គ្រូព្យាបាលបុរាណខាងកើតទន្លេមេគង្គកំពុងល្បីឈ្មោះខាងតឆ្អឹងបាក់សំរាប់អ្នករងគ្រោះ
ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋដែលរស់នៅស្រុកស្រែចំការមួយចំនួនពេលជួបនឹងឧបទ្រពចង្រៃ ជំងឺ បៀតបៀន រកស៊ីមិនសមប្រកប និងជួបគ្រោះថ្នាក់តូច-ធំតែងធ្វើការបួងសួងចំពោះអាទិទេព អារក្ស អ្នកតាម្ចាស់ទឹកម្ចាស់ដី ទេវតា និងពឹងពាក់គ្រូបុរាណខ្មែរឱ្យជួយពួកគេបានសេចក្ដីសុខសប្បាយ។ ចំណែក អ្នកស្រុកខ្លះទៀតក៏បានទៅពឹងពាក់គ្រូបុរាណខ្មែរឱ្យជួយស្រោចទឹក ឬផ្សំថ្នាំបុរាណ ដើម្បីព្យាបាលជំងឺ ផ្សេងៗ បានជាសះស្បើយជាបន្ដបន្ទាប់ ហើយជាក់ស្ដែងអ្នកស្រុកខេត្ដព្រៃវែង ពេលមានគ្រោះថ្នាក់បាក់ដៃ ជើងថ្លោះ និងគ្រេចម្ដងៗ ពួកគាត់តែងទៅពឹងពាក់ លោកហ៊ឹម សាន ជាគ្រូព្យាបាលដ៏ចំណាននៅ ភូមិព្រែកខ្សាយ (ខ) ឃុំអ្នកលឿង ស្រុកពាមរក៍ ។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញអ្នកស្រុកដែលរស់នៅខេត្ដព្រៃវែងមួយចំនួន ដែលជួបនឹងគ្រោះថ្នាក់ បាក់ដៃ ជើង ថ្លោះ និងគ្រេច តែងនាំសាច់ញាតិមកព្យាបាលជាហូរហែនៅលើផ្ទះលោកហ៊ឹម សាន អាយុ៥៥ឆ្នាំ ជាគ្រូព្យាបាលផ្នែកបុរាណខ្មែរស្ថិតនៅភូមិព្រែកខ្សាយ (ខ) ឃុំអ្នកលឿង ស្រុកពាមរក៍។ នៅលើផ្ទះរបស់លោកគ្រូបុរាណខ្មែរគេឃើញមានជនរងគ្រោះ៣នាក់កំពុងតែដេកសំរាកព្យាបាលនោះ រួម មាន១-ឈ្មោះឈឿន ឆើត ភេទប្រុស អាយុ២៦ឆ្នាំ ធ្លាក់ពីកាំជណ្ដើរ បាក់ឆ្អឹងដងកាំបិត រស់នៅ ភូមិព្រៃចំការ ឃុំស្ពឺ (ខ) ស្រុកបាភ្នំ ។ ២-ឈ្មោះកាវ សុផល ភេទប្រុស អាយុ៤៤ឆ្នាំ រអិលដួលបាក់ដៃ ឆ្វេង រស់នៅភូមិស្ទឹង ឃុំអ្នកលឿង ស្រុកពាមរក៍ និង៣-ឈ្មោះហេង អាយុ១៧ឆ្នាំ ធ្លាក់ពីចុងឈើ បាក់ដៃស្ដាំរស់នៅស្រុកបាភ្នំ ។
ជនរងគ្រោះឈ្មោះឈឿន ឆើត បានរៀបរាប់ថា គាត់បានរអិលជើងធ្លាក់ពីលើកាំជណ្ដើរកំពស់៤ម៉ែត្រ ហើយពេលធ្លាក់ជិតដល់ដី ក៏យកដៃច្រត់ទប់ខ្លួន ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់ ក្បាល។ ប៉ុន្ដែពេលនោះក៏បានបណ្ដាលឱ្យបាក់ឆ្អឹងដងកាំបិត ហើយគាត់ក្រោកពុំរួចទេ សូម្បីតែដៃក៏កំរើក ពុំរួចផង គឺបានក្រុមគ្រួសារនាំមកព្យាបាលនៅផ្ទះលោកហ៊ឹម សាន តែក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ ជំងឺ របស់គាត់ដូចជាបានធូរស្បើយ៥០% ចំណែកដៃក៏កំរើកធ្វើចលនាដូចធម្មតា ។ ចំណែកលោកហ៊ឹម សាន បានបញ្ជាក់ថា អ្នកស្រុកជិតឆ្ងាយពេលមានអាសន្នម្ដងៗដូចជាថ្លោះ គ្រេច បាក់ដៃជើង ដោយសារធ្លាក់ពី ដើមឈើ ផ្ទះសំបែង ដើរដួល ឬគ្រោះថ្នាក់ចរាចរតែងនាំសាច់ញាតិមកព្យាបាលជាហូរហែ ហើយ លោកក៏ទទួលព្យាបាលរហូតទាល់តែជាសះស្បើយ ទើបឱ្យត្រឡប់ទៅផ្ទះសំបែងវិញ ។ ក្នុងការព្យាបាល នោះគ្មានអ្វីក្រៅពីឫសឈើ ដើមឈើ និងស្លឹកឈើបុកលាយបញ្ចូលគ្នាជាមួយស្រាឱ្យអ្នកជំងឺលាបរឹត តែក្នុងរយៈពេលប៉ុន្មានថ្ងៃ គឺអាចកំរើកធ្វើចលនាបានទៀតផង ជាពិសេសឆ្អឹងដែលបាក់នោះអាចតភ្ជាប់ គ្នាជាសះស្បើយដូចដើមវិញ ។
ការព្យាបាលជំងឺផ្នែកថ្លោះ គ្រេច បាក់ដៃជើង តឆ្អឹងរបស់គ្រូបុរាណខ្មែរ មានលក្ខណៈសាមញ្ញណាស់ ប៉ុន្ដែជាទីទុកចិត្ដ និងប្រកបទៅដោយប្រសិទ្ធភាពទៀតផង។ ការព្យាបាលតាមបច្ចេកទេសបុរាណនេះ ត្រូវបានអ្នកស្រុកដែលរស់នៅតាមតំបន់ស្រុកស្រែចំការ និយមចូលចិត្ដខ្លាំងណាស់ ព្រោះថាចំណាយ អស់លុយកាក់តិច ហើយអាចទុកចិត្ដបាន ។ ចំណែកអ្នករស់នៅទីប្រជុំជន និងទីក្រុងគេនិយមព្យាបាល ជំងឺតាមបែបវិទ្យាសាស្ដ្រទំនើបខុសប្លែកពីអ្នករស់នៅតាមតំបន់ជនបទ ព្រោះពួកគេទទួលការអប់រំខ្ពស់ មានទ្រព្យសម្បត្ដិគ្រប់គ្រាន់ក្នុងការព្យាបាល និងមិនចង់ចំណាយពេលវេលាច្រើនឥតប្រយោជន៍ ។ ទោះបី ជាយ៉ាងណាក្ដី អ្នករស់នៅទីក្រុង ឬទីប្រជុំមួយចំនួនពេលមានគ្រោះអាសន្ន ថ្លោះ គ្រេច បាក់ដៃ ជើង ម្ដងៗ បានរត់ទៅពឹងពាក់គ្រូខ្មែរឱ្យជួយព្យាបាលដែរ ។
Labels: ជំនឿ
for this post
Leave a Reply