ខ្យល់និងព្រះពិរុណមួយមេធំនៅភ្នំពេញរំលំពោធិ៍មួយដើមទាំងឫស
រាជធានីភ្នំពេញ ៖ ដើមពោធិ៍ដ៏ធំមួយដើមដែលដុះនៅចំណុចផ្លូវលេខ៣៨៨ កែងផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានដួលរលំលើកំណាត់ផ្លូវលេខ៣៨៨ បណ្ដាល ឱ្យការធ្វើដំណើរលើកំណាត់ផ្លូវនោះពុំអាចឆ្លងកាត់បានអស់រយៈពេលមួយថ្ងៃពេញទៅហើយ នៅតែពុំទាន់ ឃើញអាជ្ញាធរឬមន្ដ្រីជំនាញចុះកាប់ចេញពីលើទ្រូងផ្លូវឡើយ។ ដើមពោធិ៍ដ៏ចំណាស់នេះ បានដួលរលំ ទៅលើដងផ្លូវកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី២ មិថុនា ក្រោយពេលមានភ្លៀងមួយមេ និង ព្យុះកំណាចយ៉ាងធំមួយបោកបក់ក្នុងទីក្រុងភ្នំពេញ ។
ទាក់ទិននឹងឧប្បត្ដិហេតុខាងលើនេះ បើតាមប្រភពព័ត៌មានពីបុរសចំណាស់ម្នាក់ អាយុប្រហែល៨០ឆ្នាំ ដែល មានលំនៅឋានក្បែរកន្លែងដែលដើមពោធិ៍រលំនោះ បាននិយាយប្រាប់អាជ្ញាធរសង្កាត់ទួលស្វាយព្រៃទី២ថា ចាប់តាំងពីគាត់ធំដឹងក្ដីកាលណាមក គឺឃើញដើមពោធិ៍ដ៏ធំនេះមានទំហំស្ទើរប៉ុននឹងកង់រទេះគោទៅហើយ មានម្លប់ត្រឈឹងត្រឈៃ ។ ដូច្នេះបើប្រៀបធៀបពីអាយុកាល គឺដើមពោធិ៍ខាងលើមានអាយុមិនក្រោមពី ១០០ឆ្នាំឡើយ។ មានការលើកឡើងថា នេះជាសំណាងល្អមួយក្នុងមួយពាន់សំណាងហើយ ដែលដើមពោធិ៍ រលំនោះពុំមានមនុស្សឆ្លងកាត់លើដងវិថីនៅពេលមានហេតុការណ៍កើតឡើង បើសិនជាពេលនោះមាន មនុស្សឆ្លងកាត់វិញ ប្រាកដជាចៀសមិនផុតពីទទួលរងគ្រោះដល់ជីវិតជាពុំខានឡើយ ។ ទោះជាយ៉ាងនេះ ក្ដី គេបានសង្កេតឃើញផ្ទះបើកហាងលក់កាហ្វេមួយកន្លែងនៅក្បែរដើមពោធិ៍ធំនោះ បានទទួលរងនូវការ ខូចខាតបាក់បែកសំយាបផ្ទះមួយចំនួនផងដែរ ដោយសារចុងដើមពោធិ៍រលំទៅប៉ះគ្របពីលើ ។ មនុស្សជា ច្រើននាក់ដែលទៅអង្គុយហូបកាហ្វេនៅហាងកាហ្វេនេះបានលាន់មាត់គ្រប់ៗគ្នាថា បើសិនជាហាងកាហ្វេពុំ មែនជាផ្ទះថ្មរឹងមាំទេ ម្ល៉េះសមនឹងត្រូវបាក់ស្រុតដោយសារដើមពោធិ៍រលំសង្កត់នោះពុំខានឡើយ ។ ជុំវិញ ឧប្បត្ដិហេតុខាងលើនេះ មហាជនភាគច្រើនបានធ្វើការរិះគន់ទៅអាជ្ញាធរក្រុងភ្នំពេញ ពិសេសមន្ទីរ សាធារណការរាជធានីភ្នំពេញថា ពុំបានគិតគូរច្បាស់លាស់អំពីអាយុកាលរបស់ដើមឈើនៅក្នុងក្រុងភ្នំពេញ ដើម្បីធ្វើការកាប់ផ្ដួលចោលមុនឧប្បត្ដិហេតុកើតឡើង ទើបពុំបណ្ដាលឱ្យមានការផលប៉ះពាល់ដល់ជីវិតរស់ នៅរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅមានដើមឈើចំណាស់ៗជាច្រើនដើមដុះនៅអមដងវិថីនានា ក្នុង ក្រុងភ្នំពេញកំពុងប្រឈមមុខនឹងការដួលរលំ ឬបាក់ធ្លាក់មកលើផ្លូវ ហើយនៅពុំទាន់ឃើញមន្ដ្រីជំនាញ ចុះធ្វើការសិក្សាគិតគូរមុនពេលមានឧប្បត្ដិហេតុកើតឡើងឡើយ ។ គេបានកត់សំគាល់ថា កន្លងមក ធ្លាប់មានប្រជាពលរដ្ឋខ្លះទទួលរងនូវការខូចខាតយានយន្ដគ្រប់ប្រភេទ ដោយសារដើមឈើរលំសង្កត់ ពិសេសគឺក្នុងរដូវវស្សា។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុទៅថ្ងៃខាងមុខទៀត មន្ដ្រីជំនាញគួរ ធ្វើការសិក្សាឱ្យបានច្បាស់លាស់ឡើងវិញ ចៀសវាងមានការដួលរលំដើមឈើមកលើដងផ្លូវ បង្កការលំបាក និងគ្រោះមហន្ដរាយដល់ប្រជាពលរដ្ឋនៅពេលមានព្យុះភ្លៀងម្ដងៗ ។
Labels: ចរាចរណ៍, បរិស្ថាន, សណ្ដាប់ធ្នាប់
for this post
Leave a Reply