ឃ្វាលគោជ្រកភ្លៀងក្រោមដើមឈើត្រូវរន្ទះបាញ់ស្លាប់ប្អូន របួសបង
ខេត្ដពោធិ៍សាត់ ៖ កូនចៅអ្នកភូមិពីរនាក់បងប្អូនដែលទៅឃ្វាលគោហើយជ្រកភ្លៀងក្រោមដើមឈើ បានត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសម្នាក់។ បាតុភូតនេះបានកើតឡើង កាលពីវេលាម៉ោង២កន្លះ ថ្ងៃទី៥មិថុនា ២០០៧ នៅចំណុចចំការខ្នុរ ស្ថិតក្នុងភូមិកំរែង ឃុំស្វាយ.ស ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ក្នុងខណៈពេលមេឃងងឹតធ្លាក់ភ្លៀងតិចៗ។
លោកហុង ថាន់ មេឃុំស្វាយ.ស បានប្រាប់ កោះសន្ដិភាពថា កុមារដែលត្រូវរន្ទះបាញ់ស្លាប់ឈ្មោះលាង រដ្ឋា ភេទប្រុស អាយុ១៣ឆ្នាំ រីឯកុមារីរងរបួសជាបងបង្កើតឈ្មោះ លាង សុខគា អាយុ១៥ឆ្នាំ នៅភូមិឃុំកើត ហេតុខាងលើ។ លោកមេឃុំបានប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះទាំងពីរនាក់មានស្នាមជាំក្រលៀនឡើងខ្មៅ រហែកខោអាវដូចគេវះងៀត ។ ក្មេងប្រុសឈ្មោះលាង រដ្ឋា ជាប្អូនបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកក្មេងស្រីឈ្មោះលាង សុខគា ជាបងសន្លប់និងមានសភាពស្លេកស្លាំងដូចពុលអ្វីមួយ ។ លោក មេឃុំស្វាយ.សឱ្យដឹងទៀតថា នៅរសៀលថ្ងៃទី៥ មិថុនា ២០០៧ នោះមេឃបញ្ចេញកំដៅពេញមួយថ្ងៃ លុះដល់ម៉ោងជិត៣ស្រាប់តែមេឃស្រទុំធ្លាក់ខ្យល់ខ្លាំង និងមានភ្លៀងធ្លាក់បន្ដិចបន្ដួច ប៉ុន្ដែពោរពេញ ទៅដោយផ្លេកន្ទោរច្រវាត់ពេញមេឃគួរឱ្យភ័យខ្លាច។ ចំណែកក្មេងរងគ្រោះទាំងពីរនាក់បងប្អូន ដែលទៅ ឃ្វាលគោនៅចំណុចចំការខ្នុរចំងាយពីផ្ទះប្រហែលមួយគីឡូម៉ែត្រនោះ បានជ្រកក្រោមដើមឈើទាំងពីរនាក់ ខណៈនោះក៏ត្រូវរន្ទះបាញ់ឆក់ យកជីវិតប្អូនប្រុសតែម្ដងទៅដោយបន្សល់ទុកបងស្រីសន្លប់ក្បែរនោះទាល់ តែអ្នកស្រុកដើរទៅជួបទើបនាំគ្នាដឹកយកមកផ្ទះ។
គួររំលឹកថា ឆ្នាំនេះនៅខេត្ដពោធិ៍សាត់ មានកើតឡើងនូវករណីរន្ទះបាញ់៦-៧លើកមកហើយ ហើយ កាលពីខែមុននេះនៅឃុំត្នោតជុំ ស្រុកក្រគរ រន្ទះបាញ់ងាប់គោអស់ ១១ក្បាលទៀតផង។
Labels: បរិស្ថាន
for this post
Leave a Reply