កូរ៉ូណាធ្លាក់ភ្នែកបើកបុកគល់អំពិលទឹកក្រឡាប់បះជើងសង្កត់រោងទឹកអំពៅ
ខេត្ដកំពង់ចាម ៖ រថយន្ដម៉ាកកូរ៉ូណា ពណ៌ត្រាវ១គ្រឿង ពាក់ស្លាកលេខ ក ៦២៩៨ ភព២ ស៊េរី៨៥ បានបោះពួយយ៉ាងលឿនលើកំណាត់ផ្លូវលំក្នុងភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងបានបុកគល់ អំពិលទឹកបណ្ដាលឱ្យបះជើងទ្រមេឃ និងសង្កត់លើរោងលក់ទឹកអំពៅ ។ ប្រភពពីនារីឈ្មោះឌី សុខភី អាយុ១៧ឆ្នាំ រស់នៅភូមិដូនម៉ៅលើ បានប្រាប់ថា នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ឧសភា ២០០៧ ខណៈពេលនាងកំពុងតែអង្គុយនៅក្នុងរោងលក់ទឹកអំពៅ ស្រាប់តែមានរថយន្ដ កូរ៉ូណា១គ្រឿង បោះពួយយ៉ាងលឿនចេញមកពីទិសខាងជើង ។
នារីរូបនេះបន្ដថា ខណៈពេលស្ថិតនៅចម្ងាយពីរោងលក់ទឹកអំពៅប្រហែល២០ម៉ែត្រ រថយន្ដនេះក៏បានរេ ចង្កូតមកបុករបងផ្ទះរបស់ប្រជាពលរដ្ឋ ហើយជ្រុលមកបុកគល់ដើមអំពិលទឹកទៀត ជាហេតុបណ្ដាលឱ្យ រថយន្ដក្រឡាប់និងផ្លោងមកធ្លាក់សង្កត់លើរោង។ នៅក្នុងឧប្បត្ដិហេតុនេះនាងបានរត់ចេញពីក្នុងរោង មកក្រៅ និងមិនមានគ្រោះថ្នាក់អ្វីទេ ប៉ុន្ដែភ័យណាស់ ព្រលឹងនៅចុងសក់ ។ បន្ដិចក្រោយមក នាងឃើញបុរសអ្នកបើកបររថយន្ដឈ្មោះឃី រស់នៅភូមិព្រែកជីក ឃុំទន្លេបិទដែរ វារចេញពីក្នុងរថយន្ដ តាមទ្វារតែមិនឃើញរបួសអ្វីទេ ។
លោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំទន្លេបិទមានប្រសាសន៍ថា បុរសអ្នកបើកបររថយន្ដបានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយបើកចេញពីផ្សារទន្លេបិទឆ្ពោះទៅផ្ទះរបស់ខ្លួននៅភូមិព្រែកជីក ប៉ុន្ដែដោយពុំអាចគ្រប់គ្រងស្មារតី បានទើបរេចង្កូតទៅបុករបងផ្ទះ និងរោងលក់ទឹកអំពៅ ។ នេះចាត់ទុកជាសំណាងមួយដែលពុំមាន ប្រជាពលរដ្ឋនៅភូមិដូនម៉ៅលើរងគ្រោះ។
ស្ដ្រីឈ្មោះប្រាក់ សុខុម អាយុ៤១ឆ្នាំ ជាម្ចាស់រោងប្រាប់ថា មុនកើតហេតុគាត់អង្គុយនៅក្នុងរោងនោះ មើលកូនស្រីលក់ទឹកអំពៅ បន្ទាប់មកស្រាប់តែមានរថយន្ដនេះរេចង្កូតមកបុករបងផ្ទះ ។ ពេលនោះ គាត់ហាក់បីដូចជាភ្លឹកស្មារតីរកក្រោកគេចចេញពុំទាន់ ទាល់តែរថយន្ដផ្លោងបះជើងសង្កត់លើរោង ទើប ស្ទុះចេញទៅក្រៅ ឯចំពោះសម្ភារៈខូចខាតមានធុងទឹកអំពៅ គ្រឿងកំប៉ុង និងរបស់មួយចំនួនទៀត ហើយគាត់បានដាក់ពាក្យប្ដឹងចូលប៉ូលិសប៉ុស្ដិ៍ទាមទារសំណងចំនួន២០០ដុល្លារ ។ លោកនាយប៉ុស្ដិ៍ បានបន្ថែមថា ក្រោយពីកើតហេតុគ្រោះថ្នាក់នេះបុរសអ្នកបើកបរឈ្មោះមាស សុខឃី អាយុ៣២ឆ្នាំ បានគេចបាត់មិនឃើញចូលខ្លួនមកដោះស្រាយទេ ឯស្ដ្រីម្ចាស់រោងនិយាយថា បើប្ដឹងទារ២០០ដុល្លារមិន បាន ហើយបានត្រឹមតែ១០០ដុល្លារក៏សុខចិត្ដទទួលយកដែរ គ្រាន់បើជាងអត់។
Labels: សន្តិសុខ
for this post
Leave a Reply