ឪពុកប្ដឹងប៉ូលិសចាប់កូនញៀនថ្នាំបញ្ជូនទៅកាន់មណ្ឌលអប់រំភ្នំបាក់
ខេត្ដបន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី៣ មិថុនា សមត្ថកិច្ចប៉ូលិសស្រុកអូរជ្រៅ បានឃាត់ខ្លួនយុវជន ម្នាក់ពីបទញៀនថ្នាំអុកឡុកក្នុងផ្ទះរបស់ខ្លួន នៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្ដ បន្ទាយមានជ័យ ។
តាមការបំភ្លឺពីលោកសោម សុភិន អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌឱ្យដឹងថា យុវជនញៀនថ្នាំរូបនោះ ឈ្មោះស៊ឹង ភិរុណ អាយុ២០ឆ្នាំ ត្រូវឪពុកឈ្មោះស៊ឹង សារឿន អាយុ៥០ឆ្នាំ ប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន។ បើតាមការរៀបរាប់ពីឪពុកឱ្យដឹងថា កូនប្រុសរបស់គាត់ពុំមានមុខរបរអ្វីឡើយ ។ នៅពេលដែលគេ ប្រើប្រាស់គ្រឿងញៀនម្ដងៗ តែងតែរករឿងអុកឡុកក្នុងផ្ទះមិនដែលខានឡើយ ។ ដោយសារបែប នោះហើយ ទើបគាត់ជាឪពុកមិនអាចទ្រាំបាន ក៏ទៅប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនគេតែម្ដង ។
បុរសជាឪពុកនិយាយថា រូបគាត់បានដឹងថា មណ្ឌលជីវិតថ្មីភ្នំបាក់ ជាកន្លែងបន្សាបគ្រឿងញៀន ហើយ ឪពុកម្ដាយឬអាណាព្យាបាលជនញៀនថ្នាំទាំងអស់ ពុំតំរូវឱ្យបង់ប្រាក់ឡើយ ទើបលោកជាឪពុកសំរេច ចិត្ដឱ្យសមត្ថកិច្ចនាំកូនប្រុសដែលញៀនថ្នាំយកទៅអប់រំនៅទីនោះ ។
លោកវរសេនីយ៍ត្រីអ៊ឹង សុងយូ អធិការស្រុកអូរជ្រៅបានបន្ថែមថា មណ្ឌលជីវិតថ្មី ភ្នំបាក់ ទទួលយក ជនដែលញៀនថ្នាំទៅអប់រំចំនួន៥០០នាក់ ។ លោកបន្ដថា លោកវរសេនីយ៍ឯកហ៊ុន ហ៊ាន ស្នងការ ខេត្ដបានរឹតបន្ដឹងដល់កងកម្លាំងទាំងអស់នៅក្នុងស្រុករបស់លោក ឱ្យខិតខំបង្ក្រាបទប់ស្កាត់រាល់បទល្មើស ជាពិសេសគឺបទល្មើសគ្រឿងញៀននេះតែម្ដង ពីព្រោះបច្ចុប្បន្នគ្រឿងញៀនកំពុងតែចរាចរឆ្លងកាត់ស្រុក អូរជ្រៅ ។
for this post
Leave a Reply