៥ថ្ងៃទៀតរៀបការ..កូនកម្លោះដេកស្លាប់លើផ្ទះថ្មី សមត្ថកិច្ចថាខ្យល់គ ឪពុកម្ដាយសង្ស័យថាគេសម្លាប់
ខេត្ដកំពង់ធំ ៖ កូនកម្លោះម្នាក់ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃរៀបមង្គលការ ស្រាប់តែ ដេកស្លាប់នៅលើផ្ទះថ្មីដែលឪពុកម្ដាយសាងសង់ទុកឱ្យរស់នៅពីរនាក់ប្ដី-ប្រពន្ធ ក្រោយពេលរៀបការ ។ សមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីពិនិត្យសពរួចបានវិនិច្ឆ័យថា ស្លាប់ដោយសារខ្យល់គរ ។ ទោះជាយ៉ាងណា ក្រុមគ្រួសារ និងប្រជាពលរដ្ឋមួយចំនួនបែរជាសន្និដ្ឋានថា ការស្លាប់នោះដោយអំពើឃាតកម្មទៅវិញ ព្រោះ មានស្លាកស្នាមនៅលើបំពង់ក ព្រមទាំងស្នាមអុចៗដូចស្នាមម្ជុលចាក់លើស្មា និងត្របកភ្នែក ។
តាមលោកធី ទ្រី មន្ដ្រីសមាគមអាដហុក ខេត្ដបានឱ្យដឹងកាលពីព្រឹកថ្ងៃទី១ មិថុនាថា លោកមិត សាឡាង ហៅឆេង អាយុ៦០ឆ្នាំ ជាអតីតមន្ដ្រីប៉ូលិសចូលនិវត្ដន៍ បច្ចុប្បន្នជាប់ជាមេឃុំព្រះដំរីមកពីខាងគណបក្ស សមរង្សីុ និងស្ដ្រីឈ្មោះអ៊ន លួត អាយុ៥៦ឆ្នាំ ជាឪពុកម្ដាយរបស់អ្នកស្លាប់ឈ្មោះឆេង ឆុត អាយុ ២៨ឆ្នាំ រស់នៅភូមិរលួស ឃុំព្រះដំរី ស្រុកស្ទោង ។ ខណៈជិតរៀបការជាមួយនាង ស.រ អាយុ២៥ឆ្នាំ ដែលនៅ ផ្ទះក្បែរគ្នា ឪពុកម្ដាយ ឆេង ឆុត បានសង់ផ្ទះថ្មីមួយធ្វើអំពីឈើប្រក់ក្បឿង មានទំហំ៧ម៉ែត្រ គុណ១១ម៉ែត្រ នៅខាងត្បូងផ្ទះពួកគាត់ប្រហែល៥០ម៉ែត្រ សំរាប់រៀបចំពិធីមង្គលការ និងប្រគល់ឱ្យរស់ នៅក្រោយពេលការ។ ចំណែកកូនក្រមុំធ្វើជាកម្មការិនីកាត់ដេរនៅក្រុងភ្នំពេញ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុឪពុករបស់ឆេង ឆុត ត្រូវមេឃុំចាស់ប្រាប់ថា នៅថ្ងៃស្អែក (ថ្ងៃទី៣ ឧសភា) មន្ដ្រីស្រុកនឹងចុះមកប្រកាសសុពលភាពមេឃុំ និងក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោត ថ្មី។ នៅយប់ថ្ងៃទី២ ឧសភា ដដែលនោះ ឪពុកឆេង ឆុត បានហៅប្រពន្ធនិងកូនទាំងអស់មកពិភាក្សា គ្នារឿងទិញគ្រឿងបណ្ណាការដែលត្រូវរៀបចំមង្គលការរយៈពេល៥ថ្ងៃខាងមុខ ។ បន្ទាប់មកឆេង ឆុត ត្រូវ ឪពុកឱ្យទៅដេកចាំផ្ទះថ្មីតែម្នាក់ឯង ។ លុះព្រឹកឡើងថ្ងៃទី៣ ឧសភា ស្រាប់តែម្ដាយឃើញកូនដេកស្លាប់ លើផ្ទះនោះ។ សមត្ថកិច្ចមូលដ្ឋានដែលចុះទៅពិនិត្យសន្និដ្ឋានថា