ឃាតកម្មកំហឹងស្នេហ៍ត្រីកោណ ការបាញ់ប្រហារដ៏រន្ធត់ជាប់ជាយដែនខ្មែរ-ថៃ សមត្ថកិច្ចបានទទួលពន្លឺច្រើនហើយ
ខេត្ដបន្ទាយមានជ័យ ៖ ការបាញ់ប្រហារយ៉ាងឃោរឃៅពីសំណាក់ជនដៃដល់៣នាក់ ដែលបានសម្លាប់ ស្ដ្រីជាប្រពន្ធ និងបុរសជាប្ដីរបួសធ្ងន់កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៩ ឧសភា នៅមុខ លំនៅឋានមួយដែលសង់នៅលើទំនប់អតីត “ក៥” ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ក្បែរជាយដែនខ្មែរ-ថៃ រហូតមកដល់ថ្ងៃទី៣១ ឧសភា ពន្លឺនៃរឿងក្ដីនេះហាក់ដូចជាត្រូវបានលាតត្រដាង ប្រមាណ២០%ហើយ នេះជាការប្រាប់ឱ្យដឹងពីមន្ដ្រីដែលកំពុងស្រាវជ្រាវករណីបាញ់ប្រហារនេះ ។ ទោះបីជា បែបណា នេះជាប្រភពដែលសមត្ថកិច្ចទទួលបានការបំភ្លឺពីកូនរបស់អ្នករងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ។
ឆ្លងតាមការលាតត្រដាងពីភាគីអ្នករងគ្រោះ បានបង្ហាញនូវការជាប់សង្ស័យទាក់ទិននឹងរឿងរ៉ាវស្នេហាលួច លាក់រវាងនាយប៉ូលិសម្នាក់ និងកូនស្រីច្បងរបស់អ្នករងគ្រោះ ដែលត្រូវបែកធ្លាយដឹងដល់ស្ដ្រីជាប្រពន្ធ ដើមរបស់នាយប៉ូលិសរូបនោះ។ មន្ដ្រីប៉ូលិសស្រុកអូរជ្រៅបានបដិសេធមិនទាន់ឱ្យដឹងអត្ដសញ្ញាណ នាយ ប៉ូលិសរូបនោះនៅឡើយទេ ព្រោះករណីនេះកំពុងតែធ្វើការស៊ើបអង្កេតរក.សខ្មៅ ។ គេបានគិតថា បើសិនជាអ្នកនៅពីក្រោយខ្នងនៃការបាញ់ប្រហារមិនញញើតដៃនេះ ត្រូវបានបកស្បែក ក្រុមជនដៃដល់ ៣នាក់នោះក៏ទំនងត្រូវវែកមុខដែរ ហើយទីបំផុតមានតែនាំគ្នាដេកគុកប៉ុណ្ណោះ។ គេរំពឹងថា នេះជាករណី ឈាមស្រែកស្បែកហៅហើយ ព្រោះព័ត៌មាននានាបានបំភ្លឺឱ្យដឹង និងគួរឱ្យទុកចិត្ដថា រឿងរ៉ាវបណ្ដាលមក ពីភ្លើងកំហឹងស្ដ្រីប្រពន្ធដើម តាមចងអាឃាតស្ដ្រីដែលលួចមានទំនាក់ទំនងស្នេហាជាមួយបុរសជាប្ដី ។ ថ្វី បើបែបនេះក្ដី កំហឹងដែលបង្ហាញនូវភាពឃោរឃៅនិងថ្កោលទោសនេះ អាចចាត់ទុកថា មិនធ្លាប់មាន ពីមុនមកទេ ដោយសារតែការតាមប្រមាញ់គ្រប់ច្រកល្ហក ខណៈដែលក្រុមគ្រួសារអ្នករងគ្រោះបានរត់ ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយទៀតច្រើនលើក ច្រើនសា តែទីបំផុតក៏គេចមិនរួចពីការតាម ប្រមាញ់។
ក្នុងលេខចេញផ្សាយមុននេះ ប្រភពព័ត៌មាននានាដែលមានការសង្ស័យត្រូវបានចាត់ទុកថា ជាប្រភពក្រៅ ផ្លូវការ និងជាព័ត៌មានជំហានដំបូង ដូច្នេះហើយទើបព័ត៌មាននេះល្បីដល់ឈ្មោះឧកញ៉ា តែការពិតមិន មែនទេដែលពេលនេះត្រូវបានគេដឹងឮថា ជានាយប៉ូលិសម្នាក់ ។ មុននេះដែរក៏មានព័ត៌មានពីការទាក់ទិន នឹងស្នេហានោះគឺក្មួយស្រី តែពេលនេះបានបង្ហាញច្បាស់ហើយថា គឺកូនស្រី ។
យោងតាមប្រភពព័ត៌មានដែលបានរាយការណ៍មកពីតំបន់ប៉ោយប៉ែតនៅថ្ងៃទី៣១ ឧសភា បានឱ្យដឹងពី ប្រភពអះអាងថ្មីជុំវិញការបាញ់ប្រហារគួរឱ្យភ្ញាក់ផ្អើលនេះថា ក្រោយពីមានការបាញ់ប្រហារសម្លាប់ស្ដ្រីរង គ្រោះឈ្មោះទឹម ផានី អាយុ៤៦ឆ្នាំ និងបាញ់បុរសជាប្ដីឈ្មោះនួន បូរ អាយុ៤៧ឆ្នាំ ឱ្យរងរបួស ធ្ងន់ធ្ងរកាលពីវេលាម៉ោ៩និង៣០នាទី យប់ថ្ងៃទី២៩ ឧសភា នៅចំណុចខាងកើតកាស៊ីណូផ្កាយ៥ លើអតីត ទំនប់ក.៥ ក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យរួចមក នៅព្រឹកថ្ងៃទី៣១ ឧសភា ប្រភពព័ត៌មានមួយបានរៀបរាប់ ជុំំវិញការសង្ស័យដែលឈានដល់ការបាញ់ប្រហារនេះឱ្យដឹងថា នៅឆ្នាំ២០០០មាននាយប៉ូលិសម្នាក់ (សុំមិនទាន់បង្ហាញឈ្មោះ) បានចុះទៅធ្វើការនៅក្នុងភូមិស្វាយធំ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្ដតាកែវ ។ បេសកកម្មរបស់នាយប៉ូលិសរូបនោះក៏បានក្លាយជាមាន ទំនាក់ទំនងស្នេហាលួចលាក់ជាមួយនារីម្នាក់ឈ្មោះឆេង សុខន ជាកូនស្រីរបស់អ្នករងគ្រោះ ដែលបច្ចុប្បន្ន មានអាយុ២៥ឆ្នាំហើយ តែបើគិតត្រឹមឆ្នាំ២០០០ នាងមានអាយុ១៨ឆ្នាំ ។ ការទាក់ទងស្រលាញ់គ្នា ជាមួយនាង ឆេង សុខន នោះរហូតនាងមានផ្ទៃពោះ៣ខែ ទើបប្រពន្ធដើមរបស់នាយប៉ូលិសនោះដឹង ។
តាមការចោទប្រកាន់ពីក្រុមគ្រួសារអ្នករងគ្រោះថា ពេលនោះស្ដ្រីជាប្រពន្ធដើមរបស់នាយប៉ូលិសរូបនោះ បានជួលមនុស្សឱ្យតាមធ្វើបាបនាងឆេង សុខន ហើយនាងដឹងខ្លួន ក៏សំរេចឈប់ទាក់ទងជាមួយនាយប៉ូលិស រូបនោះ ទោះបីបានជ្រុលខ្លួនមានផ្ទៃពោះទៅហើយក្ដី និងបានគេចខ្លួនពីភូមិមកធ្វើជាកម្មការិនីរោងចក្រ នៅឯទីក្រុងភ្នំពេញអស់មួយរយៈ ។ ប្រភពដដែលបន្ដថា លុះនៅឆ្នាំ២០០៦ មានជនមិនស្គាល់មុខ ជាច្រើននាក់ បានយកទឹកអាស៊ីត