នាំឱសថបុរាណពីកំពង់ធំមកលក់នៅកំពង់ចាមទាស់គ្នាវាយប្រពន្ធស្ទើរស្លាប់
ខេត្ដកំពង់ចាម ៖ ស្ដ្រីម្នាក់ឈ្មោះអ៊ូ គា អាយុ៤៤ឆ្នាំ រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ ត្រូវបុរសជាប្ដីយកចំនៀរឈើជ្រុងវាយក្បាលបណ្ដាលឱ្យរបួសជាទម្ងន់នៅពេលស្រវឹងស្រា បន្ទាប់ពីឈ្លោះប្រកែកគ្នាកាលពីថ្ងៃទី២១ ឧសភា ។ ប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន ខេត្ដកំពង់ចាមប្រាប់ឱ្យដឹងថា ហេតុការណ៍នោះកើតឡើងនៅភូមិសំរោង ឃុំផ្អាវ ស្រុកបាធាយ ជាកន្លែង ដែលប្ដីប្រពន្ធនេះនាំគ្នា ចេញពីខេត្ដកំពង់ធំ ដោយជិះម៉ូតូ១គ្រឿង យកឱសថបុរាណទៅលក់ ។
ប្រភពដដែលបន្ដថា នៅល្ងាចថ្ងៃទី២១ ឧសភា បុរសជាប្ដីបានទៅផឹកស្រារហូតស្រវឹងធ្លាក់ភ្នែក លុះត្រឡប់ មកផ្ទះអ្នកភូមិ ដែលខ្លួនសុំស្នាក់នៅវិញ បានឈ្លោះជាមួយប្រពន្ធ។ ពីដំបូងគេឮសូរឈ្លោះប្រកែកគ្នា បន្ដិចបន្ដួចទេ តែដោយសារស្រវឹង បុរសនោះយកកំណាត់ឈើជ្រុងវាយក្បាលប្រពន្ធ របួសជាទំងន់រហូត ដល់សន្លប់។ លោកហ៊ិន ស៊ីណាត នាយប៉ុស្ដិ៍ផ្អាវ បាននាំកម្លាំងប៉ុស្ដិ៍ទៅនាំខ្លួនបុរសជាប់ចោទទៅ អធិការដ្ឋានស្រុក ដើម្បីសួរនាំ ។
បុរសឈ្មោះសុក នី ឆ្លើយសារភាពថា នៅល្ងាចនោះខណៈស្រវឹងស្រាគាត់បបួលប្រពន្ធទៅដេក នៅភូមិ ឈើទាល តែប្រពន្ធមិនព្រមទៅ ហើយឡើងទៅលើផ្ទះបាត់។ ភ្លាមនោះគាត់ឡើងទៅអូសដៃចុះមកដីវិញ រួចទះកំផ្លៀង ដាល់ចំភ្នែក និងច្រមុះជាច្រើនដៃ ព្រមទាំងយកឈើជ្រុងវាយក្បាលរហូតដល់ដួលសន្លប់។
ប៉ូលិសអះអាងថា យោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីជាប្រពន្ធ ប៉ូលិសប៉ុស្ដិ៍ផ្អាវបានឃាត់ខ្លួនបុរសជាប្ដី កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ដ ។
Labels: សន្តិសុខ
for this post
Leave a Reply