ឆេង ឆុត អាចស្លាប់ដោយសារ ខ្យល់គរ ព្រោះដេកលើផ្ទះតែម្នាក់ឯង។ ទោះជាយ៉ាងណា ឪពុកម្ដាយជនរងគ្រោះ និងប្រជាពលរដ្ឋមួយចំនួន សន្និដ្ឋានថា អាចជាការស្លាប់ដោយអំពើឃាតកម្មគឺជនមិនស្គាល់មុខ ច្របាច់ករហូតដល់ស្លាប់ ព្រោះមាន ស្នាមក្រចកដៃ២កន្លែងនៅលើបំពង់ក ព្រមទាំងស្នាមអុចៗចំនួន២-៣កន្លែងនៅលើស្មា និង ត្របកភ្នែក។
ក្រុមគ្រួសារបានទូរស័ព្ទហៅនាងជាកូនក្រមុំដែលធ្វើកម្មការិនីកាត់ដេរនៅភ្នំពេញឱ្យ ត្រឡប់មកផ្ទះជាបន្ទាន់ ដោយមិនបានប្រាប់ថា កូនកំលោះស្លាប់ទេ។ ពេលមកដល់ផ្ទះឃើញគូដណ្ដឹងស្លាប់នាងយំសោកបោកខ្លួន រហូតសន្លប់ ។
ឪពុករបស់អ្នកស្លាប់បានដាក់ពាក្យបណ្ដឹង នៅសមាគមអាដហុកខេត្ដដើម្បីឱ្យជួយអន្ដរាគមន៍រកយុត្ដិធម៌ ព្រោះគាត់យល់ថាជារឿងឃាតកម្ម ។ មន្ដ្រីសមាគមអាដហុកខេត្ដបានចុះទៅស៊ើបអង្កេតដល់កន្លែង កើតហេតុ ហើយត្រូវសាក្សី២នាក់ដែលនៅផ្ទះក្បែរនោះបំភ្លឺថា នាយប់កើតហេតុឃើញស្រមោលមនុស្ស ប្រុស២នាក់ជិះកង់ទៅឈប់នៅមុខផ្ទះឆេង ឆុត ព្រមទាំងឮឆ្កែព្រុសយ៉ាងខ្លាំង ។ បន្ទាប់មកឮមនុស្ស ស្រែកថ្ងូរ និងឮជន២នាក់នោះស្រែកថា “ម៉េចហើយអ្ហែង” រួចពួកគេជិះកង់ទៅបាត់ទៅ ។
យោងតាមរបាយការណ៍អង្កេតរបស់សមាគមអាដហុកឱ្យដឹងថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំកាលពីចុងខែមីនាកន្លងមក ឪពុក របស់ឆេង ឆុត បានរងការគំរាមកំហែង ដោយ បុរសម្នាក់រស់នៅភូមិសៀមពាយ ឃុំព្រះដំរីថា “បើឯងជាប់ឆ្នោត ឯងខ្លាំងដោះស្រាយដីឱ្យប្រជាពលរដ្ឋ បើដោះមិនចេញប្រយ័ត្នខ្វែវឡើងក” ។ បន្ទាប់ពីឪពុកឆេង ឆុត ជាប់ឆ្នោតជាមេឃុំ បុរសនោះ បាននិយាយដៀមដាមនិងគំរាមកំហែងជាច្រើនលើកទៀត ។
តាមការសន្និដ្ឋានជំហានដំបូងរបស់សមាគមអាដហុកខេត្ដឈ្មោះឆេង ឆុត មិនមែនស្លាប់ដោយសាររឿង ស្នេហាត្រីកោណ ឬស្លាប់ដោយខ្យល់គរទេ គឺអាចស្លាប់ដោយអំពើឃាតកម្មដែលបង្កឡើងដោយជនមិន ស្គាល់មុខ ។ បច្ចុប្បន្នសមាគមអាដហុកបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការខេត្ដ ហើយត្រូវព្រះរាជ អាជ្ញាអមតុលាការខេត្ដ ចារបញ្ជូនសំណុំរឿងនេះទៅឱ្យស្នងការដ្ឋាននគរបាលខេត្ដកាលពីថ្ងៃទី៣១ ឧសភា ដើម្បី ចុះអង្កេតស្រាវជ្រាវករណីនោះជាថ្មីឡើងវិញ ។
for this post
Leave a Reply