ប្រដាល់ដណ្ដើមខ្សែក្រវាត់ K cement ឈានដល់វគ្គបញ្ចប់ជំរុះវិលជុំ
រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី៣ មិថុនា ខាងមុខនេះ ការប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណ ដណ្ដើមខ្សែក្រវាត់ K cement ទំងន់៦៣,៥គីឡូក្រាមនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុសិ៍្ដលេខ៥ ឈានចូលដល់ទីបញ្ចប់នៃវគ្គជំរុះវិលជុំក្នុងពូលហើយ ដោយក្នុងនោះក្រុម A វ៉ន សាវី មកពីក្លឹបឃ្លាំង មឿង ត្រូវជួបប្រកួតជាមួយចាន់ សុផល ក្លឹបប្រតិបត្ដិការសឹករងខេត្ដសៀមរាប និង ក្រុមB សរ សី ក្លឹបអេភូថង ទន្លេបាសាក់ត្រូវប្រកួតជាមួយផល សុផាត ក្លឹបកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ។
រវាងវ៉ន សាវី និងចាន់ សុផល គឺសុទ្ធតែធ្លាប់បានឆ្លងកាត់ការប្រកួតបាន៣លើកម្នាក់ រួចមកហើយ ក្នុងនោះពួកគេចាញ់ការប្រកួត២លើក ឈ្នះ១លើក ។ ការប្រកួតនៅលើកចុងក្រោយនេះ គឺគ្រាន់តែ ធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ទោះជាអ្នកណាចាញ់ ឬ ឈ្នះក៏ដោយ ក៏ពួកគេប្រហែលជាត្រូវហាល ខោដែរ ពីព្រោះថា នៅក្នុងក្រុមA នេះ មាន អូត ភូថង និងឡុង ជ័យសុផល ជាអ្នកមានពិន្ទុ ច្រើនជាងគេបំផុតកំពុងតែរង់ចាំឡើងប្រកួតខ្វែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ដទៀត ។
ចំពោះសរ សី វិញ នៅក្នុងវគ្គប្រកួតជំរុះ វិលជុំក្នុងក្រុមB គេមិនដែលស្គាល់ឈ្នះឡើយ ឯផល សុផាត បានឈ្នះ១ប្រកួតដែរ។ ដូច្នេះការប្រកួតលើកនេះ គឺគ្រាន់តែជាការធ្វើឡើងដើម្បីបង្គ្រប់កិច្ចដូចគ្នា នឹងគូប្រកួតក្នុងក្រុមAដែរ ។ ប៉ុន្ដែសំរាប់ សរ សី ការមកជួបប្រកួតជាមួយ ផល សុផាត នេះ គេមិន សូវជាមានសង្ឃឹមប៉ុន្មានឡើយ ព្រោះបើធ្វើការប្រៀបធៀបលើកំលាំង មាឌ និងថ្វីដៃ ប្រយុទ្ធនោះ គឺសុផាតគេល្អជាង ។ សរ សី ប្រកួតអាងកំលាំងបាយ ឯស្នៀតប្រយុទ្ធរបស់គេអត់មានអ្វីដែល ពូកែគួរឱ្យទុកចិត្ដបាននោះឡើយ ។
សំរាប់គូប្រកួតមិត្ដភាពវិញ រាជសីហ៍ បាបា សមាគមកីឡាកងយោធពលខេមរភូមិន្ទ ត្រូវជួបប្រកួត ជាមួយឈិត រដ្ឋា ក្លឹបខេត្ដកោះកុង ។ ចំណែកប្រាក់ តារា ក្លឹបសាលវ័ន្ដ ត្រូវជួបប្រកួតជាមួយពៅ សាខន សមាគមកីឡាកងយោធពលខេមរភូមិន្ទ ។
Labels: កីឡា
for this post
Leave a Reply