ខេត្ដ អាចារ្យ​តាម​វត្ដ​នានា ព្រមទាំង​មេ​ភូមិ មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​សរុប ចំនួន​៨៥​នាក់​ទៀត ។

​សិក្ខាសាលា​នេះ រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់ បាន​យល់​ដឹង​អំពី​គុណសម្បត្ដិ នៃ​ដើមឈើ ចេះ​អំពី​របៀប​បណ្ដុះ​កូន​ឈើ របៀប​ដាំ​និង​របៀប​ថែរក្សា​កូន​ឈើ​ឱ្យ​រីក​លូតលាស់ ស្រស់ បំព្រង ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ខេត្ដស្វាយរៀង​ពោរពេញ​ទៅ​ដោយ​ពណ៌​បៃតង ។​

លោក​យ៉ា​ហ្គី​សាវ៉ា កា​ហ្សឹ​ម៉ាសា នាយក​អង្គការ​សន្ដិ​ស្ម័គ្រ​ចិត្ដបាន​មាន​ប្រសាសន៍​ថា ខេត្ដស្វាយរៀង គឺជា​ខេត្ដ​ដែល​ក្រីក្រ​ជាងគេ និង​ខ្សត់​ដើមឈើ​ជាងគេ តែ​ការ​ដាំ​ដើមឈើ​គឺ​មិន​ទាន់​យឺត​ពេល​ទេ ដូចនេះ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចូលរួម​ដាំ​ឱ្យ​បាន​ច្រើន​និង​គ្រប់​ទីកន្លែង ។ មនុស្ស​គ្រប់​រូប​មាន​ភារកិច្ច​ថែរក្សា បរិស្ថាន​ឱ្យ​បាន​ស្អាត​ល្អ ដែល​ទាមទារ​ឱ្យ​យើង​ព្យាយាម​និង​ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សេចក្ដីសុខ​ចំរើន​របស់​កូនចៅ​យើង​ជំនាន់​ក្រោយ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ថ្ងៃនេះ​ម៉ោង​នេះ នៅ ប្រទេស​អា​ល្លឺ​ម៉​ង់​កំពុងធ្វើការ​ជួប​ប្រជុំ​គ្នា​រវាង​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ធំៗ​ចំនួន​៨ ដើម្បី​ពិភាក្សា​អំពី បរិស្ថាន នៅ​លើ​ពិភពលោក​និង​រក​វិធី​កែប្រែ​ធ្វើ​យ៉ាងណា​ឱ្យ​ជីវិត​នៅ​លើ​ផែនដី មាន​និរន្ដរភាព​ចៀស​ផុត ពី​ជំងឺ​តម្កាត់​នានា ដែល​បណ្ដាល​មក​ពី​ភាព​អាប់អួ និង​សារធាតុពុល​ដែល​មាននៅ​ក្នុង​បរិស្ថាន ។​

គួរ​បញ្ជាក់​ថា នៅ​តាម​ផ្លូវ​ទី​សាធារណៈ ពិសេស​នៅ​ក្នុង​បរិវេណ​វត្ដ​តា​សួ​ស ត្រូវ​បាន​គេ​ចង​បដា​ដែល​មាន សរសេរ​ខ្លឹមសារ​ថា “​មាន​ព្រៃឈើ​ទើប​មានទឹក មានទឹក​ទើប​មានជីវិត​” ដែល​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​ជីវិត​ទាំងអស់​នៅ​លើ​ផែនដី ដូចនេះ​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ចូលរួម​ដាំ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គ្រប់ៗ​គ្នា ។​

Labels: ,

 
 

ឃ្វាលគោ​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​ត្រូវ​រន្ទះបាញ់​ស្លាប់​ប្អូន របួស​បង

ខេត្ដពោធិ៍សាត់ ៖ កូនចៅ​អ្នក​ភូមិ​ពីរ​នាក់​បងប្អូន​ដែល​ទៅ​ឃ្វាលគោ​ហើយ​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​។ បាតុភូត​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​កន្លះ ថ្ងៃ​ទី​៥​មិថុនា ២០០៧ នៅ​ចំណុច​ចំការ​ខ្នុរ ស្ថិត​ក្នុងភូមិ​កំ​រែង ឃុំ​ស្វាយ​.​ស ស្រុក​ក្រគរ ខេត្ដពោធិ៍សាត់ ក្នុង​ខណៈ​ពេល​មេឃងងឹត​ធ្លាក់​ភ្លៀង​តិចៗ​។

​លោក​ហុង ថា​ន់ មេឃុំ​ស្វាយ​.​ស បាន​ប្រាប់ កោះសន្ដិភាព​ថា កុមារ​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​ឈ្មោះ​លាង រ​ដ្ឋា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រីឯ​កុមារី​រង​របួស​ជា​បង​បង្កើត​ឈ្មោះ លាង សុខ​គា អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ​។ លោក​មេឃុំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន​ស្នាម​ជាំ​ក្រលៀន​ឡើង​ខ្មៅ រហែក​ខោអាវ​ដូច​គេ​វះងៀត ។ ក្មេង​ប្រុស​ឈ្មោះ​លាង រ​ដ្ឋា ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ក្មេង​ស្រី​ឈ្មោះ​លាង សុខ​គា ជា​បង​សន្លប់​និង​មាន​សភាព​ស្លេកស្លាំង​ដូច​ពុល​អ្វីមួយ ។ លោក មេឃុំ​ស្វាយ​.​ស​ឱ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​៥ មិថុនា ២០០៧ នោះ​មេឃ​បញ្ចេញ​កំ​ដៅ​ពេញ​មួយ​ថ្ងៃ លុះដល់​ម៉ោង​ជិត​៣​ស្រាប់តែ​មេឃ​ស្រទុំ​ធ្លាក់​ខ្យល់​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​បន្ដិចបន្ដួច ប៉ុន្ដែ​ពោរពេញ ទៅ​ដោយ​ផ្លេក​ន្ទោ​រ​ច្រវាត់​ពេញ​មេឃ​គួរ​ឱ្យ​ភ័យ​ខ្លាច​។ ចំណែក​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ដែល​ទៅ ឃ្វាលគោ​នៅ​ចំណុច​ចំការ​ខ្នុរ​ចំងាយ​ពី​ផ្ទះ​ប្រហែល​មួយ​គីឡូម៉ែត្រ​នោះ បាន​ជ្រក​ក្រោម​ដើមឈើ​ទាំង​ពីរ​នាក់ ខណៈនោះ​ក៏​ត្រូវ​រន្ទះបាញ់​ឆក់ យក​ជីវិត​ប្អូនប្រុស​តែ​ម្ដង​ទៅ​ដោយ​បន្សល់​ទុក​បងស្រី​សន្លប់​ក្បែរ​នោះ​ទាល់ តែ​អ្នកស្រុក​ដើរទៅ​ជួប​ទើប​នាំ​គ្នា​ដឹក​យក​មក​ផ្ទះ​។​

គួរ​រំលឹក​ថា ឆ្នាំ​នេះ​នៅ​ខេត្ដពោធិ៍សាត់ មាន​កើតឡើង​នូវ​ករណី​រន្ទះបាញ់​៦-៧​លើក​មក​ហើយ ហើយ កាលពី​ខែ​មុន​នេះ​នៅ​ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ រន្ទះបាញ់​ងាប់​គោ​អស់ ១១​ក្បាល​ទៀត​ផង​។​

Labels:

 
 

កម្មការិនី​រោងចក្រ​កាត់ដេរ​ដួល​ស្លាប់​ពេល​កំពុងធ្វើការ​ងារ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​មាន​យីហោ​ឈុ​ន ស៊ី​ង ស្ថិត​នៅ​ក្នុងភូមិ​ភ្នក សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ស្លាប់​ខណៈ​ពេល​កំពុងធ្វើការ​ងារ​ក្នុង​រោងចក្រ កាលពី​រសៀល ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០០៧ ។

​កម្មការិនី​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ព្រីង មួយ​លី អាយុ​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ដកំពង់ចាម បច្ចុប្បន្ន​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ។​

តាម​ការ​បំភ្លឺ​របស់​កម្មករ​មួយ​ក្រុម​បាន​និយាយ​ថា ឈ្មោះ​ព្រីង មួយ​លី ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់ ខណៈ​ពេល​កំពុងធ្វើការ​ក្នុង​រោងចក្រ ព្រោះ​ថៅកែ​រោងចក្រ​មិន​ឱ្យ​ពាក់​ស្បែកជើង​ចូល​ធ្វើការ (​ពាក់​ស្បែក ជើង​ជាន់​ម៉ាស៊ីនដេរ​) ។ ដោយឡែក​បើ​តាម​ការ​អះអាង​របស់​ប៉ូលិស​មូលដ្ឋាន ដែល​យោង​តាម​ការ បំភ្លឺ​របស់​ម្ចាស់​រោងចក្រ​និយាយ​ថា ឈ្មោះ​ព្រីង មួយ​លី ស្លាប់​ដោយសារ​ខ្យល់គរ ។ ទោះបីជា​មានការ អះអាង​ពីរ​ផ្ទុយ​គ្នា​ក៏​ដោយ ក៏​ពុំ​ទាន់​មាន​ប្រភព​ផ្លូវការ​ណាមួយ​បញ្ជាក់​អំពី​ហេតុផល​ស្លាប់​របស់​ឈ្មោះ ព្រីង មួយ​លី នៅឡើយ​ទេ លុះត្រា​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ត្រឹមត្រូវ​ទើប​យក​ជា​ការ​បាន ។​

Labels:

 
 

ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ខេត្ដសៀមរាប​ប្រារឰ​ទិវា​បរិស្ថាន​ឆ្នាំ​២០០៧

ខេត្ដសៀមរាប ៖ តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចេញ​នូវ​អនុក្រឹត្យ លេខ​១៥​អន​ក្រ​. បក ចុះ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​១៩៩៦ តំរូវ​យក​ថ្ងៃ​ទី​៥ មិថុនា ជា​ថ្ងៃ​ប្រារឰ​ទិវា​បរិស្ថាន ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស ដោយ​មានការ​ចូលរួម​ពី​សំណាក់ សមាគម អង្គការក្រៅរដ្ឋាភិបាល ដែល​ស្ថិត​នៅ​ក្រោម​ពាក្យស្លោក “​បរិស្ថាន​ល្អ សង្គម​ល្អ វប្បធម៌​រុងរឿង និង​ទីក្រុង​ស្អាត បរិស្ថាន​ល្អជា​ប្រភព​នៃ​សុខភាព​របស់​ប្រជាជន​” និង​ក្រោម​ប្រធានបទ “​ការ​រលាយ​ទឹកកក នៅ​តំបន់​ប៉ូ​ល​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​”​។ មិ​ទ្ទិញ​ស្ដី​ពី​ការ​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន ពិភពលោក ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០០៧ ត្រូវ​បាន​ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដសៀមរាប ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​អង្គរ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ក្រោម​អធិបតីភាព លោក​បណ្ឌិត​ម៉ុ​ក ម៉ា​រ៉េ​ត ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន និង​លោក ស៊ូ ភិ​រិ​ន្ទ អភិបាលខេត្ដ​សៀមរាប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាគម​-​អង្គការ​ក្រៅ រដ្ឋាភិបាល មន្ដ្រី​តំណាង​ឱ្យ​ក្រសួង​-​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ដ​រួម​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង ច្រើន​កុះករ ។

​បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់​លោក​ទេព ប៊ុ​ន​ឆាយ អភិបាលស្រុក​សៀមរាប និង​ការ​លើក​ឡើងជា​ចំណាប់ អារម្មណ៍​របស់​លោក​សេង សា​វី អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ន​ទ្រី (​កម្ពុជា​) ចំកាត់ ព្រមទាំង​ចំណាប់អារម្មណ៍ របស់​លោក ឈឹ​ត សំអាត នាយក​ប្រតិបត្ដិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ដែល​ថ្លែង បញ្ជាក់​ថា វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​តាម​រយៈ​គំរោង​បរិស្ថាន បាន​ធ្វើការ​យ៉ាង​ជិត ស្និទ្ធ​ទៅ​លើ​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ NGO Forum បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយនឹង​ថ្នាក់​ជាតិ និង​អន្ដរជាតិ​ក្នុង​ការ​ជួយ​អប់រំ​ផ្សព្វផ្សាយ​តស៊ូ​មតិ​ពិភាក្សា និង គាំទ្រ​ដល់​សហគមន៍​ទាំងឡាយ​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់ ពី​បញ្ហា​បរិស្ថាន​បណ្ដាល​មក​ពី​គំរោង អភិវឌ្ឍន៍​ធំៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ មិនតែប៉ុណ្ណោះ​យើង​ក៏​បាន​ធ្វើការ​យ៉ាង​សកម្ម​ផង​ដែរ ទៅ​លើ ការ​ពង្រឹងសមត្ថភាព​សហគមន៍ និង​ការងារ​បណ្ដាញ​តស៊ូ​មតិ​ជាមួយនឹង​បញ្ហា​បរិស្ថាន​ជា​ច្រើន​ដែល​បណ្ដាល មក​ពី​គំរោង ព្រៃ រ៉ែ និង​ដី​សម្បទាន​ធំៗ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​បញ្ជាក់​ថា បញ្ហា កើនឡើង​កំ​ដៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​មិន​មែនមាន​បញ្ហា​ចំពោះតែ ប្រទេស​កម្ពុ​ជាមួយ​នោះ ទេ​តែ​នេះ​ជា​បញ្ហា​រួម​ដែល​ត្រូវ​ធ្វើការ​គិតគូរ​ពិចារណា​ទាំងអស់​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ ពីព្រោះ បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បំពុលបរិយាកាស និង​ការ​បំផ្លាញ​ស្រទាប់​អូហ្សូន​របស់​ផែនដី​យើង ។​

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ លោក​ស៊ូ ភិ​រិ​ន្ទ អភិបាលខេត្ដ​សៀមរាប​បាន​បញ្ជាក់​ថា ខេត្ដសៀមរាប ជា​ខេត្ដ​ដែល​សំបូរ​ដោយ​ប្រាសាទបុរាណ​ច្រើន​ជាងគេ ហើយ​ក៏​ជា​ខេត្ដ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ លើ​វិស័យ​ទេសចរណ៍វប្បធម៌​ដែរ ដូច្នេះ​ខេត្ដសៀមរាប​ជា ខេត្ដ​និមិត្ដរូប​នៃ​ខឿនវប្បធម៌​ដ៏​រុងរឿង ដែល បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់​ទុក​ឱ្យ​ជា​កេរដំណែល​ប្រវត្ដិសាស្ដ្រ និង​ជា​និមិត្ដរូប​មួយ នៃ​ខឿន​បរិស្ថាន សង្គម​វប្បធម៌​ខ្មែរ​នា​សម័យ​នោះ​។ លោក​អភិបាលខេត្ដ​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ក្នុង​នាម​ប្រមុខ​ដឹកនាំ នៃ អាជ្ញាធរ​ខេត្ដ​បាន​ចាត់​ទុក​កិច្ច​គាំពារ​បរិស្ថាន​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​រួមចំណែក​គាំពារ ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ដ ដែល​អាជ្ញាធរ​បាន​គិតគូរ​ដល់​កិច្ច​ការពារ បរិស្ថាន​ធម្មជាតិ ជា​ពិសេស​ធនធាន​ព្រៃឈើ និង​រក្សា​ដើមឈើ​ធំៗ ដែល​ដុះ​លូតលាស់​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នានា ព្រម ទាំង​ការ​ដាំ​ដើមឈើ​ឡើង​វិញ​ជា​របាំង​ការពារ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​លោក​ស៊ូ ភិ​រិ​ន្ទ បាន​ធ្វើការ អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​ដែល​ពាក់ព័ន្ធ​ត្រូវ​ប្រឹងប្រែង​ឡើង​ថែម​ទៀត ដើម្បី​ស្រាវជ្រាវ​រកមុខ​អ្នក ដែល​បំផ្លាញ​ធនធានធម្មជាតិ ជា​ពិសេស​ការ​កាប់​រាន​ដី ព្រៃឈើ ព្រៃ​លិច​ទឹក​ដើម្បី​ទប់ស្កាត់ និង​អប់រំ ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនោះ ឬ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ។ លោក​បាន​សង្កត់ ធ្ងន់​ថា យើង​ត្រូវ​ខិតខំ​អនុវត្ដ​ច្បាប់​ដែល​មាន​ជា​ធរមាន​បន្ថែម​ទៀត ជា​ពិសេស​បទបញ្ជា​លេខ​០១​បប របស់ នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០០៦ ដែល​បាន​ព្រមាន​ថា អ្នក​ប្រព្រឹត្ដ ល្មើស​ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ហើយ​ប្រគល់​ដី​ទាំងនោះ​មក​ឱ្យ​រដ្ឋ​វិញ ចៀសវាង​ការ​ប្រឈម​មុខ ជាមួយ​ច្បាប់ ។​

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត​ម៉ុ​ក ម៉ា​រ៉េ​ត បាន​ថ្លែង​ថា ទិវា​បរិស្ថាន ៥ មិថុនា គឺជា ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​នៃ​ចលនា​អន្ដរជាតិ​ដែល​បាន​ចាប់ផ្ដើម​ឡើង​នៅ ឆ្នាំ​១៩៩២ ក្រោម​កិច្ចប្រជុំ​កំពូល នៅ​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មាន​គោលបំណង​ជំរុញ​ប្រទេស​ទាំងអស់​ក្នុង​សាកលលោក​ឱ្យ​កាន់តែ យកចិត្ដ ទុកដាក់​ចំពោះ​បញ្ហា​បរិស្ថាន​របស់​ខ្លួន​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍន៍​ជាតិ និង ការ​រីក​ចំរើន​ក្នុង​ពិភពលោក ទាំងមូល ។ លោក​ទេស​រដ្ឋមន្ដ្រី​បាន​ថ្លែង​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ លេខ​១៥​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​១៩៩៦ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ មិថុនា​រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​ប្រារឰ​ព្រម​គ្នា​នូវ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​មនុស្ស គ្រប់ៗ​រូប​ឱ្យ​គិតគូរ​ពី​ហានិភ័យ​បរិស្ថាន​នានា ដែល​តែង​កើត​មាន​មក​លើ​ភព​ផែនដី និង​ជួយ​ដាស់តឿន​ដល់ សហគមន៍​យើង​ទាំងមូល​ឱ្យ​យកចិត្ដទុកដាក់​ពី​បញ្ហា​បរិស្ថាន ដើម្បី​ផលប្រយោជន៍​មនុស្ស​គ្រប់​រូប និង សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំងមូល ។ លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ទិវា​បរិស្ថាន​ឆ្នាំ​នេះ​គឺ​យើង​ចាប់អារម្មណ៍ ជា​ចំបង​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ បាន​ដាក់​ចេញ នូវ​ប្រធានបទ​មួយ​ថា “​ការ​រលាយ​ទឹកកក​នៅ​តំបន់​ប៉ូ​ល​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​” ដែល​ប្រធានបទ​នេះ គឺ​សារ​មួយ​ដ៏​មាន​សារសំខាន់​សំរាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​សាកលលោក ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​យើង​ផង​ដែរ ឱ្យ​យកចិត្ដទុកដាក់​ទៅ​លើ​ភយន្ដរាយ​នានា​ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ របស់​ភព​ផែនដី ដោយសារ​សកម្មភាព​របស់​មនុស្ស ។​

Labels: ,

 
 

សាលាក្រុងបើកការដ្ឋានជួសជុលកែលំអសួនច្បារមុខវត្ដបទុមវតី

រាជធានី​ភ្នំពេញ ៖ សាលាក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០០៧ បាន​រៀបចំ​ពិធី​បើក ការដ្ឋាន​ជួសជុល​កែ​លំអ​សួនច្បារ​មុខ​វត្ដ​បទុម​វ​តី​ឡើង​វិញ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បី​លើកកំពស់​សោភ័ណ​ភាព​ទីក្រុង​ផង និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង ។ ពិធី​បើក​ការដ្ឋាន​នេះ ស្ថិត​ក្រោម​អធិបតីភាព​លោក​ម៉ប់ សា​រិ​ន អភិបាលរង​ក្រុងភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ា​ន់ ឈឿ​ន អភិបាលរង​ក្រុង មន្ដ្រីរាជការ​ក្រោម​ឱវាទ សាលាក្រុង តំណាង​អាជ្ញាធរ​ខណ្ឌដូនពេញ និង ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។ មុន​ការ​បើក​ការដ្ឋាន​ជួសជុល​សួនច្បារ​នេះ ក៏​មានការ​រំជើបរំជួល​ផង​ដែរ ពី​គណបក្ស​សម រ​ង្ស៊ី ដែល​ប្រកាស​ការពារ​ចេតិយ​ជន​រង​គ្រោះ ដោយ​គ្រាប់បែកដៃ​នៅ​មុខ​សភា ព្រោះ​ខ្លាច ការ​ធ្វើ​សួន​នេះ​អាច​ឈាន​ដល់​ការ​ឈូស​ឆាយ​ចេតិយ​នោះ​ចោល ។

​លោក​នួន សុមេធ នាយខុទ្ទកាល័យ​សាលាក្រុង​ភ្នំពេញ​បានឱ្យ​ដឹង​ថា សួនច្បារ​មុខ​វត្ដ​បទុម​វ​តី​នេះ មាន អាយុកាល​យូរណាស់​មក​ហើយ ។ បច្ចុប្បន្ន​ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​សួន​មាន​សភាព​ទ្រុឌទ្រោម ខ្វះ​អនាម័យ និង​បរិស្ថាន​នោះ លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​ផ្នែក​ជំនាញ របស់​សាលាក្រុង​ចុះ​សិក្សា​គំរោង​កែ​លំអ​សួនច្បារ​នេះ​ឡើង​វិញ សំដៅ​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ពី​មួយ​ថ្ងៃ ទៅ​មួយ ថ្ងៃ​មានការ​ប្រែ​មុខមាត់​ថ្មី​ទាំង​សោភ័ណ​ភាព សណ្ដាប់ធ្នាប់ អនាម័យ និង​បរិស្ថាន​ល្អ ហើយ សកម្មភាព​នោះ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ឱ្យ​ស័ក្ដិ​សមជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោក​នួន សុមេធ បាន​បន្ដ​ទៀត​ថា សួនច្បារ​មុខ​វត្ដ​បទុម​វ​តី​មាន​ផ្ទៃក្រឡា​សរុប​៥៩.៨៨០​ម៉ែត្រការ៉េ មាន រាង​ជា​ពហុកោណ បណ្ដោយ​មធ្យម​៥៥០​ម៉ែត្រ ទទឹង​មធ្យម​១១០​ម៉ែត្រ ស្ថិត​នៅ​ចន្លោះ​វិ​ថី​ព្រះ​សុរា​ម្រឹត វិ​ថី​ព្រះ​សុធារស ផ្លូវ​លេខ​២៤០ និង​ផ្លូវ​ឧកញ៉ា​ស៊ូ ស្រ៊ុ​ន ។ ឆ្លង​តាម​ការ​សិក្សា​សួនច្បារ​នេះ​ត្រូវ​ជួសជុល កែ​លំអ​មាន​រយៈពេល​២៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​ថ្ងៃ​ទី​៦ មិថុនា តទៅ ដែល​ត្រូវ​ចំណាយ ថវិកា​អស់​ប្រមាណ​៣.០១៥.២១០.០០០​រៀល​។​

Labels: ,

 
 

៣នាក់ជិះម៉ូតូកាត់ភ្លៀងរន្ទះបាញ់ស្លាប់១របួសធ្ងន់២

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អ​ធ័​ម​នៅ​នឹង​កន្លែង និង ២​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ឧប្បត្ដិហេតុ​រន្ទះបាញ់​ខណៈ​ពេល​ដែល​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង ឌុ​ប​គ្នា ពេល​មេឃ​កំពុង​ភ្លៀង​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​ដួល​ស្លាប់ និង​របួស​រដូករណែល​ពេញ​ផ្លូវ​។ ហេតុការណ៍ ដ៏​រន្ធត់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២ មិថុនា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៤ ត្រង់​ចំណុច​ទល់មុខ​ដេប៉ូ​លក់​ឈើ​ដួង​ណៃ ស្ថិត​ក្នុងភូមិ បែក​ចាន ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។​

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​នោះ​ឈ្មោះ​ហឿ​ន ហេ​ន អាយុ​២២​ឆ្នាំ និង​អ្នក​រង​របួស ២​នាក់​នោះ ម្នាក់​ឈ្មោះ ឡុ​ង ណា​ក់ អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ​លន ចាន់​ដា អាយុ​២០​ឆ្នាំ ពេល​នេះ កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពហុ​ព្យាបាល​ច​ន្ទ្រា ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ម្នាក់​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល កើតហេតុ​មេឃ​បាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង លាយឡំ​ដោយ​ផ្លេកបន្ទោរ​និង​ស្នូរ​រន្ទះ​គួរ​ឱ្យ​ខ្លាច​ផង​ដែរ ។ ក្នុង ខណៈ​ពេល​នោះ​គេ​បានឃើញ​យុវជន​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខៀវ​មួយ​គ្រឿង ឌុ​ប​គ្នា​ក្នុង​ល្បឿន លឿន​គួរសម​ដែរ ចេញពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​ផ្ទះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ សាក្សី​រូប​នោះ​បាន​បន្ដ ទៀត​ថា ពេល​ម៉ូតូ​របស់​ពួក​គេ​បោះពួយ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ផ្លេកបន្ទោរ​មួយ​ឆ្វាច់ យ៉ាង​ខ្លាំង ហើយ​ក៏​មាន​រន្ទះបាញ់​ចំពួក​គេ​តែ​ម្ដង ។ មិនតែប៉ុណ្ណោះ​គេ​បាន​ប្រទះ​ឃើញ​មាន​ហុយផ្សែង​នៅ ត្រង់​ចំណុច​ដែល​បាញ់​នោះ ហើយ​ក៏​ឃើញ​យុវជន​ទាំង​៣​នាក់​ដួល​ម៉ូតូ​ទាំង​កំរោល​ទៀត​ផង ។ ម្យ៉ាងទៀត នៅ​ពេល​ភ្លាមៗ​នោះ​គេ​ពុំ​ទាន់​ហ៊ាន​ចេញ​ទៅ​មើល​ទេ លុះ​ក្រោយ​ពេល​ស្ងប់ស្ងាត់​លែង​សូវ​មាន​ផ្លេកបន្ទោរ ទើប​នាំ​គ្នារ​ត់ទៅ​មើលឃើញ​យុវជន​ម្នាក់​ស្លាប់ រីឯ​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​រដូករណែល​ពេញ​ផ្លូវ ។​

ប្រជាពលរដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា រដូវ វស្សា​ឆ្នាំ​២០០៧​នេះ ឱ្យ​តែ​មេឃងងឹត​មាន​ភ្លៀង​ធ្លាក់​តែងតែ មាន​រន្ទះបាញ់​គួរ​ឱ្យ​ខ្លាច ហើយ​ពួក​គាត់​ពុំ​សូវ​ហ៊ាន​ដើរ​ចេញ​ក្រៅ​ផ្ដេសផ្ដាស​នោះ​ទេ ។ ម្យ៉ាងទៀត​បើ ធ្វើ​ដំណើរ​តាម​ផ្លូវ​វិញ ពួក​គាត់​ប្រញាប់ប្រញាល់​រក​កន្លែង​ជ្រក​រហូត​រាំងភ្លៀង ទើប​ហ៊ាន​បន្ដដំណើរ​ទៅ មុខ​ទៀត​។ ពេល​នេះ​តាម​ប្រភព​ពី​គ្រូពេទ្យ​ដែល​អះអាង​ប្រាប់​ប៉ូលិស​ថា យុវជន​ដែល រង​របួស​ទាំង​២​នាក់ នោះ គឺ​យុវជន​ម្នាក់​មាន​សង្ឃឹមថា អាច​សង្គ្រោះ​បាន​តិចតួច​បំផុត ប៉ុន្ដែ​ទោះបីជា​បែប​ណា​ពួក​គេ​កំពុង​ស្ថិត ក្រោម​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ពី​សំណាក់​គ្រូពេទ្យ ។

​តាម​សេចក្ដីរាយការណ៍​ពី​ខេត្ដបាត់ដំបង ជុំវិញ​ករណី​រន្ទះបាញ់​នេះ​ដែរ​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ រន្ទះបាញ់​ស្លាប់​៣​នាក់ របួស​ម្នាក់ និង​ងាប់​គោ​២​ក្បាល​ផង​ដែរ​។ តាម​ព័ត៌មាន​ដែល​យោង​តាម​របាយការណ៍ របស់​ស្នងការដ្ឋាន​ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា នៅ​ស្រុក​មោងឫស្សី​មាន​ប្រជាពលរដ្ឋ ម្នាក់​ឈ្មោះ​មុំ យឹ​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុម​ទី​២ ភូមិ​ព្រែក​តា​វេន ឃុំ​ព្រែកជីក ត្រូវ​រន្ទះបាញ់​ស្លាប់​កាលពី វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១ មិថុនា ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ថែម​ទាំង មាន​ខ្យល់ព្យុះ​ផង​។ ឧប្បត្ដិ​ហេតុនេះ បាន​កើតឡើង ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​អង្គុយ​នៅ​ក្នុងផ្ទះ ហើយ រន្ទះ​បាន​បាញ់​ផ្ដាច់ជីវិត​បុរស​ចំណាស់​នេះ​នៅ​ក្នុងផ្ទះ​របស់​គាត់​តែ​ម្ដង ។

​ដោយឡែក​នៅ​ឯ​ស្រុក​រតន​មណ្ឌល​ឯណោះ​វិញ របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​២ ខែមិថុនា​គឺ​ក្រោយ​ពេល​គ្នា​១​ថ្ងៃ នៅ​ក្នុងភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ភ្លៀង​បាន​បង្អុរ​ជោកជាំ និង​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ព្រមទាំង​មាន​រន្ទះបាញ់​ផ្ទ្ទួ​នៗ​គ្នា បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​២​នាក់​ស្លាប់ បាត់បង់​ជីវិត ម្នាក់​រង​របួសធ្ងន់ និង​ងាប់​គោ​ចំនួន​២​ក្បាល ។ អ្នក​ស្លាប់ និង​អ្នក​របួស​ចំនួន​៣​នាក់​នេះ ត្រូវ​បាន​លោក គឹ​ម ពិសិដ្ឋ អធិការរង​ស្ដីទី​ប៉ូលិស​ស្រុក​រតន​មណ្ឌល​ប្រាប់​កោះសន្ដិភាព​ថា ១-​ឈ្មោះ​នាក់ គឹ​មហា​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បឹង​អំពិល​ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​ពេល​នាង​កំពុង​ដាំ​ដំណាំ ក្នុង​ចំការ​នៅ​ចំណុច​គ្រឹះ​ខ្លុង ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​, ២-​ឈ្មោះ ទិ​ត សីហា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ស្លាប់​) និង ៣-​ឈ្មោះ​រិ​ន រ៉ា​ស្រី​និ​ច ភេទ​ស្រី អាយុ​១៤ ឆ្នាំ​(​របួសធ្ងន់​)​ទាំង​ពីរ​នាក់​នេះ​រស់នៅ ភូមិ​បឹង​អំពិល ហើយ​ពួក​គេ​ត្រូវ​រន្ទះបាញ់ ខណៈ​ពេល​កំពុង​ដើរ​ដេញគោ​ត្រឡប់​មក​ផ្ទះ​។ រីឯ​គោ​ចំនួន ២​ក្បាល ដែល​ងាប់​ដែរ​នោះ​ជា​របស់​ឈ្មោះ​ប៉ែន ភឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ហើយ​គោ​នេះ​ត្រូវ​បាន​ម្ចាស់​ចង​នៅ​ក្នុង​ក្រោល​ក្បែរ​ផ្ទះ ។ លោក​អធិការរង​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង ហេតុការណ៍​គ្រោះ​ធម្មជាតិ​នៅ​ថ្ងៃ​ទី​២ មិថុនា នោះ ក្នុង​ពេល​តែ​មួយ​រន្ទះ​បាន​បាញ់​២​ដង​ផ្ទួនៗ​គ្នា​បណ្ដាល​ឱ្យ ត្រូវ​មនុស្ស​ស្លាប់ និង​គោ​ងាប់​ជា​បន្ដបន្ទាប់ ។​

គួរ​កត់សំគាល់​ដែរ​ថា ចាប់តាំងពី​ពាក់កណ្ដាល​ខែមីនា រហូត​មក​ដល់​ដើមខែ មិថុនា ឆ្នាំ​២០០៧​នេះ មាន ភ្លៀង​ធ្លាក់ និង​ខ្យល់ព្យុះ​ព្រមទាំង​មាន​រន្ទះបាញ់​ស្លាប់​មនុស្ស​ជាង​១០​នាក់ និង​របួស​មួយ​ចំនួន​តូច ងាប់​គោ​-​ក្របី​ជា​ច្រើន​ក្បាល ព្រមទាំង​បង្ក​ឱ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មិន​តិច​ជាង​៥០០​ខ្នង​ទេ នៅ​ក្នុង ខេត្ដបាត់ដំបង ទាំងមូល ក្នុង​នោះ​ក៏​មាន​សាលារៀន និង​អគារ​ផ្សេងៗ​មួយ​ចំនួន​ទៀត នេះ​បើ​តាម​សេចក្ដី រាយការណ៍​ពី​តាម​ស្រុក​នានា​ក្នុង​ខេត្ដបាត់ដំបង​នា​ពេល​កន្លង​មក ។​

Labels: ,

 
 

ខ្យល់និងព្រះពិរុណមួយមេធំនៅភ្នំពេញរំលំពោធិ៍មួយដើមទាំងឫស

រាជធានី​ភ្នំពេញ ៖ ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​ដែល​ដុះ​នៅ​ចំណុច​ផ្លូវ​លេខ​៣៨៨ កែង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន បាន​ដួល​រលំ​លើ​កំណាត់​ផ្លូវ​លេខ​៣៨៨ បណ្ដាល ឱ្យ​ការ​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​នោះ​ពុំ​អាច​ឆ្លងកាត់​បាន​អស់​រយៈពេល​មួយ​ថ្ងៃ​ពេញ​ទៅ​ហើយ នៅ​តែ​ពុំ​ទាន់ ឃើញ​អាជ្ញាធរ​ឬ​មន្ដ្រី​ជំនាញ​ចុះ​កាប់​ចេញ​ពីលើ​ទ្រូងផ្លូវ​ឡើយ​។ ដើម​ពោធិ៍​ដ៏​ចំណាស់​នេះ បាន​ដួល​រលំ ទៅ​លើ​ដងផ្លូវ​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ មិថុនា ក្រោយ​ពេល​មាន​ភ្លៀង​មួយ​មេ និង ព្យុះ​កំណាច​យ៉ាង​ធំ​មួយ​បោកបក់​ក្នុង​ទីក្រុង​ភ្នំពេញ ។​

ទាក់ទិន​នឹង​ឧប្បត្ដិហេតុ​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ចំណាស់​ម្នាក់ អាយុ​ប្រហែល​៨០​ឆ្នាំ ដែល មាន​លំនៅ​ឋាន​ក្បែរ​កន្លែង​ដែល​ដើម​ពោធិ៍​រលំ​នោះ បាន​និយាយ​ប្រាប់​អាជ្ញាធរ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ថា ចាប់តាំងពី​គាត់​ធំ​ដឹងក្ដី​កាលណា​មក គឺ​ឃើញ​ដើម​ពោធិ៍​ដ៏​ធំ​នេះ​មាន​ទំហំ​ស្ទើរ​ប៉ុន​នឹង​កង់​រទេះគោ​ទៅ​ហើយ មាន​ម្លប់​ត្រឈឹងត្រឈៃ ។ ដូច្នេះ​បើ​ប្រៀបធៀប​ពី​អាយុកាល គឺ​ដើម​ពោធិ៍​ខាងលើ​មាន​អាយុ​មិន​ក្រោម​ពី ១០០​ឆ្នាំ​ឡើយ​។ មានការ​លើក​ឡើង​ថា នេះ​ជា​សំណាងល្អ​មួយ​ក្នុង​មួយ​ពាន់​សំណាង​ហើយ ដែល​ដើម​ពោធិ៍ រលំ​នោះ​ពុំ​មាន​មនុស្ស​ឆ្លងកាត់​លើ​ដង​វិ​ថី​នៅ​ពេល​មាន​ហេតុការណ៍​កើតឡើង បើសិនជា​ពេល​នោះ​មាន មនុស្ស​ឆ្លងកាត់​វិញ ប្រាកដជា​ចៀស​មិន​ផុត​ពី​ទទួល​រង​គ្រោះ​ដល់​ជីវិត​ជា​ពុំខាន​ឡើយ ។ ទោះជា​យ៉ាងនេះ ក្ដី គេ​បាន​សង្កេត​ឃើញ​ផ្ទះ​បើកហាង​លក់​កាហ្វេ​មួយ​កន្លែង​នៅ​ក្បែរ​ដើម​ពោធិ៍ធំ​នោះ បាន​ទទួល​រង​នូវ​ការ ខូចខាត​បាក់បែក​សំយាបផ្ទះ​មួយ​ចំនួន​ផង​ដែរ ដោយសារ​ចុង​ដើម​ពោធិ៍​រលំ​ទៅ​ប៉ះ​គ្រប​ពីលើ ។ មនុស្ស​ជា ច្រើន​នាក់​ដែល​ទៅ​អង្គុយ​ហូប​កាហ្វេ​នៅ​ហាង​កាហ្វេ​នេះ​បាន​លាន់មាត់​គ្រប់ៗ​គ្នា​ថា បើសិនជា​ហាង​កាហ្វេ​ពុំ មែន​ជា​ផ្ទះថ្ម​រឹង​មាំ​ទេ ម្ល៉េះ​សម​នឹង​ត្រូវ​បាក់​ស្រុត​ដោយសារ​ដើម​ពោធិ៍​រលំ​សង្កត់​នោះ​ពុំខាន​ឡើយ ។ ជុំវិញ ឧប្បត្ដិហេតុ​ខាងលើ​នេះ មហាជន​ភាគច្រើន​បាន​ធ្វើការ​រិះគន់​ទៅ​អាជ្ញាធរ​ក្រុងភ្នំពេញ ពិសេស​មន្ទីរ សាធារណការ​រាជធានី​ភ្នំពេញ​ថា ពុំ​បាន​គិតគូរ​ច្បាស់លាស់​អំពី​អាយុកាល​របស់​ដើមឈើ​នៅ​ក្នុង​ក្រុងភ្នំពេញ ដើម្បី​ធ្វើការ​កាប់​ផ្ដួល​ចោល​មុន​ឧប្បត្ដិហេតុ​កើតឡើង ទើប​ពុំ​បណ្ដាល​ឱ្យ​មានការ​ផល​ប៉ះពាល់​ដល់​ជីវិត​រស់ នៅ​របស់​ប្រជាពលរដ្ឋ ។​

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា នៅ​មាន​ដើមឈើ​ចំណាស់ៗ​ជា​ច្រើន​ដើម​ដុះ​នៅ​អម​ដង​វិ​ថី​នានា ក្នុង ក្រុងភ្នំពេញ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ ឬ​បាក់​ធ្លាក់​មក​លើ​ផ្លូវ ហើយ​នៅ​ពុំ​ទាន់​ឃើញ​មន្ដ្រី​ជំនាញ ចុះ​ធ្វើការ​សិក្សា​គិតគូរ​មុន​ពេល​មាន​ឧប្បត្ដិហេតុ​កើតឡើង​ឡើយ ។ គេ​បាន​កត់​សំគាល់ថា កន្លង​មក ធ្លាប់​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទទួល​រង​នូវ​ការ​ខូចខាត​យានយន្ដ​គ្រប់​ប្រភេទ ដោយសារ​ដើមឈើ​រលំ​សង្កត់ ពិសេស​គឺ​ក្នុង​រដូវវស្សា​។ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត មន្ដ្រី​ជំនាញ​គួរ ធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ឡើង​វិញ ចៀសវាង​មានការ​ដួល​រលំ​ដើមឈើ​មក​លើ​ដងផ្លូវ បង្ក​ការ​លំបាក និង​គ្រោះ​មហន្ដរាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ព្យុះ​ភ្លៀង​ម្ដងៗ ។​

Labels: , ,

 
 

អាជ្ញាធរ​ក្រុង​ទប់ស្កាត់​សត្វ​កណ្ដៀរ​ញំ​ដី​លុប​បឹង​ស្ដុក​ទឹក​សំអុយ

រាជធានី​ភ្នំពេញ ៖ អាង​ស្ដុក​ទឹក​ស្អុយ​បឹង​ត្របែក​មាន​ទីតាំង​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ជា​អាង ដ៏​មាន​សារសំខាន់​ក្នុង​ការ​ទទួល​ទឹក​ស្អុយ​ចេញពី​ប្រឡាយ​បង្ហូរទឹក​ស្អុយ​បឹង​ត្របែក និង​តំបន់​មួយ​ចំនួន​ទៀត ក្នុង​ក្រុងភ្នំពេញ រួច​បន្ដ​នាំ​ទឹក​ទៅ​បឹង​ទំពុន តែ​ពេល​នេះ​ត្រូវ​គេ​ដឹក​ដីខ្សាច់ និង​កំទេច​ថ្ម​តាម​រ៉ឺ​ម៉ក​ម៉ូតូ និង​រថយន្ដ​តូចៗ​ចាក់​លុប​ស្ទើរ​ពេញ​ទៅ​ហើយ ដែល​អាជ្ញាធរ​មូលដ្ឋាន​មើល​មិនឃើញ តែ​ពេល​នេះ​ត្រូវ អាជ្ញាធរ​ក្រុងភ្នំពេញ​ចុះ​ទៅ​ទប់ស្កាត់ ។​

កាលពី​រសៀល​ថ្ងៃ​ទី​១ មិថុនា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​ជ្រាង សុ​ផា​ន់ អភិបាលរង ក្រុងភ្នំពេញ រួម​ជាមួយ​មន្ដ្រី​ក្រោម​ឱវាទ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​អាង​ស្ដុក​ទឹក​បឹង​ត្របែក​នោះ​។ មាន​រថយន្ដ​កូរ៉េ​មួយ​គ្រឿង​ដឹក​ដី​លាយ​កំទេច​ថ្ម បំរុង​ចាក់​ចូល​ក្នុង​បឹង​នោះ ត្រូវ​បាន​ទប់ស្កាត់ ព្រមទាំង ឃាត់​រថយន្ដ​នោះ​នាំ​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ការ​ដោះស្រាយ ។​

តាម​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​អាង​ស្ដុក​ទឹក​បឹង​ត្របែក​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ប្រមាណ ជិត​២​ខែ​កន្លង​មក​មានការ​ចាក់​ដី​ចូល​ក្នុង​បឹង​តាម​រូបភាព​ដឹក​តាម​រ៉ឺ​ម៉ក ម៉ូតូ​កង់​៣ និង​រថយន្ដ​មួយ​តោន​កន្លះ ឬ​២​តោន​កន្លះ​ជាដើម តែ​មិន​ដែល​ឃើញ​អាជ្ញាធរ​ចុះ​ទៅ​ហាមឃាត់​ឬ​ទប់ស្កាត់​ឡើយ ។ តាម​ការ​ប៉ាន់ស្មាន កាលពីមុន​អាង​ស្ដុក​ទឹក​ស្អុយ​បឹង​ត្របែក​នោះ មាន​ទំហំ​ប្រមាណ​ជា​៥​ហិ​កតា តែ​ពេល​នេះ​ត្រូវ​បាន​គេ​ចាក់ ដី​លុប​សាងសង់​ជា​សំណង់​ផ្សេងៗ​ឬ​ចាក់​ដី​សរុប​ទុក​ចោល​នៅ​តែ​សល់​ប្រមាណ​តែ​២​ហិ​កតា​ប៉ុណ្ណោះ ។​

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុងភ្នំពេញ​ឱ្យ​ទប់ស្កាត់​ការ​ចាប់ដី​លុប​បឹង​នោះ បើ​នៅ​តែ​បណ្ដែត បណ្ដោយ​តទៅ​ទៀត អាង​ស្ដុក​ទឹកធម្មជាតិ​នឹង​ត្រូវ​បាត់បង់​បណ្ដាល​ឱ្យ​ការ​លិច​ទីក្រុង​ភ្នំពេញ កាន់តែ ធ្ងន់ធ្ងរ​ឡើង ។ ក្នុង​ពេល​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នោះ លោក​ជ្រាង សុ​ផា​ន់ បាន​បញ្ជា​ឱ្យ​នគរបាល​សង្កាត់ ឃាត់​រថយន្ដ​ដឹក​ដី​តូច​មួយ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។ ទោះជា យ៉ាងណា ពេល​នោះ​មិនឃើញ​មានការ​ដឹក​ដី​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​ចូល​ចាក់​ក្នុង​បឹង​នោះ ដូច​សេចក្ដី រាយការណ៍​របស់​ប្រជាពលរដ្ឋ​ឡើយ ។​

Labels: ,

 
 

