នគរបាលព្រហ្មទណ្ឌបង្ហាញមុខជនសង្ស័យជាចោរប្លន់កណ្ដាលយប់
រាជធានីភ្នំពេញ ៖ កោះសន្ដិភាពបានចេញផ្សាយម្សិលមិញក្នុងទំព័រទី៥ ដែលមានចំណងជើងអក្សរធំថា “ចាប់ជនសង្ស័យ៣នាក់ ជាប់ចោទប្លន់ទូរស័ព្ទដៃ និងកាបូបប្រាក់កណ្ដាលយប់” ដែលជាព័ត៌មានក្ដៅ មិនទាន់ជាផ្លូវការ ប៉ុន្ដែមកដល់ព្រឹកថ្ងៃទី៣០ ឧសភា លោកវរសេនីយ៍ត្រី ជួន ណារិន ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតទំលាយរឿងចាប់ខ្លួន ជនសង្ស័យដែល ចោទថាជាចោរប្លន់នោះហើយ។
លោកវរសេនីយ៍បានមានប្រសាសន៍ក្នុងពិធីធ្វើសន្និសីទកាសែតថា ជនសង្ស័យ ១-ឈ្មោះកែម វិបុល ហៅរុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ខ្លះថាជាយោធា) ស្នាក់នៅផ្ទះលេខ១០១Eo ផ្លូវលេខ ២១៥ ក្រុម៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ ២-ឈ្មោះសុខ សុភា ហៅតឿ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ (ខ្លះថាជាយោធា) ស្នាក់នៅផ្ទះលេខ២៩៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង៣-ឈ្មោះតេង សុវិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ តែខ្លះថា ជាយោធាដែរ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវលំ ក្រុមទី១០ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពួកគេទាំង៣នាក់ត្រូវបានចាប់ខ្លួននៅវេលាម៉ោងរំលងអធ្រាត្រយប់ថ្ងៃទី២៩ ឧសភា នៅត្រង់ចំណុចងងឹត មួយខាងក្រោយរោងកុនគិរីរម្យ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ដែលការចាប់ខ្លួននោះ សមត្ថកិច្ច បានធ្វើការដកហូតអាវុធខ្លីចំនួន៤ដើម និងម៉ូតូ២គ្រឿង ។ លោកស័ក្ដិ៤ ជួន ណារិន បានបន្ដទៀតថា នៅវេលាម៉ោងខាលើមានករណី ប្លន់ទូរស័ព្ទដៃ និងកាបូបលុយពីជនរងគ្រោះ ឈ្មោះស សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជាសន្ដិសុខសណ្ឋាគារអេភីហាត ដែលកំពុងអង្គុយយាមនៅមុខសណ្ឋាគារ ស្ថិតនៅផ្លូវ កម្ពុជាក្រោម ក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា ។ អំពើប្លន់នេះជនល្មើសមានបក្ស ពួក៣នាក់ ម៉ូតូ២គ្រឿង និងអាវុធគ្រប់ដៃ ប៉ុន្ដែក្នុងខណៈពួកគេបំរុងគេចខ្លួនក៏ត្រូវប៉ះចំកំលាំងល្បាតរបស់នគរបាលព្រហ្មទណ្ឌ ដែល ដឹកនាំដោយអនុប្រធានការិយាល័យ៣នាក់ គឺលោកជីវ វិបុល លោកប៊ុន ប៉ាម៉ារីលុច និង លោកលី សុភ័ក្រ ព្រមទាំងសហការជាមួយ កំលាំងនគរបាល កងរាជអាវុធហត្ថខណ្ឌ៧មករា និងខណ្ឌចំការមនផងដែរ ពិសេសនគរបាលប៉ុស្ដិ៍បឹងព្រលឹតតែម្ដង ចេញធ្វើអន្ដរាគមន៍ដេញស្ទាក់ចាប់ជនល្មើសបានទាំង៣នាក់ ដោយ មានផ្ទុះអាវុធជាច្រើនគ្រាប់ ជាការបាញ់គំរាមផងដែរ ។
ក្នុងសន្និសីទកាសែត លោកវរសេនីយ៍ត្រី ជួន ណារិន្ទ បានបន្ដថា ពួកគេទាំង៣នាក់នេះ ជាក្រុមចោរ ប្លន់យប់ជ្រៅ និងប្លន់ទៀបភ្លឺ ហើយក៏ធ្លាប់ប្លន់ច្រើនលើកទៀតផង ។ ជាមួយនឹងការបង្ហាញមុខជនជាប់ សង្ស័យជាចោរប្លន់ពេលនេះ ក្នុងនាមរូបលោកជាប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ សំណូមពរដល់ជន រងគ្រោះទាំងឡាយដែលបានរងនូវអំពើប្លន់ពីសំណាក់ចោរប្លន់មួយក្រុមនេះ ឆាប់មកដាក់ពាក្យបណ្ដឹង កាលណាបើបងប្អូនបានស្គាល់មុខតាមរយៈទំព័រសារព័ត៌មានហើយ ។ បានជាលោកអំពាវនាវយ៉ាងដូច្នេះ ប្រយោជន៍ផ្លូវច្បាប់ និងម្យ៉ាងវិញទៀតដើម្បីចងបទល្មើសរួមចំណែកកាត់បន្ថយអំពើប្លន់ទាំងអស់គ្នា ។
លោកជួន ណារិន បញ្ជាក់ជាចុងក្រោយទៀតថា ក្រុមនេះប្លន់មិនតិចជាង១៥ដងក្នុងម្នាក់ៗនោះទេ នេះ បើតាមការស្រាវជ្រាវលើពាក្យបណ្ដឹងរបស់ជនរងគ្រោះកន្លងមក គេធ្លាប់បញ្ជាក់ពីភិនភាគជនល្មើស។ បន្ទាប់ពីធ្វើសន្និសីទបង្ហាញមុខជនសង្ស័យទាំង៣នាក់រួច អាវុធខ្លី៤ដើម ម៉ូតូ២គ្រឿង ត្រូវបាននគរបាល ព្រហ្មទណ្ឌរៀបចំបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ ប្រយោជន៍ដើម្បីប្រគល់ឱ្យ ស្ថាប័នច្បាប់ចាត់ចែង តាមនីតិវិធី ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply