ស្ដ្រីមានប្ដីកូន១គេចាប់រំលោភរួចសម្លាប់វះពោះ
ខេត្ដក្រចេះ ៖ ឃាតកដ៏កំណាចល្មោភកាមតណ្ហាបានចាប់ស្ដ្រីម្នាក់រំលោភសេពសន្ថវៈ នៅខាងក្រោយផ្ទះ ក្នុងភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ រហូតបានសំរេចតាមបំណង ហើយ សម្លាប់ស្ដ្រីនោះចោល ព្រមទាំងយកពូថៅវះពោះស្រាវពោះវៀនចេញទម្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គ ថែមទៀត ។
ស្ដ្រីឈ្មោះវង់ ចាន់ធឿន អាយុ៤១ឆ្នាំ ដែលមានផ្ទះនៅភូមិខាងលើប្រាប់កោះសន្ដិភាព ឱ្យដឹងនារសៀល ថ្ងៃទី៤ មិថុនាថា ប្អូនថ្លៃស្រីឈ្មោះឈិត ចន្ថា អាយុ៣៣ឆ្នាំ បានលែងក្របី៤ក្បាលទៅឱ្យស៊ីស្មៅក្រោយផ្ទះ កាលពីព្រឹកថ្ងៃទី២៣ ឧសភា ២០០៧ លុះដល់ព្រលប់ស្រាប់តែក្របីទាំងនោះដើរទៅឆ្ងាយ ក៏ចេញ ទៅតាមរក ។
ប្រភពដដែលបន្ដថា ខណៈពេលដែលស្ដ្រីឈ្មោះឈិត ចន្ថា ចេញទៅរកនោះមិនឃើញត្រឡប់មកផ្ទះ វិញសោះ រហូតដល់ម៉ោង៨និង៣០នាទីយប់ ទើបក្រុមគ្រួសារភ្ញាក់ផ្អើល នាំគ្នាចេញទៅតាមរក តែមិន ប្រទះសោះ... មនុស្សជាច្រើននាក់បានខំប្រឹងតាមរកបន្ដ ដល់ព្រឹកថ្ងៃទី២៤ ឧសភាទៀត នៅតែមិនឃើញ មិនដឹងបាត់ទៅណាឡើយ ។ ស្រាប់តែរយៈពេល២ថ្ងៃ ប្រជាពលរដ្ឋរស់នៅភូមិព្រែកប្រាំង បានឃើញសព ស្ដ្រីម្នាក់អណ្ដែតទឹកទន្លេស្លាប់ ។ ដំណឹងនេះបានលេចឮពីមាត់១ទៅមាត់១ដល់គ្រួសារស្ដ្រីរងគ្រោះ នាំគ្នា ទៅមើលសពនោះ ទើបស្គាល់មុខថាជាស្ដ្រីឈ្មោះចន្ថា ដែលបាត់ពីផ្ទះពេលទៅរកក្របី... នៅលើខ្លួនប្រាណ នៃសពមានស្នាមវះដោយពូថៅត្រង់ពោះរយះប្រហែល១ចង្អាម និងស្រាវពោះវៀនចេញ ។ ដូច្នេះការ សម្លាប់នោះប្រាកដជាត្រូវគេចាប់រំលោភសេពសន្ថវៈ ហើយជនដៃដល់ជាមនុស្សស្គាល់គ្នាទៀតផង ទើប ឈានដល់ការសម្លាប់ចោលដើម្បីបំបាត់ភស្ដុតាង កុំឱ្យអ្នកណាដឹង ។
បុរសឈ្មោះស៊ុន ឆាយ អាយុ៣៩ឆ្នាំ បានប្រាប់ថា នៅថ្ងៃកើតហេតុ (២៣ ឧសភា) គាត់បានចេញ ទៅមើលចំការដំឡូងនៅក្រោយភូមិ ត្រង់ចំណុចមហាទេព្យ លុះដល់វេលាយប់មានបងប្អូនទៅតាមហៅ មកផ្ទះឱ្យជួយតាមរកប្រពន្ធដែលបាត់ ។ ក្រុមគ្រួសារគាត់ និងអ្នកភូមិផងរបងជាមួយរាប់សិបនាក់ ចេញ តាមរក ដោយមានភ្លើងគោមបំភ្លឺព្រោងព្រាតពេញព្រៃក្រោយផ្ទះ តែមិនឃើញសោះ លុះនៅល្ងាចថ្ងៃទី២៤ ឧសភា ទើបប្រទះឃើញសពប្រពន្ធអណ្ដែតទឹកទន្លេមេគង្គ ចំងាយពីផ្ទះប្រហែល៣០០ម៉ែត្រប៉ុណ្ណោះ ។
បុរសជាប្ដីស្ដ្រីរងគ្រោះបញ្ជាក់ថា គាត់បានរៀបការស្របច្បាប់បានរយៈពេល១២ឆ្នាំហើយ ព្រមទាំងមាន កូនប្រុសម្នាក់ឈ្មោះ ស្រី ស៊ាវហេង អាយុ៩ឆ្នាំ ការរស់នៅជាមួយគ្នាធ្លាប់មានបញ្ហាទំនាស់ពាក្យសំដី បន្ដិចបន្ដួចប៉ុណ្ណោះមិនដែលបង្កហិង្សាលើប្រពន្ធឡើយ។
ប្រភពលេចឮពីប្រជាពលរដ្ឋនៅភូមិព្រែកប្រាំង កាលពីយប់ថ្ងៃកើតហេតុគេបានឃើញ បុរសឈ្មោះតាំង ឆាយ អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកប្រាំងបណ្ដើរកង់មានដាក់ស្ដ្រីម្នាក់នៅលើចង្អើរផ្នែកក្រោយ លុះពេល ប្រជាពលរដ្ឋឃើញសួរនាំត្រូវបានបុរសឈ្មោះឆាយតបថា “ខ្ញុំនាំប្រពន្ធឈឺចេញពីចំការ”។ ក្រៅពីនេះមាន វត្ថុតាងបន្សល់ទុកស្បែកជើងស៊ក១គូ នៅចំណុចកំពង់ទួលឡ លុះពេលកម្លាំងរដ្ឋបាលប៉ុស្ដិ៍ សហការ ជាមួយជំនាញស្រុក យកស្បែកជើងនោះមកសួរនាំប្រពន្ធរបស់ជនសង្ស័យក៏ឆ្លើយប្រាប់ថា ពិតជាស្បែកជើង របស់ប្ដីគាត់មែន។ នាថ្ងៃបុណ្យសពនោះ ជនដៃដល់ជាឃាតកបានមកជួយដាំបបរដែរ លុះព្រឹកឡើង ថ្ងៃទី២៥ ឧសភា ទំនងជាដឹងថាមិនស្រួលក៏រត់គេចចេញពីផ្ទះបាត់ស្រមោលតែម្ដង ។ កន្លងមកកាលពីថ្ងៃ ដាក់បិណ្ឌ១១ ឆ្នាំ២០០៦ ស្ដ្រីម្នាក់ឈ្មោះអ៊ី ស្រីអូន អាយុ២០ឆ្នាំ មានកូនតូច អាយុជាង១ខួប រស់នៅក្នុងភូមិ ព្រែកប្រាំងនេះបានបាត់ខ្លួននៅក្នុងដីចំការរបស់ឈ្មោះតាំង ឆាយ ប្រមាណជា៣គីឡូម៉ែត្រ ពីភូមិរហូតដល់សព្វថ្ងៃពុំដឹងថាស្លាប់ឬរស់ទេ ក្រុមគ្រួសារក៏មិនហ៊ានធ្វើបុណ្យដែរ ។
លោកអធិការប៉ូលិសស្រុកព្រែកប្រសព្វបានឱ្យដឹងថា សពស្ដ្រីរងគ្រោះត្រូវបានឃាតកសម្លាប់ ដោយវះពោះ ទំហំ២៤សង្ទីម៉ែត្រ មានចេញពោះវៀនមកក្រៅ។ នៅមាត់ទន្លេគេឃើញបន្សល់ទុកស្បែកជើងស៊ក១គូ ដែលកំណត់បានទៅលើជនសង្ស័យឈ្មោះប៉ែន តាំងឆាយ តែជននេះរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។ ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ដ ដើម្បីសុំដីកាចាប់ខ្លួនឃាតកហើយ ឯលទ្ធផលយ៉ាងណានោះអាស្រ័យលើតុលាការ ។
ចាប់តាំងពីមានហេតុការណ៍ដ៏ឃោរឃៅនោះមក (២៣ ឧសភា) ប្រជាពលរដ្ឋរស់នៅភូមិព្រែកប្រាំង ពុំហ៊ាននាំគ្នាទៅឃ្វាលគោ ក្រោយភូមិទេ ហើយក៏នាំគ្នាសំណូមពរឱ្យសមត្ថកិច្ចមេត្ដាជួយធ្វើអន្ដរាគមន៍ តាមចាប់ឃាតកនោះមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបានផង ។
គួររំលឹកផងដែរថា ករណីចាប់រំលោភសេពសន្ថវៈរួចសម្លាប់ដោយវះពោះស្រាវពោះវៀន ចេញមកក្រៅ បង្ហាញពីភាពសាហាវឃោរឃៅនេះនៅខេត្ដកំពង់ស្ពឺក៏កើតមានករណីបែបនេះដែរ គឺកាលពីឆ្នាំទៅស្ដ្រី ក្រមុំម្នាក់ត្រូវបានជនដៃដល់ចាប់រំលោភសេពសន្ថវៈ រួចសម្លាប់ចោលដោយយកដៃលូកខ្វេះស្រាវពោះ វៀនចេញមកក្រៅ និងទាញបណ្ដាច់ទំលាក់ចោលរាយប៉ាយក្នុងស្រែ... ករណីបែបនេះបានធ្វើឱ្យអ្នកភូមិ មានការភ័យខ្លាចពន់ពេកណាស់ ប៉ុន្ដែរយៈពេលខ្លីក្រោយមក ឃាតកត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់ ។ សង្ឃឹមថា ឃាតកឃោរឃៅរំលោភសេពសន្ថវៈស្ដ្រីកូន១ រួចវះពោះសម្លាប់ ស្រាវពោះវៀន ចេញមកក្រៅនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះនេះ នឹងត្រូវបកស្បែកដូចគ្នា ព្រោះបានស្គាល់អត្ដសញ្ញាណជនដៃដល់អស់ហើយ ។
Labels: វប្បធម៌, អំពើហឹង្សារ
for this post
Leave a Reply