ខឹង​យកឈ្មោះ​កងពល​មក​ប្រើ​ដើម្បី​ដឹកឈើ​...​ចាប់​ព្រមាន​ម្ដង

ខេត្ដសៀមរាប ៖ រថយន្ដ​កង់​១០​ដឹកឈើ​ប្រណីត​១​គ្រឿង ត្រូវ​កងកំលាំង​កងពលធំ​អន្ដរាគមន៍​លេខ​២ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ចាប់​នាំ​យក​ទៅ​រក្សា​ទុក​ក្នុង​ទីបញ្ជាការ​របស់​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើត ឡើង​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០០៧ នៅ​ភូមិ​កំ​ព្រំ ឃុំ​ឈុ​ន​រៀម ស្រុក​បន្ទាយស្រី ខេត្ដសៀមរាប​។ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បានឱ្យ​ដឹង​ថា រថយន្ដ​ដឹកឈើ​នោះ ម៉ាក​ហ៊ី​ណូ ពណ៌​ត្រួយ​ចេក គ្មាន ស្លាក​លេខ ។

​រថយន្ដ​នោះ​ដឹកឈើ​ប្រណីត​ពី​ស្រុក​ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦៧ តែ​ពុំ បាន​ឈប់​ឱ្យ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​នៃ​សង្កាត់​នីមួយៗ​តាម​ដងផ្លូវ​ត្រួតពិនិត្យ​ទេ​។ ពេល​ទៅ​ដល់​ចំណុច​កើត ហេតុ​នោះ​ក៏​ត្រូវ​មេព្រៃ​សង្កាត់​ថ្នាល​រង្វាស់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ស្ទាក់​ចាប់ ក្នុង​នោះ​ក៏​មាន លោក​ឧត្ដមសេនីយ៍ត្រី ឈ​ន ឆ​ន មេបញ្ជាការ​រង​កងពលធំ​អន្ដរាគមន៍​លេខ​២ ជិះ​រថយន្ដ​ពីក្រោយ​ផង​ដែរ​។ ខណៈនោះ​ឃើញ​ទាហាន​ម្នាក់​ឈ្មោះ​សៀ រឿ​ន ដែល​ជា​អ្នក​រត់ការ​យក​លិខិតអនុញ្ញាត​ច្បាប់​មក​បង្ហាញ លោក​មេព្រៃ​និង​លោក​មេបញ្ជាការ​រង​កងពល ។ ក្រោយ​ពី​ទទួល​បាន​លិខិត​នោះ លោក​ឧត្ដមសេនីយ៍ ត្រី​បាន​បើករថយន្ដ​ទៅ​បាត់ លុះ​មួយសន្ទុះ​ក្រោយមក​ឃើញ​កងកំលាំង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង​វែង គ្រប់​ដៃ​មក​រឹបអូស​រថយន្ដ​ដឹកឈើ​ប្រណីត​ពី​សមត្ថកិច្ច​មេព្រៃ យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​កងពលធំ អន្ដរាគមន៍​លេខ​២ ។

ទាហាន​ម្នាក់​សូម​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា លោក​មេបញ្ជាការ​រង​ខឹង​ខ្លាំង​ណាស់ ព្រោះ​មួយ​រយៈ កន្លង​មក​មាន​រថយន្ដ​ដឹកឈើ​ជា​ច្រើន​បាន​យកឈ្មោះ​កងពល​មក​ប្រើ សំរាប់​ការ​ដឹកឈើ​ល្មើសច្បាប់​របស់​ពួក គេ​ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​កិត្ដិយស​កងពល​យ៉ាង​ខ្លាំង ដូច្នេះ​ត្រូវ​តែ​ចាប់​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត ស្អំ ។

តាម​បុរស​ឈ្មោះ​សៀ រឿ​ន ដែល​ជា​អ្នក​រត់ការ​ឱ្យ​ដឹង​ថា ឈើ​ប្រណីត​នៅ​ក្នុង​រថយន្ដ ហ៊ី​ណូ​នោះ​មាន​ចំនួន ៥​ម៉ែត្រគូប បាន​ដឹក​មក​ពី​ស្រុក​ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ ឆ្ពោះទៅ​ផ្ទះ​មួយ​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។ ឈើ​នេះ​ជា​ឈើ​របស់​លោក​ពេជ្រ គឹ​ម​ស្រាង មាន​ចំនួន​សរុប​២០​ម៉ែត្រគូប ត្រូវ​ដឹក​៣​រថយន្ដ ក្នុង​នោះ​រថយន្ដ​ដែល​បាន​ចាប់​នេះ ដឹក​៥​ម៉ែត្រគូប ។ ដោយឡែក​រថយន្ដ​២​គ្រឿង​ទៀត​គឺ មួយ​គ្រឿង​ដែល​ទៅ​មុន​បាត់​ផ្ទុក​ឈើ​១០​ម៉ែត្រគូប និង​រថយន្ដ​ចុង​ក្រោយ​ដឹក​៥​ម៉ែត្រគូប​ទៀត ។ អ្នក​រត់ ការ​អះអាង​ថា គេ​ចាប់​ទៅ​ណា​ក៏​ចាប់​ទៅ ព្រោះ​ឈើ​មានច្បាប់ ណាមួយ​ឈើ​លោក​ធំ​ផង (​Sic) ។​

ប្រជាពលរដ្ឋ​ឆ្ងល់​ថា គេ​បាន​ច្បាប់​ដឹកឈើ​មកពីណា បានជា​ដឹក​ម្ដងៗ​ពី​២​ទៅ​៣​រថយន្ដ​បែប​នេះ តើ​ព្រៃ សម្បទាន​ស្រុក​ខ្មែរ​នៅ​មាន​ទៀត​ឬ​? បើ​និយាយ​ពី​ឈើ​សាលក្រម​មិនដឹង​ជា​ដាក់​ដេញថ្លៃ​លក់​ឡៃ​ឡុ​ង ប៉ុន្មាន​ម៉ឺន​ម៉ែត្រគូប​មក​ហើយ​ទេ តែ​ឈើ​សាលក្រម​នៅ​តែ​មាន​ដដែល​។ គេ​ឆ្ងល់​ទៀត​ថា​តើ​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដែល​មាន​លោក​វណ្ណ សុ​ផា​ណ្ណា ជា​ប្រធាន បាន​ឈើ​ពី​ណា​ច្រើន ដល់​ថ្នាក់​ហ្នឹង​មក​ដាក់​ឱ្យ​ដេញថ្លៃ​ម្ដង​ហើយ​ម្ដងទៀត​នោះ​។ ទោះបីជា​យ៉ាងណា ជុំវិញ​ការ​ចាប់​ឈើ​លើក ក្រោយ​នេះ​ពុំ​ទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​ច្បាស់​ការណ៍​អះអាង​ថា លោក​ឧត្ដមសេនីយ៍ត្រី​ឈ​ន ឆ​ន មេបញ្ជាការ​រង​កងពលធំ​អន្ដរាគមន៍​លេខ​២ ដោះស្រាយ​យ៉ាងនោះ​ទេ ព្រោះ​ពុំ​អាច​សុំ​ទាក់ទង​បាន​។

Labels: , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.