ស្លាកសញ្ញាចរាចរណ៍បាក់និងបាត់បង់ជាច្រើនក្រុងពង្រឹងការគ្រប់គ្រង
រាជធានីភ្នំពេញ ៖ ដោយសង្កេតឃើញស្លាកសញ្ញាចរាចរណ៍ដែលដាក់តាមដងផ្លូវ ឬទីសាធារណៈផ្សេងៗ នៅក្នុងទីក្រុងភ្នំពេញ ត្រូវបានបាក់បែក និងបាត់បង់ជាបន្ដបន្ទាប់ ដោយសារជនមួយចំនួនតូចបានលួចបំផ្លិច បំផ្លាញនោះ អាជ្ញាធរក្រុងភ្នំពេញបានបើកកិច្ចប្រជុំកាលពីពេលថ្មីៗកន្លងមកនេះ ដើម្បីរឹតបន្ដឹងការ គ្រប់គ្រងឱ្យបានគង់វង្ស ព្រមទាំងជំរុញការដាក់ទោសទណ្ឌដល់ជនណា ដែលបំផ្លិចបំផ្លាញសម្បត្ដិ សាធារណៈ។ កិច្ចប្រជុំនោះស្ថិតនៅក្រោមអធិបតីភាពលោក ជ្រាង សុផាន់ អភិបាលរងក្រុងភ្នំពេញ និង មានការអញ្ជើញចូលរួមពីមន្ដ្រីពាក់ព័ន្ធក្រោមឱវាទសាលាក្រុង តំណាងអាជ្ញាធរ និង តំណាងការិយាល័យ សាធារណការខណ្ឌទាំង៤ក្នុងក្រុងភ្នំពេញ។
នៅក្នុងអង្គប្រជុំនោះអាជ្ញាធរមូលដ្ឋានបានលើកឡើង និងទំលាក់កំហុសទៅលើប៉ូលិសចរាចរថា មិនសូវ ជួយចូលរួមថែរក្សាការពារស្លាកសញ្ញាចរាចរណ៍នោះឡើយ ដោយពួកគាត់រង់ចាំតែជួយសំរួលការកកស្ទះ ចរាចរណ៍ឬចាំស្ទាក់ចាប់ផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍តែប៉ុណ្ណោះ ហើយក្នុងនោះមាន ក្រុមប៉ូលិសចរាចរខ្លះបានចងអង្រឹងជាមួយបង្គោលស្លាកសញ្ញានេះដេកនៅពេលយប់ ដែលធ្វើឱ្យបង្គោល ឆាប់រង្គើរ ឬបាក់បែក និងមានពេលខ្លះបានឃើញមនុស្សលួចកាច់ ឬដកស្លាកសញ្ញាហើយក៏មិនអើពើដេញ ចាប់ដែរ។ មានមតិមួយចំនួនបានលើកឡើងពីការបាត់ស្លាកសញ្ញាចរាចរណ៍ ដែលមានជនខ្លះរពឹសដៃ ទៅកាច់ ឬដកបំផ្លាញលេង ឯខ្លះទៀតគាត់មានផ្ទះឬហាងប្រកបមុខរបរអាជីវកម្មផ្សេងៗ ក៏បានលួច ដកឬកាប់ចោល ព្រោះទើសមុខផ្ទះគាត់ ហើយអ្នកខ្លះទៀតបានលួចដកស្លាកសញ្ញា នៅពេលយប់ដើម្បី ចូលចតរថយន្ដនៅមុខផ្ទះឬកន្លែងអាជីវកម្មតែពេលថ្ងៃគាត់បានដាំវិញ ។
នៅក្នុងកិច្ចប្រជុំនោះ គេមិនបានឃើញតំណាងប៉ូលិសចរាចរចូលរួមទេ ក្នុងខណៈពេលសាលាក្រុងបានធ្វើ លិខិតកោះអញ្ជើញឱ្យចូលរួមប្រជុំនោះ ។
លោកជ្រាង សុផាន់ បានធ្វើការណែនាំដល់មន្ដ្រីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានមិនត្រូវមើលបំណាំ ឬឆ្លើយដាក់គ្នានោះទេ ពីព្រោះយើងជាអាជ្ញាធរនៅជាប់ជាប្រចាំ គឺត្រូវធ្វើយ៉ាងណាសហការរឹតបន្ដឹងការ គ្រប់គ្រងឱ្យបានល្អ។ ទោះជាយ៉ាងណា អង្គប្រជុំមានគម្រោងជំរុញការដាក់ទោសទណ្ឌឱ្យរាងចាល ដល់ជន ណាដែលធ្វើការបំផ្លិចបំផ្លាញ និងចូលរួមឃុបឃិត ឬទទួលទិញលក់ស្លាកសញ្ញាដែលជាសម្បត្ដិសាធារណៈ ហើយសាលាក្រុងនឹងធ្វើសេចក្ដីជូនដំណឹងមួយសំរាប់ជូនប្រជាពលរដ្ឋបានជ្រាប ។
Labels: សន្តិសុខ, សេដ្ឋកិច្ច
for this post
Leave a Reply