និងប្រេងសាំងទៅចាក់ដុតផ្ទះរបស់ឪពុកម្ដាយនាងឆេះខ្ទេចខ្ទីគ្មានសល់ ហើយបានបណ្ដាលឱ្យម្ដាយនាងរងរបួសធ្ងន់ផងដែរ ដោយការរលាកភ្លើង និងបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យខេត្ដតាកែវ ។ ពេលនោះគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ដតាកែវ អស់សមត្ថភាពព្យាបាល ក៏បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ក្រោយពេលចេញពីមន្ទីរពេទ្យ ក្រុមគ្រួសាររបស់ នាងក៏បានមករស់នៅជិតវត្ដភ្នំក្នុងទីក្រុងភ្នំពេញមួយរយៈព្រោះមិនហ៊ានវិលត្រឡប់ ទៅស្រុកវិញទេ ។
ទាក់ទិននឹងការមករស់នៅតំបន់ប៉ោយប៉ែតនេះ ត្រូវបានប្រភពឱ្យដឹងថា នៅដើមខែ កុម្ភៈ ២០០៧ គ្រួសារ នេះបានមករស់នៅរហូតដល់ថ្ងៃដែលកើតហេតុ ។ ប្រភពព័ត៌មាននេះគឺទទួលបានពីកូនប្រុសរបស់ជនរង គ្រោះឈ្មោះឆេង ណូក អាយុ២៣ឆ្នាំ ។ កូនប្រុសរូបនេះបានបញ្ជាក់ និងបង្ហាញថា នៅយប់ កើតហេតុនោះក្រុមជនដៃដល់ដែលធ្វើសកម្មភាពមានគោលបំណងបាញ់សម្លាប់ក្មេងស្រី ដែលទើបមាន អាយុប្រមាណជាងបីឆ្នាំ ត្រូវជាកូនរបស់បងស្រីខ្លួន និងនាយប៉ូលិសរូបនោះ តែត្រូវបានឪពុកដែល រងគ្រោះនិងត្រូវជាជីតា ស្ទុះមកញំងគ្រាប់ជំនួស បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ដែលបច្ចុប្បន្នកំពុងសំរាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
តាមប្រភពព័ត៌មានពីឈ្មោះឆេង ណូក ដដែលបន្ថែមទៀតថា កាលពីក្នុងខែមេសា កន្លងមកនេះដែរ ឪពុករបស់ខ្លួនបានទទួលទូរស័ព្ទពីមនុស្សម្នាក់បានសួរថា តើឥឡូវនេះ “បូរឯង” រស់នៅឯណា ? ឯឪពុក របស់ខ្លួនបានប្រាប់ថា “នៅភ្នំពេញ” រួចក៏បិទទូរស័ព្ទទៅ។ តាមប្រភពមួយទៀតបានឱ្យដឹងថា ក្រុមគ្រួសារ របស់ជនរងគ្រោះនេះបានព្យាយាមរត់គេចខ្លួនពីការប៉ុនប៉ងរបស់ក្រុមសង្គមងងឹតនេះ ជាច្រើនកន្លែងមក ហើយ ប៉ុន្ដែនៅតែគេចមិនផុតពីសំណាក់យមរាជ។ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃ៣១ ឧសភា ស្ថានភាពរង គ្រោះរបស់ឈ្មោះនួន បូរ ជាប្ដីនៅមិនទាន់ដឹងថា អាចឆ្លងផុតពីគ្រោះថ្នាក់ឬក៏បែបណាឡើយ ព្រោះ ត្រូវបានការពារ ។
Labels: សន្តិសុខ
for this post
Leave a Reply