សភាអនុម័តនីតិវិធីឃុំខ្លួនប៉ូលិសអាចឃុំខ្លួនជនជាប់ចោទ៤៨ម៉ោង ត្រូវតែបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ រដ្ឋសភាបានពិភាក្សា និងអនុម័តក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ស្ដីពីនីតិវិធីប្រតិបត្ដិការ ឃុំខ្លួនបណ្ដោះអាសន្ន និងទោសដកហូតសេរីភាព កាលពីថ្ងៃទី៥ មិថុនា ត្រង់មាតិកាទី២ ជំពូកទី១ គន្ថីទី៨ ដោយមានសមាជិក-សមាជិកាសរុប៩១ រូបចូលរួមប្រជុំក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធាន រដ្ឋសភា ដែលការពិភាក្សានោះមានការតឹងតែងបំផុត ។
លោកជាម យៀប តំណាងរាស្ដ្រមណ្ឌលព្រៃវែងថ្លែងថា ចំពោះការឃុំខ្លួនគេខុសច្បាប់ បុគ្គលដែលឃុំគេ គ្មានមូលហេតុត្រឹមត្រូវចាំបាច់ត្រូវទទួលទោសទណ្ឌ។ បើទោះបីជាក្រមនីតិវិធីព្រហ្មទណ្ឌថ្មី មិនទាន់ ត្រូវបានអនុម័តទាំងស្រុងក្ដីក៏ក្រមនេះមិនខុសប៉ុន្មាន ពីក្រមនីតិវិធីព្រហ្មទណ្ឌអ៊ុនតាក់ឆ្នាំ១៩៩៣ដែរ ដោយ រយៈពេលនៃការឃុំខ្លួន២ថ្ងៃ គឺ៤៨ម៉ោង ។ ប៉ុន្ដែលោកសុន ឆ័យ ថ្លែងថា មានករណីឃុំខ្លួន បន្ទាប់ពី ចាប់ខ្លួន និងមានការបាញ់សំលាប់មនុស្ស ហើយច្បាប់នេះមិនមានចែងច្បាស់លាស់ទេ ជាក់ស្ដែងករណីនៅ បាត់ដំបង ព្រៃស និងកំពង់ចាមធ្វើឱ្យអ្នកទោសស្លាប់ជាច្រើននាក់ក្នុងការបង្ក្រាបកន្លងមក ។
លោកសុទ្ធ សុធន តំណាងរាស្ដ្រមណ្ឌលកំពង់ចាមបានថ្លែងថា ចំពោះមាត្រា៥០៧ បានចែងយ៉ាងច្បាស់ ពីការឃុំខ្លួនដោយខុសច្បាប់ ។ គ្រប់ចៅក្រមទាំងអស់ដែលបានទទួលបណ្ដឹងស្ដីពីការឃុំខ្លួនបុគ្គលណាម្នាក់ ដោយខុសច្បាប់ ត្រូវធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។ លោកអះអាងថា “ប៉ុន្ដែគ្មានមន្ដ្រីពន្ធនាគារណាម្នាក់ បានឃុំខ្លួនពីបទឃុំខ្លួនមនុស្សខុសច្បាប់ទេ ។ អំណាចតុលាការត្រូវរំលោភ ដោយអំណាចនគរបាល”។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌បានថ្លែងថា រាល់ការបញ្ចេញមតិទាំងឡាយរបស់វាគ្មិន ក្នុងគោលបំណងស្ថាបនាច្បាប់នេះមិនមែនតែក្រសួងយុត្ដិធម៌ម្នាក់ឯងនោះទេ ក្នុងការអនុម័តនោះ ។ ចំពោះពិធីបុណ្យទាននានាមិនមានការលើកលែងទោស ឬបន្ថយទោសបានទេ។ ប៉ុន្ដែព្រះមហាក្សត្រមាន កំណត់នៅពេលបុណ្យចំរើន ព្រះជន្ម ឬបុណ្យអុំទូកនោះអាចមានការបន្ថយទោសខ្លះដល់ពិរុទ្ធជន ។ ក្នុង ការបន្ថយនោះអាចមាន១ឆ្នាំ ឬ២ឆ្នាំ ។ តែអ្នកណាជាប់ទោសគ្រប់ពីរភាគបី ហើយអាចលើកលែង ទោសនឹងចេញនៅក្រៅឃុំ ។
យោងតាមមាត្រា៥០៦ចែងថា គ្មានភ្នាក់ងាររដ្ឋបាលពន្ធនាគារណាអាចទទួល និងឃុំខ្លួនបុគ្គលណាម្នាក់ ដោយគ្មានលិខិតចេញ ដោយអាជ្ញាធរតុលាការបានឡើយ ។ ភ្នាក់ងាររដ្ឋបាលពន្ធនាគារណាដែលបានទទួល និងឃុំខ្លួនបុគ្គលណាម្នាក់ដោយគ្មានលិខិតចេញ ដោយអាជ្ញាធរតុលាការទេនោះ ត្រូវជាប់ពិរុទ្ធពីបទបង្ខាំង មនុស្សដោយខុសច្បាប់ ។ តែមាត្រា៥០៨ឱ្យដឹងថា គ្រប់ភ្នាក់ងាររដ្ឋបាលពន្ធនាគារត្រូវតែបង្ហាញខ្លួន ជនជាប់ឃុំដល់ចៅក្រមតាមការស្នើសុំ ព្រមទាំងដល់មន្ដ្រីនគរបាលយុត្ដិធម៌ ដែលបំពេញភារកិច្ច តាម ការប្រគល់អំណាចពីអាជ្ញាធរតុលាការ។
លោកហ៊ី សុភា រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ ដែលបានចូលរួមការពារច្បាប់នេះ បានថ្លែងថា ចំពោះ ការឃុំខ្លួនបណ្ដោះអាសន្ននេះជាសមត្ថកិច្ចរបស់ចៅក្រមក្នុងការស៊ើបសួរចម្លើយ ។ លោកបន្ដថា “ក្នុង ចំណោមការឈប់សំរាកនានាតាមច្បាប់រដ្ឋមិនត្រូវបានយកមកអនុវត្ដចំពោះទណ្ឌិតបានទេ ។ នោះជាការ សំរាករបស់មន្ដ្រីរាជការ ប៉ុន្ដែក៏មានអ្នកខ្លះទទួលផលប្រយោជន៍ពីការឈប់សំរាកនេះដែរ” ។
លោកបន្ដថា ចំពោះការលើកលែងទោស ឬការបន្ធូរបន្ថយទោសដោយគិតទៅតាមរដ្ឋធម្មនុញ្ញនោះ គឺជា បញ្ហាមួយផ្សេងទេត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញមិនបានចែងក្នុងច្បាប់នេះទេ ។ ប៉ុន្ដែចំពោះមាត្រា៥១១ ឱ្យ ដឹងថា គ្រប់ឧប្បត្ដិហេតុធ្ងន់ធ្ងរក្នុងពន្ធនាគារ ក្នុងមណ្ឌលឃុំខ្លួន ត្រូវតែជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា។ មាត្រាដដែលបន្ដថា ក្នុងករណីដែលអ្នកទោសរត់ចេញពីពន្ធនាគារ ឬមណ្ឌលឃុំខ្លួននោះ ព្រះរាជអាជ្ញាចេញ បញ្ជាស្វែងរកចាប់ខ្លួន និងចាត់វិធានការជាបន្ទាន់ ដើម្បីអនុវត្ដបញ្ជាស្វែងរកចាប់ខ្លួនដោយអនុលោមតាម ប្បញ្ញត្ដិដែលចែងក្នុងមាត្រា១៩៦ (ដីកាបង្គាប់ឱ្យចាប់ខ្លួន) និងមាត្រាបន្ដបន្ទាប់នៃក្រមនេះ ។ ទោះជា យ៉ាងណាច្បាប់នេះរដ្ឋសភាបន្ដអនុម័តមាត្រា និងជំពូកផ្សេងទៀតនៅថ្ងៃទី៦ ខែមិថុនា ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ, សិទ្ធិមនុស្ស
for this post
Leave a Reply