សមាគមអាដហុកបើកវគ្គអប់រំផ្សព្វផ្សាយពីសាលាក្ដីខ្មែរក្រហម
ខេត្ដកំពង់ធំ ៖ ពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីសាលាក្ដីខ្មែរក្រហម និងតុលាការព្រហ្មទណ្ឌអន្ដរជាតិ ដែលរៀបចំឡើងដោយសមាគមអាដហុក ត្រូវបានប្រព្រឹត្ដទៅនៅក្នុងវត្ដទេពនិម្មិត ក្នុងឃុំកំពង់រទេះ ស្រុកស្ទឹងសែន កាលពីព្រឹកថ្ងៃទី២៨ ឧសភា ២០០៧ ក្រោមអធិបតីភាព លោកធន សារាយ ប្រធានសមាគមអាដហុកនៅកម្ពុជា និងលោកអ៊ុត សំអន អភិបាលស្រុកស្ទឹងសែន ។ និមន្ដ និង អញ្ជើញចូលរួមក្នុងឱកាសនោះដែរមានព្រះសង្ឃ តំណាងកងកម្លាំងប្រដាប់អាវុធ មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើន ។
លោកអ៊ុត សំអន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាគមអាដហុក ដែលរៀបចំឱ្យមាន វគ្គអប់រំផ្សព្វផ្សាយនេះ គឺសំដៅឱ្យប្រជាពលរដ្ឋបានរំលឹកឡើងវិញ នូវរាល់ឧក្រិដ្ឋកម្ម ដែលបង្កឡើងកាល ពីសម័យខ្មែរក្រហម ធ្វើឱ្យប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី រស់នៅបែកបាក់គ្រួសារ ហើយត្រូវ ពួកខ្មែរក្រហមចាប់បង្ខំឱ្យរស់នៅតាមជំរំ ប្រមូលផ្ដុំ បង្ខំធ្វើការរហូតបាក់កម្លាំង ហើយប្រជាជនខ្លះទៀត ត្រូវពួកខ្មែរក្រហមយកទៅវាយសម្លាប់ចោលយ៉ាងអយុត្ដិធម៌ រុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ទៅក្នុង គ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រ ។ ឆ្លងតាមវគ្គអប់រំ ផ្សព្វផ្សាយ លោកអភិបាលស្រុកសង្ឃឹមថា នឹងអាចបង្កលក្ខណៈឱ្យប្រជាជនបានយល់ដឹង និងលើកឡើងនូវសំណួរ ផ្សេងៗពាក់ព័ន្ធនឹងសាលាក្ដីខ្មែរក្រហម ដែលកំពុងដំណើរការរៀបចំកាត់ទោសពួកខ្មែរក្រហមដែលបាន កាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង២លាននាក់ ។
មានមតិនៅក្នុងឱកាសនោះលោកធន សារាយ បានលើកឡើងពីការងារមួយចំនួន ដែលសមាគមអាដហុក ត្រូវចូលរួមក្នុងដំណើរការសាលាក្ដីខ្មែរក្រហមនេះ ជាពិសេសគឺការបើកវគ្គអប់រំផ្សព្វផ្សាយនេះ សំដៅឱ្យ ប្រជាជនបានយល់ដឹងថា សាលាក្ដីខ្មែរក្រហម ត្រូវបានបង្កើតឡើងហើយ ដើម្បីស្វែងរកយុត្ដិធម៌ឱ្យជន រងគ្រោះទាំងអស់។ ពិភពលោកក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា មិនបណ្ដោយឱ្យពួកខ្មែរក្រហមរួចផុតពីការ កាត់ទោសនោះទេ ជាពិសេសអ្នកទទួលខុសត្រូវក្នុងរបបនេះ ។ លោកធន សារាយ បានបន្ដឱ្យដឹងថា ចាប់ពីពេលនេះទៅ សមាគមអាដហុក នឹងបន្ដបើកវគ្គអប់រំផ្សព្វផ្សាយនេះ រៀងរាល់៦ខែម្ដង នៅគ្រប់ ស្រុកខណ្ឌទាំង១៧៨ ក្នុងទូទាំងប្រទេស ដើម្បីឱ្យប្រជាជន បានយល់ដឹងពីដំណើរការសាលាក្ដីខ្មែរក្រហម ក្នុងដំណាក់កាលនីមួយៗ ។ ចំពោះប្រជាជនដែលត្រូវរងគ្រោះក្នុងរបបខ្មែរក្រហម អាចធ្វើពាក្យបណ្ដឹង ទាមទារសំណងផ្សេងៗទៅតាមផ្លូវច្បាប់ ដោយនាំគ្នាចងក្រងជាក្រុមធ្វើពាក្យបណ្ដឹងទៅសាលាក្ដីខ្មែរ ក្រហម។ ទោះបីរបបប្រល័យពូជសាសន៍បានកន្លងផុតទៅ អស់រយៈពេល២៨ឆ្នាំហើយក៏ដោយ ក៏សាលា ក្ដីខ្មែរក្រហមនេះអាចជួយសំរួលនិងផ្សះផ្សាជំងឺផ្លូវចិត្ដដល់ប្រជាជនដែលត្រូវរងគ្រោះ បានមួយចំនួនធំ ហើយក៏ជាការព្រមានដល់អ្នកដឹកនាំរដ្ឋជំនាន់ក្រោយ កុំឱ្យធ្វើការកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់ លាននាក់តទៅទៀត ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាតែងប្ដេជ្ញាចិត្ដទប់ស្កាត់ មិនឱ្យរបបប្រល័យ ពូជសាសន៍វិលត្រឡប់មកកម្ពុជាជាលើកទី២ បានទៀតឡើយ ។
ទន្ទឹមនេះលោកសាន់ រ៉ាដា អ្នកជំនាញការច្បាប់បានបំភ្លឺឱ្យដឹងថា បុគ្គលខ្មែរក្រហមដែលអង្គជំនុំជំរះ វិសាមញ្ញអាចយកមកកាត់ទោសបាននោះ គឺជាមេដឹកនាំជាន់ខ្ពស់កម្ពុជា ប្រជាធិបតេយ្យ និងអ្នកទទួល ខុសត្រូវខ្ពស់បំផុតនៃឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្ដក្នុងរបបខ្មែរក្រហម ។ ចំពោះមេដឹកនាំជាន់ខ្ពស់របស់ ខ្មែរក្រហម និងនរណាជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនោះ គឺមានតែចៅក្រមប៉ុណ្ណោះ ដែលអាចកំណត់ បានដោយផ្អែកលើភស្ដុតាង។
តមកសមាជិកក្នុងវគ្គអប់រំផ្សព្វផ្សាយ បានលើកឡើងនូវសំណួរមួយចំនួនដាក់ជូនគណៈអធិបតីបំភ្លឺ ក្នុង នោះមានសំណួរមួយលើកឡើងថា មានមេខ្មែរក្រហមមួយចំនួនត្រូវបានទទួលការលើកលែងទោសពីព្រះ មហាក្សត្រ តើអាចរួចផុតពីសាលាក្ដីខ្មែរក្រហមឬទេ? សំណួរនេះត្រូវបានលោកធន សារាយ បំភ្លឺឱ្យដឹងថា យោងតាមកិច្ចព្រមព្រៀងរបស់ប្រទេសយើង និងតុលាការព្រហ្មទណ្ឌអន្ដរជាតិ គឺពួកមេខ្មែរក្រហម ទាំងនោះ មិនអាចគេចផុតពីការកាត់ទោសទេ បើសិនជាចៅក្រមធ្វើការស៊ើបអង្កេត ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply