ខ្មែរកម្ពុជាក្រោមរាប់បាត្ររំលឹក ខួបទី៥៨នៃការបាត់បង់ទឹកដីឆ្នាំ១៩៤៩
រាជធានីភ្នំពេញ ៖ ព្រះសង្ឃខ្មែរកម្ពុជាក្រោមជាង១.០០០អង្គ បាននិមន្ដចូលរួមក្នុងពិធីរាប់បាត្រ បង្សុកូល កាលពីថ្ងៃទី៤ មិថុនា ប្រយោជន៍ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធឥស្សរជនខ្មែរក្រោម និងរំលឹកដល់ខួបទី៥៨ នៃការបាត់បង់ទឹកដីកម្ពុជាក្រោមកន្លងមក ។ ការប្រារឰពិធីនេះត្រូវបានយាងចូលរួមពីម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងរបស់ព្រះមហាក្សត្រ តំណាងសមាគមខ្មែរក្រោមប្រចាំនៅកម្ពុជា និង ជាតំណាងរាស្ដ្រគណបក្សសម រង្ស៊ី ផងដែរ ។
គណៈកម្មាធិការសំរបសំរួលខ្មែរក្រោមបានថ្លែងថា ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មក អាណានិគម បារាំងបានធ្វើសន្ធិសញ្ញាលេខ ៤៩៧៣៣ កាត់ទឹកដីកម្ពុជាក្រោម ដែលជាមាតុភូមិដ៏ជាទីស្នេហារបស់យើង ឱ្យទៅរដ្ឋាភិបាលវៀតណាមធ្វើការគ្រប់គ្រង និងត្រួតត្រាដោយខុសច្បាប់យ៉ាងអយុត្ដិធម៌ជាទីបំផុត មិនតែ ប៉ុណ្ណោះ គេបានធ្វើទុក្ខបុកម្នេញមកលើជនរួមជាតិខ្មែរក្រោមយ៉ាងខ្លាំងក្លាពើតផ្សាទៀតផង ។ ចាប់តាំងពី ពេលនោះមកទល់បច្ចុប្បន្ន ជនរួមជាតិខ្មែរក្រោមយើងដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ជាទឹកដី របស់ខ្លួននោះ បានក្លាយទៅជាអ្នករងគ្រោះ ហើយមានលក្ខណៈជាប្រវត្ដិសាស្ដ្រ ដែលមិនអាចបំភ្លេចបាន។
យោងតាមរបាយការណ៍ដែលកោះសន្ដិភាពទទួលបានឱ្យដឹងថា កម្ពុជាក្រោមមានទំហំផ្ទៃដី ៦៨.៩៦៥ គីឡូ ម៉ែត្រក្រឡា មាន១៧១ស្រុក, ១.៣៦៨ឃុំ, ១៤.៧៧៨ភូមិ និងមានប្រជារាស្ដ្រខ្មែរក្រោមរស់នៅជាង ១៣លាននាក់ វត្ដអារាមព្រះពុទ្ធសាសនាចំនួន៥៦៧វត្ដ និងព្រះសង្ឃជាង២ម៉ឺនអង្គ ប្រជារាស្ដ្រខ្មែរក្រោម ៩៩%គោរពព្រះពុទ្ធសាសនា ។
លោកថាច់ សេដ្ឋា នាយកប្រតិបត្ដិសមាគមខ្មែរក្រោមថ្លែងថា សមាគមខ្មែរកំណើតកម្ពុជាក្រោម នៅពាស ពេញពិភពលោក និងនៅព្រះរាជាណាចក្រកម្ពុជាបានប្រារឰខួបគំរប់៥៨ឆ្នាំ នៃថ្ងៃអាណានិគមបារាំងកាត់ ទឹកដីខ្មែរក្រោមឱ្យទៅអាជ្ញាធរវៀតណាម។ លោកបន្ដថា ដើម្បីសំដែងនូវការឈឺចាប់ និងទុក្ខកង្វល់យ៉ាង ក្រៀមក្រំបំផុតចំពោះទង្វើរបស់អាណានិគមបារាំង និងសំដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវិញ្ញាណក្ខន្ធឥស្សរជនខ្មែរក្រោម និងវិញ្ញាណក្ខន្ធវីរៈសមណៈ វីរៈក្សត្រ និងវីរៈបុរសខ្មែរ ដែល បានបូជាជីវិតក្នុងបុព្វហេតុជាតិ សាសនា និងទឹកដីខ្មែរទាំងមូល ពិសេសពូជសាសន៍សាសនា និង ទឹកដីកម្ពុជាក្រោម។
គួរបញ្ជាក់ថា ក្នុងពិធីរាប់បាត្រនោះមានពលរដ្ឋខ្មែរក្រោម និងតំណាងរាស្ដ្របានធ្វើការរាប់បាត្រ ព្រះសង្ឃ ចំនួន១.៩៤៩ អង្គ តំណាងឱ្យថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមនៅខាងមុខវត្ដបទុមវតី ក្នុងទីក្រុងភ្នំពេញ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ក្រោមការរៀបចំរបស់សមាគមខ្មែរក្រោមនៅកម្ពុជា ។
Labels: ប្រវត្ដិសាស្ដ្រ
for this post
Leave a Reply