ម្ដាយទៅបារាំងកូនអុជធូបបន់ឆេះផ្ទះអស់គ្រឿងក្នុង
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៣ មិថុនា ដោយសារកើតមានអគ្គីភ័យឆាបឆេះអស់គ្រឿង ក្នុងលំនៅឋានមួយកន្លែង លេខ376E3 តាមបណ្ដោយ មហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា ។ ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះនេះ បើតាមការអះអាងពីសាក្សីដែលជាអ្នកជិតខាងឱ្យដឹងថា គឺបណ្ដាលមកពីភ្លើងធូប ដែលកូនម្ចាស់ផ្ទះអុជ បែបន់ហើយដើរចោល។
ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆេះគ្រឿងក្នុងអស់នោះឈ្មោះឈួន សុវណ្ណនី ភេទស្រី អាយុ៤៨ឆ្នាំ ប៉ុន្ដែ ឈ្មោះនេះមិននៅស្រុកខ្មែរទេ គាត់បានចេញទៅប្រទេសបារាំងបាត់យូរហើយ នៅសល់តែកូនប៉ុណ្ណោះ។ ទាក់ទិនទៅនឹងហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា នៅវេលាម៉ោងខាងលើកូនរបស់ ម្ចាស់ផ្ទះនោះ បានអុជធូបនៅនឹងរានទេវតា រួចហើយចាក់សោទ្វារចេញពីផ្ទះទៅបាត់ មួយសន្ទុះក្រោយ មកអ្នកជិតខាងបានឃើញផ្សែងភ្លើងហុយចេញពីក្នុងផ្ទះយ៉ាងខ្មួលខ្មាញ់ ទើបនាំគ្នាឆោឡោឡើងរាយការណ៍ ដល់សមត្ថកិច្ច និងហៅឡានទឹក ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា ពេលនោះរថយន្ដពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុ ចំនួន៣គ្រឿងភ្លាមៗ ដោយមានរថយន្ដប្រើប្រាស់ជណ្ដើរឡើងបាញ់ទឹក១គ្រឿងផង ទៅធ្វើអន្ដរាគមន៍ ពន្លត់នៅពេលដែលភ្លើងឆេះគ្រឿងក្នុងផ្ទះនោះស្ទើរតែអស់ទៅហើយ។ បានជាត្រូវភ្លើងឆេះលឿនយ៉ាង ដូច្នេះ មកពីផ្ទះនោះជាប់សោទ្វារ ទើបត្រូវវាយទម្លុះបង្អួចដើម្បីបាញ់ទឹកចូល ។ ក្រោយពីពន្លត់ភ្លើង អស់ហើយ គេបានពិនិត្យឃើញការខូចខាត រួមមានពូក ខ្នើយ និងសម្ភារៈប្រើប្រាស់តិចតួចប៉ុណ្ណោះ។ នេះជាការអះអាងរបស់សមត្ថកិច្ច រីឯម្ចាស់ផ្ទះមិនបានដឹងពីឧប្បត្ដិហេតុនោះភ្លាមៗទេ ។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply