ក្រុមព្រះបង្ហាញខ្លួនតាមវីដេអូ បក្សធម្មិកោប្រកាសចូលរួមជាមួយបក្សនរោត្ដម រណឫទ្ធិ តែរក្សាឈ្មោះបក្សទុក
រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អគ្គប្រតិភូគណបក្សរណសិរ្សសង្គមជាតិនិយម បានមាន បន្ទូលកាលពីថ្ងៃទី២៧ ខែឧសភា ថា គណបក្សរបស់ព្រះអង្គបានធ្វើការរំសាយនូវរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីទៅចូលរួមជាមួយគណបក្សនរោត្ដម រណឫទ្ធិ ក្នុងការបង្រួបបង្រួមរវាងក្រុមអ្នករាជានិយម អ្នក ស្នេហាជាតិ ដើម្បីឈានទៅរកការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដទៃទៀត ឆ្ពោះទៅរកការប្រមូល ផ្ដុំមួយក្នុងការចូលរួមបោះឆ្នោតសាកល ឆ្នាំ២០០៨ ខាងមុខ ។ ព្រះអង្គម្ចាស់ធម្មិកោ បានមានបន្ទូល បែបនេះនៅក្នុងសមាជបញ្ចូលគ្នារវាងគណបក្សរបស់ព្រះអង្គម្ចាស់ ជាមួយនឹងគណបក្ស នរោត្ដម រណឫទ្ធិ ដែលបានប្រារឰធ្វើកាលពីព្រឹកថ្ងៃទី២៧ ឧសភា នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ទោះបីជាបែបណាមានសមាជិក សមាជិកាខ្លះមិនបានគាំទ្រសមាជនេះទាំងស្រុងទេ ។
នៅព្រឹកថ្ងៃទី២៧ ខែឧសភា សមាជិក-សមាជិការបស់គណបក្សរណសិរ្សសង្គមជាតិនិយម ប្រមាណ ៤០០នាក់មកពីខេត្ដ-ក្រុងចំនួន១១ នៅទូទាំងប្រទេស បានចូលរួមនៅក្នុងសមាជវិសាមញ្ញក្នុងការ បង្រួបបង្រួមរវាងគណបក្សរណសិរ្សសង្គមជាតិនិយម និង គណបក្សនរោត្ដម រណឫទ្ធិ ហើយនៅក្នុងអង្គ សមាជវិសាមញ្ញនេះ ក៏មានការចាក់ផ្សាយនូវបន្ទូលរបស់សម្ដេចក្រុមព្រះទៅកាន់សមាជិក ចូលរួមក្នុង អង្គសមាជនេះផងដែរ។ នៅក្នុងសម្ដីដើមដែលចាក់ផ្សាយនោះ សម្ដេចក្រុមព្រះ បានធ្វើការអំពាវនាវ ដល់សមាជិកហ្វ៊ុនស៊ិនប៉ិច ឱ្យមកចូលរួមជាមួយព្រះអង្គហើយ បានស្វាគមន៍ចំពោះសមាជិក-សមាជិកានៃ គណបក្សរណសិរ្សសង្គមជាតិនិយម ដែលបានសំរេចចិត្ដមកចូលរួមជាមួយព្រះអង្គ ។
អ្នកស្រីជា សុខ អាយុ៤៩ឆ្នាំ មកពីស្រុកចំការលើ ខេត្ដកំពង់ចាម ដែលបានចូលក្នុង សមាជនេះ បានថ្លែងថា អ្នកស្រីមិនមានការយល់ទាស់អ្វីទេចំពោះការច្របាច់បញ្ចូលគ្នានេះ ។ អ្នកស្រីបន្ដទៀតថា “ខ្ញុំយល់ព្រម ទាំងអស់ ខ្ញុំត្រូវទៅតាមការដឹកនាំរបស់សម្ដេច ធម្មិកោ ក្នុងការទៅចូលរួមជាមួយព្រះអង្គក្រុមព្រះ” ។ ប៉ុន្ដែលោកម៉ា ជឹម អាយុ៦០ឆ្នាំ មកពីឃុំកោះអណ្ដែត ស្រុកកោះអណ្ដែត ខេត្ដតាកែវ បានថ្លែងថា លោក មិនទាន់សំរេចចិត្ដទៅតាមព្រះអង្គម្ចាស់ធម្មិកោនៅឡើយទេ ក្នុងការទៅរួបរួមជាមួយគណបក្ស នរោត្ដម រណឫទ្ធិនោះ ព្រោះលោកមិនទាន់ដឹងច្បាស់អំពីគោលការណ៍ឬរចនាសម្ព័ន្ធថ្មីយ៉ាងណាផង ។ លោកអះអាង ថា “ខ្ញុំចូលរួមស្ដាប់សមាជ តែមិនទាន់ដឹងពីខ្លឹមសារអ្វីផង ព្រោះសម្ដេចក្រុមព្រះនៅឯក្រៅប្រទេស យើង ចង់ជួបព្រះអង្គផ្ទាល់” ។
តាមការចាក់ផ្សាយនេះសម្ដេចក្រុមព្រះបានមានបន្ទូលថា ព្រះអង្គស្វាគមន៍ចំពោះការសំរេចចិត្ដយ៉ាង ត្រឹម ត្រូវដែលមកចូលរួមជាមួយគណបក្សនរោត្ដម រណឫទ្ធិ ។ សម្ដេចក្រុមព្រះបន្ដថា “ខ្ញុំសូមធ្វើការអំពាវ នាវដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលខ្ញុំធ្លាប់ដឹកនាំ ធ្លាប់ជាគណបក្ស រាជានិយមពិតប្រាកដមានការស្មោះត្រង់ចំពោះជាតិមាតុភូមិ។ ខ្ញុំបានទទួលជោគជ័យនៅឆ្នាំ១៩៩៣ បោះឆ្នោតសាកល ហើយពេលនេះសូមឱ្យសមាជិក សមាជិកាហ្វ៊ុនស៊ិនប៉ិចមកចូលរួមរស់ មកជួយជាចន្ទល់ នៃគណបក្សនរោត្ដម រណឫទ្ធិ ដោយចេញពីគណបក្សនោះ”។
លោកនូវ សុវត្ថិរ៉ូ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រសាសន៍ថា គណបក្សហ្វ៊ុនស៊ិនប៉ិច មិនមានការភ្ញាក់ផ្អើលអ្វីទេ ហើយយើងបានដឹងអំពីមុខសញ្ញានៃអ្នកដែលមានបំណងទៅចូលរួម ជាមួយ សម្ដេចក្រុមព្រះរួចទៅហើយ ប៉ុន្ដែយើងមិនទាន់ចាត់ការ ដោយទុកឱ្យពួកគាត់គិតពិចារណាឡើងវិញ មុននឹងសំរេចចិត្ដនោះ លោកបន្ដថា “មានអ្នកធ្លាប់ខកចិត្ដនឹងសម្ដេចក្រុមព្រះដូចជាលោកអគ្គលេខាធិការ ញឹក ប៊ុនឆៃ, លោកលឺ ឡាយស្រេង” ។ លោកបន្ដទៀតថា ចំពោះការសុំឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច លុបឈ្មោះព្រះអង្គពីអគ្គមគ្គុទ្ទេសក៏ប្រវត្ដិសាស្ដ្រនោះ គណបក្សហ្វ៊ុនស៊ិនប៉ិចយល់ថា អគ្គមគ្គុទ្ទេសក៏បក្ស មិនមែនមានតែសម្ដេចក្រុមព្រះនោះទេ អ្នកដទៃក៍អាចធ្វើជាអគ្គមគ្គុទ្ទេសក៍ប្រវត្ដិសាស្ដ្របានដែរ ។
លោកនូវ សុវត្ថិរ៉ូ បន្ដទៀតថា “ចំពោះការលើកឡើងរបស់សម្ដេចក្រុមព្រះដែលថា បានសរសេរលិខិត មកលោកកែវ ពុទ្ធរស្មីនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច ឬលោកប្រធានកែវ ពុទ្ធរស្មី មិនទាន់មានពេលទៅ ពិនិត្យមើលលិខិតនោះនៅឡើយទេ ហើយរង់ចាំ៣០ថ្ងៃក្រោយពីនេះសិន ។ លោកអះអាងទៀតថា ពេលនេះយើងរវល់ចុះទៅតាមមូលដ្ឋានក្នុងការពង្រឹងអ្នកគាំទ្រ ហើយមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បី មើលលិខិតនោះនៅឡើយទេ ។
សម្ដេចក្រុមព្រះមានបន្ទូលទៀតថា មានអ្នកដែលគេតាំងខ្លួនគេជាអ្នកប្រជាធិបតេយ្យ ប៉ុន្ដែនៅតែបន្ដ បំបែកបំបាក់ ជាពិសេសនយោបាយបំបែកបំបាក់អ្នកប្រជាធិបតេយ្យនិយម អ្នករាជានិយម អ្នកស្នេហាជាតិ និយម ធ្វើឱ្យចលនាអស់ទាំងនេះស្ថិតនៅក្នុងភាពទន់ខ្សោយ ។ យើងដឹងអ្នកដែលបំបែកបំបាក់នោះ ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា គណបក្សរណសិរ្សសង្គមជាតិនិយម មានអាយុក្មេង ជាងគេដែលបានចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០៧ ហើយមានពេលខ្លីបំផុតក្នុងការរៀបចំ បេក្ខជនរបស់ខ្លួន ។ ថ្វីបើយើងមិនបានទទួលជ័យជំនះដូចការំពឹងទុករបស់យើងមែន តែយើងមាន មោទនភាពខ្ពស់បំផុត ព្រោះបានបង្កើតចរន្ដមួយក្នុងការបង្រួបបង្រួមជាតិសាមគ្គីជាតិ ក្រោមម្លប់ ព្រះមហាក្សត្រ។ នៅឆ្នាំ២០០៦ ហ្វ៊ុនស៊ិនប៉ិចត្រូវបានបំបែកជាកង់ៗ ហើយពេលនោះកម្លាំងរាជានិយម ក្នុងប្រទេសចង់រលាយទៅហើយ ក៏ប៉ុន្ដែយើងបានងើបឈរ”។
លោកម៉ៅ សំអឿន ប្រធានក្រុមការងារគណបក្សរណសិរ្សសង្គមជាតិនិយម បានមានប្រសាសន៍ថា ចំពោះការបង្រួបបង្រួមនេះ លោកមិនទាន់បានដឹងថា តួនាទីរបស់លោកជាអ្វីនៅឡើយទេ ។ ប៉ុន្ដែវា មិនសំខាន់នោះទេ សំរាប់តួនាទីក្នុងគណបក្ស ព្រោះយើងគិតសំខាន់គឺការបង្រួបបង្រួមអ្នករាជានិយម។ ឯព្រះអង្គម្ចាស់ធម្មិកោបានមានបន្ទូលថា “សម្ដេចក្រុមព្រះ នឹងប្រគល់តំណែងអនុប្រធានគណបក្សនរោត្ដម រណឫទ្ធិមកព្រះអង្គ” តែទោះបីជាយ៉ាងណាព្រះអង្គម្ចាស់មិនបានអះអាងពីតួនាទី របស់មន្ដ្រីថ្នាក់ក្រោម របស់ព្រះអង្គដែលនឹងត្រូវទៅចូលរួមជាមួយគណបក្សនរោត្ដម រណឫទ្ធិនោះទេ ។
Labels: នយោបាយ
for this post
Leave a Reply