សម្ដេចក្រុមព្រះរណឫទ្ធិ ជំរុញឱ្យលោកកែវ ពុទ្ធរស្មី ដកងារមគ្គុទ្ទេសក៍ប្រវត្ដិសាស្ដ្ររបស់ព្រះអង្គពីហ្វ៊ុនស៊ិនប៉ិច
រាជធានីភ្នំពេញ ៖ ក្រោយពីត្រូវបានសមាជគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី១៨ តុលា ២០០៦ ដកតួនាទី ពីប្រធានគណបក្សហើយតែងតាំងជាមគ្គុទ្ទេសក៍ប្រវត្ដិសាស្ដ្រវិញនោះ សម្ដេចក្រុមព្រះ ក្នុងនាមប្រធាន គណបក្ស នរោត្ដម រណឫទ្ធិ បានប្រកាសតាមរយៈលិខិតចុះថ្ងៃទី១ មិថុនា ផ្ញើជូនលោកកែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយស្នើសុំឱ្យដកគោរមងារព្រះអង្គជាមគ្គុទ្ទេសក៍ប្រវត្ដិសាស្ដ្រ ចេញពី គណបក្សហ្វ៊ុនស៊ិនប៉ិច ។
សម្ដេចក្រុមព្រះបានមានបន្ទូលតាមរយៈលិខិតនេះថា “ខ្ញុំសូមជម្រាបឯកឧត្ដមជ្រាបថា តាមសេចក្ដីសំរេច ចិត្ដរបស់សមាជវិសាមញ្ញខុសច្បាប់ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ចំណុច ៣.១ ចែងថា គាំទ្រទាំងស្រុងការលើកតំកើងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ជាព្រះមគ្គុទ្ទេសក៍ ប្រវត្ដិសាស្ដ្រនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាព្រះឋានៈដ៏ខ្ពង់ខ្ពស់ និងជាឧត្ដមក្រុមប្រឹក្សាសំរាប់ផ្ដល់ព្រះ តម្រិះ និងបទពិសោធន៍ដល់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ស្របតាមប្រការ៨ និងលក្ខន្ដិកៈគណបក្ស ហ្វ៊ុនស៊ិនប៉ិចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦” ។
សម្ដេចក្រុមព្រះបានបន្ដថា ជាច្រើនលើក ច្រើនសា ព្រះអង្គបានបដិសេធសមាជវិសាមញ្ញខាងលើនេះ ហើយក៏បដិសេធមិនទទួលយកគោរមងារជាមគ្គុទ្ទេសក៍ប្រវត្ដិសាស្ដ្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិចដែរ។ ប៉ុន្ដែកាលពីថ្ងៃទី១៩ ខែឧសភា លោកកែវ ពុទ្ធរស្មី បានមានប្រសាសន៍ថា “សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នៅតែជាមគ្គុទ្ទេសក៍ប្រវត្ដិសាស្ដ្រនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគ្មាននរណាដកហូតបានឡើយ ។
សម្ដេចក្រុមព្រះបានបន្ដថា “ក្នុងន័យនេះ ខ្ញុំស្នើសុំឯកឧត្ដមចាត់វិធានការដកគោរមងារខ្ញុំសម្ដេចក្រុមព្រះ ជាមគ្គុទ្ទេសក៍ប្រវត្ដិសាស្ដ្រ និងគោរមងារដទៃទៀតដូចមានចែងក្នុងចំណុច៣.១នៃសេចក្ដីសំរេចចិត្ដ សមាជវិសាមញ្ញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច តាមនីតិវិធីដូចដែល គណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើតាមរយៈសមាជវិសាមញ្ញខាងលើក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃដែល ឯកឧត្ដមបានទទួលលិខិតនេះ” ។
លោកនូវ សុវត្ថិរ៉ូ អ្នកនាំពាក្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនៅក្នុងទំនាក់ទំនងតាមទូរស័ព្ទកាលពីថ្ងៃ អាទិត្យទី៣ មិថុនា បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលលិខិតនោះរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅឡើយទេ ហើយក៏មិនទាន់បានឃើញខ្លឹមសារនៃលិខិតនោះយ៉ាងណានៅឡើយដែរ។ លោកបន្ដថា លោកមិនទាន់បានទទួលយោបល់ណាមួយពីថ្នាក់ដឹកនាំនៅឡើយទេ ប៉ុន្ដែលោកបានបន្ថែមថា “ពេលនេះបាល់កំពុងស្ថិតនៅជើងរបស់សម្ដេចក្រុមព្រះ ទោះបីលោកទាត់ ឬមិនទាត់ជារឿងរបស់លោក ទេ”។
លោកឱក សុជាតិ ទីប្រឹក្សាសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ទទួលបន្ទុកកិច្ចការសាធារណៈ បដិសេធ មិនធ្វើអត្ថាធិប្បាយឡើយ នៅក្នុងទំនាក់ទំនងតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ។ ចំណែកលោកមុត ចន្ថា អ្នកនាំពាក្យរបស់គណបក្សនរោត្ដម រណឫទ្ធិ មិនអាចទាក់ទងសុំការពន្យល់បានទេ តាមទូរស័ព្ទកាលពី ថ្ងៃអាទិត្យនោះ ព្រោះទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ។
Labels: នយោបាយ
for this post
Leave a Reply