សាកសពយុវសិស្ស ធ្លាក់ស្លាប់លើជើងតាងស្ពានមុនីវង្សសង្ស័យថាជាការច្រានទំលាក់
រាជធានីភ្នំពេញ ៖ តាមការអះអាងរបស់ក្រុមគ្រួសារសពយុវសិស្សវិទ្យាល័យច្បារអំពៅម្នាក់ ដែលស្លាប់ នៅលើជើងតាងសសរស្ពានព្រះមុនីវង្ស (ក្រោមស្ពាន) កាលពី ថ្ងៃទី២៧ ឧសភា កន្លងមកនោះ បានអះ អាងថា អ្នករងគ្រោះដែលស្លាប់ពុំមែនភ័យស្លន់ស្លោលោតចុះនោះទេ តែជាការចាប់បោះទំលាក់ពីលើស្ពាន ពីសំណាក់ក្រុមក្មេងស្ទាវមួយក្រុម ។
សូមរំលឹកថា យុវសិស្សរងគ្រោះត្រូវគេប្រទះឃើញដេកស្លាប់នៅក្រោមស្ពានព្រះមុនីវង្ស កាលពីព្រឹក ថ្ងៃទី២៧ ឧសភា ឈ្មោះ សុខ សាន្ដ អាយុ២០ឆ្នាំ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។ ការប្រទះឃើញសាកសពយុវសិស្សសុខ សាន្ដ ពីដំបូងឡើយសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន បានសន្និដ្ឋានទាំងស្រពិចស្រពិលថា យុវសិស្សរូបនេះស្លាប់ដោយសារលោតទឹកសំលាប់ខ្លួន គេចពី ក្រុមបដិបក្សដែលនាំគ្នាដេញវាយសម្លាប់ តែដោយការស្លន់ស្លោមិនអាចរត់រួច ទើបលោតចូលទឹក តែបែរ ជាធ្លាក់ទើរលើជើងតាងសសរស្ពាន បណ្ដាលឱ្យបោកខ្លួនស្លាប់ ហើយហេតុការណ៍នោះមិនមានអ្នកណា ដឹងទេ ព្រោះជាវេលាយប់ ។
តាមការអះអាងរបស់ក្រុមគ្រួសារសព និងមិត្ដភក្ដិសពមួយចំនួនបានឱ្យដឹងថា សុខ សាន្ដ ស្លាប់ដោយសារ ការវាយប្រហារចាប់ច្រានទំលាក់ពីលើស្ពាន។ ទាក់ទិននឹងការអះអាងជុំវិញបញ្ហាសពឈ្មោះសុខ សាន្ដ ខាងលើនេះ បើតាមប្រភពព័ត៌មាននានាជាច្រើន ដែលឃើញទិដ្ឋភាពជាក់ស្ដែងនៃការស្លាប់របស់ យុវសិស្សសុខ សាន្ដ បាននិយាយថា គេពិតជាស្លាប់ដោយសារការចាប់បង្ខំច្រានទម្លាក់ពីលើស្ពាន វាសមជាងការសន្និដ្ឋានថា លោតទឹកហើយទើរលើជើងតាងស្ពានស្លាប់។
ជុំវិញរឿងហេតុខាងលើនេះដដែលឪពុកម្ដាយក្រុមគ្រួសារសពយុវសិស្សឈ្មោះសុខ សាន្ដ បានសំណូមពរ ទៅសមត្ថកិច្ចមូលដ្ឋាន ពិសេសនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សូមមេត្ដាជួយស្រាវជ្រាវវែកមុខឃាតក ដែលធ្វើទារុណកម្មចាប់កូនគាត់ទម្លាក់ពីលើស្ពាន បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មផង។ លើសពីនេះ ទៅទៀត ក្រុមគ្រួសារសពបានសំណូមពរទៅស្ថាប័នមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់សូមមេត្ដាជួយអង្កេត ស្វែងរកការពិត ដើម្បីផ្ដល់យុត្ដិធម៌ពិតប្រាកដជូនសព ឈ្មោះសុខ សាន្ដ ។ មូលហេតុដែលក្រុមគ្រួសារ សពឈ្មោះសុខ សាន្ដ អះអាងថា ការស្លាប់របស់ឈ្មោះសុខ សាន្ដ កើតឡើងដោយសារការចាប់ច្រាន ទម្លាក់ពីលើស្ពាន គឺដោយសារនៅយប់កើតហេតុនោះឈ្មោះសុខ សាន្ដ និងមិត្ដភក្ដិដទៃទៀត បានទៅ ផឹកស៊ីនៅភោជនីយដ្ឋានម្លប់ជ្រៃ ហើយមានការទាស់ទែងគ្នាជាមួយអ្នកចំរៀងប្រចាំភោជនីយដ្ឋានម្នាក់ ឈ្មោះម៉ី សោភ័ណ្ឌ ហៅដេវីដ ហើយត្រូវឈ្មោះដេវីតហៅកូនលោកឧកញ៉ាម្នាក់ទៅកាងខ្លួនគេ(ដេវីត)។
ប្រភពដដែលនោះនិយាយទៀតថា ពេលឃើញសភាពអត់ស្រួល ឈ្មោះសុខ សាន្ដ និង មិត្ដភក្ដិម្នាក់ទៀត បានរត់ចេញពីភោជនីយដ្ឋានមកផ្ទះ។ ខណៈពេលមកដល់ផ្ទះ ឈ្មោះដេវីដ រួមទាំងមិត្ដភក្ដិដទៃទៀត បានមករករឿងដល់ក្នុងផ្ទះទាំងយប់ ជាហេតុធ្វើឱ្យឈ្មោះសុខ សាន្ដ ភ័យខ្លាច ក៏រត់ចេញពីផ្ទះភ្លាមៗ បាត់រហូត ។ ក្រុមគ្រួសារសពឈ្មោះ សុខ សាន្ដ បានបន្ដទៀតថា ពេលដឹងថា ឈ្មោះសុខ សាន្ដ ចេញពីផ្ទះ ក្រុមក្មេងដែលមករករឿង ឈ្មោះសុខ សាន្ដ ដល់ផ្ទះទាំងយប់នោះ ក៏ចេញស្រពីផ្ទះអស់តែម្ដង។ បញ្ហា នេះហើយដែលក្រុមគ្រួសារផ្ដោតអារម្មណ៍សង្ស័យថា ឈ្មោះសុខ សាន្ដ ត្រូវមានអ្នកតាមចងពារចាប់ ទម្លាក់ពីលើស្ពាន ។ ឈ្មោះ ដេវីដ ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី៣១ ឧសភា ។
ឪពុករបស់ឈ្មោះសុខ សាន្ដ និយាយថា កូនប្រុសរបស់គាត់ត្រូវស្លាប់ក្នុងភាពអាថ៌កំបាំង ហើយនៅយប់ កើតហេតុនោះរូបគាត់ ត្រូវប៉ូលិសប៉ុស្ដិ៍ច្បារអំពៅទី២ និងប៉ូលិសប៉ុស្ដិ៍និរោធ ខណ្ឌមានជ័យ បង្ខំឱ្យ បង់ប្រាក់ទៅឈ្មោះដេវីដ ដែលឈ្លោះប្រកែកគ្នាជាមួយកូនគាត់អស់៤៥០ដុល្លារទៀត ពីថ្លៃជួសជុល កិត្ដិយស និងរបួសស្នាមគាត់ក៏យល់ព្រម ដើម្បីបញ្ចប់រឿងតែដឹងអីស្រាប់តែព្រឹកឡើង ឃើញកូនស្លាប់ តែម្ដង។
Labels: សន្តិសុខ
for this post
Leave a Reply