ស្រវឹងស្រាវាយប្រពន្ធកូនខ្ចីរហូតសន្លប់ប៉ូលិសចាប់វាយខ្នោះ
ខេត្ដពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃញីឃាត់ខ្លួនភ្លាម បន្ទាប់ពីវាយប្រពន្ធរហូត ដល់សន្លប់កាលពីថ្ងៃទី៣១ ឧសភា វេលាម៉ោង១០យប់ ។ ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា អំពើហិង្សា ក្នុងគ្រួសារនេះ កើតឡើងនៅភូមិដូងជ្រុំ ឃុំព្រៃញី ស្រុកសំពៅមាស ។ ជនជាប់ចោទឈ្មោះយឹម សំបូរ អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះកែវ មឿន អាយុ៣៧ឆ្នាំ ។ អ្នកទាំងពីរបានគ្នាជាប្ដីប្រពន្ធក្នុងពេល ធ្វើកម្មករទឹកស្អាតជាមួយគ្នា ។ នាងកែវ មឿន ជាស្ដ្រីមេម៉ាយកូនមួយបានគ្នាជាប្ដីប្រពន្ធជាមួយឈ្មោះ យឹម សំបូរ រយៈពេល៣ឆ្នាំមកនេះមានកូន២នាក់បន្ថែមទៀត ដែលកូនទី៣ទើបតែអាយុបាន១ខែ ប៉ុណ្ណោះ។
ប៉ូលិសឱ្យដឹងទៀតថា នាងកែវ មឿន ត្រូវប្ដីវាយ និងទាត់យ៉ាងដំណំរហូតដល់សន្លប់ពេលបញ្ជូនទៅ មន្ទីរពេទ្យត្រូវគ្រូពេទ្យបញ្ចូលខ្យល់អុកស៊ីសែនដើម្បីសង្គ្រោះ ។ ការវាយទាត់ធាក់បែបនេះធ្វើឱ្យស្ដ្រី ដែលទើបឆ្លងទន្លេ រួចអាចទាស់រីងរៃទៀតផង ។
អ្នកភូមិនិយាយថា ឈ្មោះយឹម សំបូរ តែងផឹកស្រាស្រវឹងរករឿងវាយប្រពន្ធស្ទើររាល់ថ្ងៃ រកហេតុ ផលច្បាស់លាស់មិនឃើញទេ ។ នៅយប់នោះមិនដឹងជាគេស្រវឹងមកពីណាទេ ស្រាប់តែចូលមកដល់ ផ្ទះរករឿងវាយប្រពន្ធតែម្ដង។ កន្លងមក យឹម សំបូរ តែងសុំលុយពីប្រពន្ធយកទៅផឹកស៊ី និងយកទៅឱ្យ ម្ដាយឪពុករបស់គេនៅភូមិពោរតាគួយ ឃុំលលកស ស្រុកសំពៅមាស ហើយលើកក្រោយនេះប្រហែល ជាប្រពន្ធគ្មានលុយឱ្យទើបបង្កជាអំពើហិង្សាបែបនេះ ។
អ្នកស្រុកនិយាយទៀតថា បន្ទាប់ពីវាយប្រពន្ធសន្លប់ភ្លាម យឹម សំបូរ បំរុងរត់គេចខ្លួន តែដោយសារ ស្រវឹងជោកជាំរត់ទៅណាមិនរួចត្រូវប៉ូលិសចាប់ឃាត់ខ្លួន ។
ស្ដ្រីរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដពោធិ៍សាត់ជាមួយនឹងកូនតូចអាយុមួយខែ រីឯជនជាប់ ចោទត្រូវសមត្ថកិច្ចបញ្ជូន ទៅតុលាការកាលពីព្រឹកថ្ងៃទី២ មិថុនា ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply