ប្ដីទុរយសខឹងវ៉ៃប្រពន្ធមិនបានកាប់រំលំផ្ទះខ្លួនឯងដួលបះជើង
ខេត្ដកំពង់ឆ្នាំង ៖ អំពើហិង្សាមួយ បានធ្វើឱ្យផ្ទះមួយខ្នងត្រូវរលំបះជើង និងសំភារៈមួយចំនួនត្រូវខូចខាត ចំណែកបុរសជាប្ដីត្រូវប៉ូលិសចាប់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ ល្ងាចថ្ងៃទី៥ មិថុនា នៅភូមិទី៨ ឃុំខ្សាម ស្រុកកំពង់ឆ្នាំង ។ បុរសជាប្ដីដែលបានប្រព្រឹត្ដអំពើហិង្សានោះឈ្មោះ ម៉ៃ ចាន់ អាយុ២៩ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ឈឿង សុគន្ធា អាយុ២៩ឆ្នាំ ២នាក់ប្ដីប្រពន្ធមានកូន២នាក់ ។
លោក ហ៊ុល វាសនា អធិការរងស្រុកកំពង់ឆ្នាំងបានឱ្យដឹង ដោយយោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីជា ប្រពន្ធថា អំពើហិង្សានេះបានកើតឡើង១១លើកហើយ គិតទាំងលើកនេះផង ឱ្យតែប្ដីមកពីផឹកស៊ីស្រវឹង។ ដោយឡែកនៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណជិត៦ល្ងាច បុរសជាប្ដីបានត្រឡប់ចូលផ្ទះវិញ ហើយត្រូវ បានប្រពន្ធសួរនាំថា ឯងមកពីណា? ឯប្ដីក៏ឆ្លើយឡើងថា អញមកពីបររទេះសេះ (គ្រួសារនេះមានមុខ របរជាអ្នកបររទេះសេះ និងធ្វើស្រែ) តែប្រពន្ធតបវិញថា មិនជឿ ឯងមកពីផឹកទេដឹង? ពេលនោះប្ដីថា អើអញផឹកតែ១កែវ២ទេ មិនផឹកច្រើនទេ។ ពេលនោះប្រពន្ធសង្កត់ទៀតថា បាត់ពីព្រឹកទល់ល្ងាចថា ផឹក ១កែវ២ ឯងហ៊ានស្បថទេ? ឮសំណួរឱ្យស្បថ បុរសជាប្ដីក្រោកភ្លាមស្ទុះមកវាយប្រពន្ធមួយដៃ តែប្រពន្ធ គេចទាន់ រួចវាសដៃទៅចំភ្នែកបុរសជាប្ដី។ ភ្លាមនោះធ្វើឱ្យប្ដីរឹតតែខឹងឡើងទាញបានកាំបិតកកុកមួយ ស្ទុះមករកកាប់ប្រពន្ធ តែយល់ភាពអាសន្ន ប្រពន្ធក៏រត់ទៅផ្ទះឪពុកម្ដាយ ចំណែកបុរសជាប្ដី ដោយខឹង កាប់ប្រពន្ធមិនបាន ក៏ងាកមកកាប់ជើងសសរផ្ទះអស់៣ដើមធ្វើឱ្យផ្ទះរលំបះជើង ។ មិនតែប៉ុណ្ណោះ ចាន ឆ្នាំង ដំបូលស័ង្កសី ពាងទឹក និងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនក៏ត្រូវបុរសជាប្ដីកាប់ខ្ទេចខ្ទីអស់ដែរ។ មួយសន្ទុះក្រោយមកប្រពន្ធបានត្រឡប់មកវិញ ជាមួយឪពុកម្ដាយ ដើម្បីជួយឃាត់ និងសម្រុះសម្រួលគ្នា តែដឹងអីមកដល់ ឃើញផ្ទះបះជើងឡើងលើ ក៏ងាកទៅប្ដឹង ប៉ូលិសវិញ ព្រោះនឹកគិតថា លែងជាប្ដីប្រពន្ធ អីទៀតហើយ ចំណែកអំពើហិង្សានេះក៏ជាលើកទី១១ដែរ ដែលលើកមុនៗប៉ូលិសត្រឹមអប់រំណែនាំ ។
ស្ដ្រីជាប្រពន្ធបាននិយាយថា ខ្លួនគាត់ទ្រាំលែងបានហើយ ព្រោះឱ្យតែស្រវឹងថ្ងៃណា ក៏វាយធ្វើបាបគាត់ដែរ។ បើមិនប្ដឹងដាក់គុកទេ ច្បាស់ជាថ្ងៃណាមួយកាប់គាត់ស្លាប់ជាពុំខាន ដូចថ្ងៃនេះអ៊ីចឹង បើកុំតែរត់ទៅផ្ទះ ឪពុកម្ដាយ ច្បាស់ជាកាប់គាត់ស្លាប់បាត់ទៅហើយ ។ នៅអធិការដ្ឋានប៉ូលិស បុរសជាប្ដីហាក់ដូចជាដឹង ខ្លួនបន្ដិច ព្រោះស្វាងស្រា ប៉ុន្ដែទោះបីជាបែបណា ហួសពេលហើយ ។ បុរសជាប្ដីត្រូវបានប៉ូលិស កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្ដ ដើម្បីចាត់ការបន្ដ ។
Labels: សន្តិសុខ, អំពើហឹង្សារ
for this post
Leave a Reply