ស្រុកទេសកើតចោរហារយ លក់ដីបានជាង៧ពាន់ដុល្លារ៣ថ្ងៃក្រោយចោរបិទមុខចូលប្លន់
ខេត្ដពោធិ៍សាត់ ៖ បុរសម្នាក់ដែលទើបតែលក់ដីបានលុយ៧.១០០ដុល្លារថ្មីៗ ត្រូវក្រុមចោរបិទមុខចូល ប្លន់យកអស់គ្មានសល់ មិនតែប៉ុណ្ណោះត្រូវក្រុមចោរវាយនឹងស្វាយកាំភ្លើងចេញក្អួតស្ទើររស់ស្ទើរស្លាប់ និង បែកក្បាលហូរឈាមរហូតសន្លប់ ។ បុរសរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យទាំងយប់។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះជនរងគ្រោះជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាកែវ ឃុំបឹងកន្ដួត ស្រុកក្រគរ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ឧសភា ២០០៧ ។
លោកមាស ម៉ុល មន្ដ្រីប៉ូលិសព្រហ្មទណ្ឌខេត្ដឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ម៉ី ហុន អាយុ៤៥ឆ្នាំ និង ប្រពន្ធឈ្មោះចាន់ សាវ៉ាត អាយុ៤៥ឆ្នាំ ។ ជនរងគ្រោះត្រូវក្រុមចោរវាយនឹងស្វាយកាំភ្លើង កាប់នឹង ដាវសាមូរ៉ៃបណ្ដាលឱ្យរបួសក្បាល មុខ និងដៃជាច្រើនកន្លែង ពេលនេះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ខេត្ដពោធិ៍សាត់ ។
បើតាមអ្នកស្រីចាន់ សាវ៉ាត ជាភរិយា ប្រាប់កោះសន្ដិភាពឱ្យដឹងថា កាលពីថ្ងៃទី២៥ ឧសភា គ្រួសាររបស់ គាត់បានលក់ដីស្រែមួយ ក្បែរផ្ទះទំហំមួយហិកតាក្នុងតំលៃ៧១០០ដុល្លារ ទៅឱ្យឈ្មោះម៉ៅ វ៉ាត ភេទប្រុស នៅភូមិពាលញែក១ ឃុំផ្ទះព្រៃ ។ ដីនេះជាចំណែករបស់កូនពាក់កណ្ដាល ហើយការលក់នេះ ដើម្បីយកលុយមកចែកគ្នាធ្វើដើមទុនរកស៊ី ។ លុយលក់ដីនេះបានដកទិញម៉ូតូ C125 ស៊េរី២០០៤ មួយគ្រឿង នៅសល់៦១០០ដុល្លារទៀតមិនទាន់បានចែកគ្នាផង ក៏ត្រូវចោរប្លន់យកអស់តែម្ដង ។
អ្នកស្រីឱ្យដឹងទៀតថា នៅយប់នោះរូបគាត់ កូនប្រសា និងកូនៗដេកលើផ្ទះ ឯប្ដីគាត់ដេកនៅក្រោមផ្ទះ ម្នាក់ឯង។ នៅម៉ោង១រំលងអធ្រាត្រស្រាប់តែក្រុមចោរមានគ្នា៤នាក់រុំមុខជិតប្រដាប់ដោយកាំភ្លើងវែង មួយដើម និងខ្លីពីរដើមចូលមកប្លន់។ ខណៈនោះជន២នាក់ចាប់ប្ដីរបស់គាត់វាយនឹងស្វាយកាំភ្លើង កាប់ នឹងដាវសាមូរ៉ៃរហូតសន្លប់ក្នុងថ្លុកឈាម ។ ឯពីរនាក់ទៀតបានធាក់ទ្វារឡើងទៅលើផ្ទះ ដោយយក កាំភ្លើីងខ្លីភ្ជង់ និងចុចពិលដាក់មុខគាត់ និងកូនៗគំរាមមិនឱ្យស្រែក ។ ពួកគេសួររកលុយលក់ដីនៅឯណា ហើយបញ្ជាឱ្យយកមកឱ្យពួកគេទាំងអស់ទើបរួចខ្លួន ។ គាត់ និងកូនៗប្រាប់ថា លុយគេមិនទាន់ឱ្យទេ តែពួកចោរគំហកថា “កុំកុហកលុយគេឱ្យអស់ហើយ” ។ ទន្ទឹមនោះពួកគេដើរឆែកឆេររកឃើញលុយ ដាក់ក្នុងការុងកប់ក្បែរក្រង់ស្រូវចំនួន៦.១០០ដុល្លារ និងលុយលក់ក្របីចំនួន៣០០.០០០រៀលទៀត គឺយក ទាំងអស់តែម្ដង ។
ប្រភពដដែលបន្ដថា ពេលពួកចោរចេញពីផ្ទះគាត់បានប្រហែល៤០ម៉ែត្របានបាញ់ចំនួន២គ្រាប់ ធ្វើឱ្យផ្អើល ដល់ប៉ូលិសប៉ុស្ដិ៍ មេឃុំ មេភូមិ និងប្រជាពលរដ្ឋដែលនៅក្នុងភូមិនោះ ។ ក្រុមចោរសុទ្ធតែបិទមុខមាឌធំៗ ដុះក្បាលពោះ និងសំបុរ.សមើលទៅមិនសមជាអ្នកក្រីក្រទេ។ ពេលប្លន់រួចពួកគេដើរចេញទៅដោយ ពុំជិះម៉ូតូ ឬរថយន្ដទេ ។
សមត្ថកិច្ចបានរុករកក្រុមចោរទាំងយប់ដែរ ប៉ុន្ដែរហូតមកដល់ពេលនេះនៅមិនទាន់មានពន្លឺទេ ។ ទោះបី ជាបែបណាសកម្មភាពចោរបានទុកដានរួចទៅហើយ គឺបិទមុខមិនឱ្យស្គាល់ មានន័យថា ចោរនោះជាអ្នក ដឹងថា អ្នករងគ្រោះមានលុយលក់ដី តើនរណាដឹងខ្លះ?
Labels: សន្តិសុខ
for this post
Leave a Reply