សម្ដេចមហិស្សរាច័ក្រពង្ស់ទំនងជាលាលែងពីតំណែងអនុប្រធានបក្សនរោត្ដម រណឫទ្ធិ
រាជធានីភ្នំពេញ ៖ ប្រភពដែលស្និទ្ធនឹងគណបក្សនរោត្ដម រណឫទ្ធិ បានបង្ហើបឱ្យដឹង កាលពីថ្ងៃទី៦ មិថុនាថា សម្ដេចមហិស្សរា នរោត្ដម ច័ក្រពង្ស់ អនុប្រធានគណបក្ស នរោត្ដម រណឫទ្ធិ គ្រោងដាក់ពាក្យលាលែង ចេញពីគណបក្សនេះ ។ ការសំរេចព្រះទ័យបែបនេះ ធ្វើឡើងទន្ទឹមនឹងមានការតែងតាំង លោកឈឹម សៀកឡេង អតីតអគ្គលេខាធិការគណបក្សទៅជាអនុប្រធានគណបក្ស និងមានបញ្ហាផ្ទៃក្នុងបក្សដែល មិនអាចដោះស្រាយបាន ។
ព្រះអង្គម្ចាស់ធម្មិកោ អតីតអគ្គប្រតិភូ នៃគណបក្សរណសិរ្សសង្គមជាតិនិយម ដែលទើបប្រកាសចូលរួម ជាមួយគណបក្សនរោត្ដម រណឫទ្ធិ កាលពីពេលថ្មីៗនេះបានមានបន្ទូលប្រាប់កោះសន្ដិភាពតាមទូរស័ព្ទ កាល ពីថ្ងៃទី៥ មិថុនាថា ព្រះអង្គម្ចាស់ក៏បានទទួលព័ត៌មានដែរថា សម្ដេចមហិស្សរា នរោត្ដម ច័ក្រពង្ស់ គ្រោង ដាក់ពាក្យលាលែងចេញពីគណបក្សនរោត្ដម រណឫទ្ធិ ។ ព្រះអង្គម្ចាស់បន្ដថា “ប៉ុន្ដែព័ត៌មាននេះមិន ទាន់ជាផ្លូវការនៅឡើយទេ” ។
លោកមុត ចន្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យនៃគណបក្សនរោត្ដម រណឫទ្ធិ បានមានប្រសាសន៍ ប្រាប់កោះសន្ដិភាពតាមទូរស័ព្ទកាលពីថ្ងៃទី៦ ខែមិថុនាថា លោកមិនទាន់ទទួលបានលិខិតរបស់សម្ដេច មហិស្សរា នរោត្ដម ច័ក្រពង្ស់ ដាក់ចូលមកគណបក្សនៅឡើយទេរហូតមកដល់ពេលនេះ។ លោកបន្ដថា ចំពោះការសំរេចព្រះទ័យយ៉ាងណារបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ចំពោះការមានបំណងចាកចេញ របស់សម្ដេចនរោត្ដម ច័ក្រពង្ស់ នៅឡើយទេ ។ លោកមុត ចន្ថា បន្ដថា “ការសំរេចព្រះទ័យណាមួយ របស់ព្រះអង្គច័ក្រពង្ស់នោះ ជាសិទ្ធិបុគ្គលក្នុងការជ្រើសរើសផ្នែកនយោបាយរបស់ព្រះអង្គ” ។ ប៉ុន្ដែលោក ឱក សុជាតិ ទីប្រឹក្សាជាន់ខ្ពស់របស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទទួលបន្ទុកព័ត៌មានសាធារណៈ បានថ្លែងប្រាប់កោះសន្ដិភាពតាមទូរស័ព្ទកាលពីថ្ងៃទី៥ មិថុនាថា លោកមិនទាន់បានទទួលព័ត៌មាននេះ នៅឡើយទេ ។
លោកនូវ សុវត្ថិរ៉ូ អ្នកនាំពាក្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់កោះសន្ដិភាព តាម ទូរស័ព្ទកាលពីថ្ងៃទី៦ មិថុនាថា លោកមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហាផ្ទៃក្នុងរបស់គណបក្សនរោត្ដម រណឫទ្ធិ នោះទេ ។ លោកបន្ថែមថា “បញ្ហាផ្ទៃក្នុងរបស់គណបក្សនរោត្ដម រណឫទ្ធិ ទុកឱ្យគណបក្ស គេដោះស្រាយទៅ ហើយហ្វ៊ុនស៊ិនប៉ិច មិនចង់លូកដៃក្នុងបក្សគេនោះទេ” ។
លោកនុត និនឌឿន មន្ដ្រីជាន់ខ្ពស់នៃគណបក្សនរោត្ដម រណឫទ្ធិ មិនធ្វើអត្ថាធិប្បាយទេ នៅក្នុងការ ទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃពុធ ទី៦ មិថុនានោះ ចំពោះព័ត៌មានដែលលេចឮជុំវិញការគ្រោង ដាក់ពាក្យលាលែងនេះ ហើយបានច្រានសំណួរបង្វែរទៅលោកមុត ចន្ថា វិញ ។ ដោយឡែកលោកសេរី កុសល អគ្គលេខាធិការរងគណបក្សនរោត្ដម រណឫទ្ធិ បានមានប្រសាសន៍ថា លោកក៏មិនទាន់បានដឹងពី បញ្ហានេះដែរ តែលោកបានអះអាងថា មានសារព័ត៌មានក្នុងស្រុកមួយបានផ្សាយរឿងនេះ ។ លោកគូស បញ្ជាក់ទៀតថា “បើសិនព័ត៌មាននេះជាការពិតមែននោះ ខ្ញុំយល់ថា សម្ដេចមហិស្សរាប្រហែលជាព្រះអង្គ នឿយហត់ក្នុងរឿងនយោបាយ ហើយចង់ទៅបំរើព្រះមហាក្សត្រទេដឹង?” ។
ប្រភពព័ត៌មានមិនផ្លូវការស្និទ្ធនឹងមន្ដ្រី គណបក្សនរោត្ដម រណឫទ្ធិ បានប្រាប់កោះសន្ដិភាពដោយសូមមិន បញ្ចេញឈ្មោះថា បញ្ហាចាកចេញរបស់សម្ដេចមហិស្សរា នរោត្ដម ច័ក្រពង្ស់ បណ្ដាលមកពីបញ្ហាផ្ទៃក្នុង បក្សដែលទំនងជាមានការខ្វែងគំនិតគ្នាជាមួយលោកសៅ រ៉ានី អគ្គលេខាធិការរងនៃគណបក្សនេះ ព្រោះ បន្ទាប់ពីការតែងតាំង លោកយូ ហុកគ្រី មក គេមិនបានឃើញវត្ដមានរបស់សម្ដេច មហិិស្សរា ចូល រួមពិធីប្រជុំនានាក្នុងបក្សទេ ។
គេមានការកត់សំគាល់ថា មុនពេលប្រកាសតែងតាំងលោកយូ ហុកគ្រី ជាអគ្គលេខាធិការបក្ស ការិយាល័យ របស់សម្ដេច មហិស្សរាច័ក្រពង្ស់ ត្រូវបានរើចេញពីខុទ្ទកាល័យ ។ ប៉ុន្ដែការរើនេះ ត្រូវបានលោកមុត ចន្ថា អះអាងថា កន្លងមកទីនោះគ្រាន់តែជាការិយាល័យបណ្ដោះអាសន្នរបស់ព្រះអង្គប៉ុណ្ណោះ ហើយព្រះអង្គ ត្រូវទៅធ្វើការនៅឯស្នាក់ការបក្សស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកវិញ។
សម្ដេចមហិស្សរា នរោត្ដម ច័ក្រពង្ស់ នៅថ្ងៃទី៦ មិថុនានោះ កោះសន្ដិភាពមិនអាចសុំការពន្យល់បានទេ ជុំវិញព័ត៌មានខាងលើនេះបានទេ ។
Labels: នយោបាយ
for this post
Leave a Reply