សភាបន្ដពិភាក្សាស្ដីពីការឃាត់ខ្លួន-បញ្ជូនខ្លួននិងការស៊ើបអង្កេត
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ឧសភា រដ្ឋសភាបានបន្ដពិភាក្សាលើសេចក្ដីព្រាងច្បាប់ក្រមនីតិវិធី ព្រហ្មទណ្ឌឈានដល់ថ្ងៃទី៣ ហើយក្នុងកិច្ចពិភាក្សាជជែកវែកញែករបស់អ្នកតំណាងរាស្ដ្រមានសភាពតឹង តែង និងប្រុងប្រយ័ត្នបំផុតទៅលើការឃាត់ខ្លួនជនល្មើស និងការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានឃាត់ខ្លួន។ ក្នុងការពិភាក្សានោះ រដ្ឋសភាបានឈានដល់ការអនុម័តទៅលើជំពូកទី៣ មាន៧មាត្រា ជំពូកទី៤ និងជំពូក ទី៥ មានចំនួន២មាត្រា ហើយបន្ទាប់ពីពិភាក្សា អង្គសភាបានអនុម័តជំពូកទាំង៣ ដោយសំលេងគាំទ្រ ៧៩លើ៧៩ ។
លោកឯក សំអុល ប្រធានគណៈកម្មការនីតិកម្មនិងយុត្ដិធម៌របស់រដ្ឋសភាបានមានប្រសាសន៍ថា ច្បាប់នេះ មានចំណុចល្អជាងច្បាប់អ៊ុនតាក់ទៅទៀត ។ ការឃាត់ខ្លួនជនល្មើសក្នុងករណីនេះដើម្បីស៊ើបសួរយក ព័ត៌មានបន្ដ ហើយការឃាត់ខ្លួននោះ តាមច្បាប់នេះមិនមានការបន្ថយម៉ោងទេ ។ លោកបន្ដថា ការឃាត់ ខ្លួននៅក្នុងរឿងព្រហ្មទណ្ឌធម្មតា ការឃុំខ្លួនមានរយៈពេល៤៨ម៉ោង តែបើបទល្មើសភេរវកម្មវិញនោះ ត្រូវតែឃុំខ្លួន ដើម្បីស៊ើបសួរតទៅទៀត ។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌បានមានប្រសាសន៍ការពារច្បាប់នេះថា ការឃាត់ខ្លួន ជនល្មើសជាក់ស្ដែងដើម្បីធ្វើការស៊ើបអង្កេត ។ លោកបន្ដថា “ជនល្មើសខ្លះមិនព្រមនិយាយទេ ក្នុង រយៈពេល២៤ម៉ោង នៅពេលចាប់ខ្លួន រង់ចាំមេធាវីមកដល់ ។ ពួកគេខិលដែរ... វាជាការលំបាកចំពោះ ប៉ូលិសស៊ើបអង្កេត” ។ ឯលោកប៉ែន បញ្ញា តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មាត្រា ១០៤បានចែងយ៉ាងច្បាស់ អំពីសិទ្ធិរបស់បុគ្គលដែលមានបញ្ហាត្រូវឃាត់ខ្លួននោះ ករណីនេះអាចបញ្ជូនខ្លួន ទៅតុលាការ (ព្រះរាជអាជ្ញា) ឬត្រូវដោះលែងឱ្យមានសេរីភាព ។
មាត្រា៩៦ បានចែងពីការឃាត់ខ្លួនថា មន្ដ្រីនគរបាលយុត្ដិធម៌ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា ព្រមទាំងបញ្ជូនគ្រប់ភស្ដុតាងទាំងអស់ដែលតម្រូវឱ្យមានការឃាត់ខ្លួននេះ ។ ការឃាត់ខ្លួនមានរយៈពេល ៤៨ម៉ោង ប៉ុន្ដែចំពោះបទឧក្រិដ្ឋកាលណាមានតម្រុយ ដែលបង្ហាញឱ្យឃើញថា មានពិរុទ្ធភាពលើបុគ្គល ដែលឃាត់ខ្លួន មន្ដ្រីនគរបាលយុត្ដិធម៌ អាចពន្យារពេលឃាត់ខ្លួនបាន ប្រសិនបើវិធានការនេះជាការ ចាំបាច់ដើម្បីឱ្យការស៊ើបអង្កេតប្រព្រឹត្ដទៅបានល្អ ។ ការពន្យារពេលនេះ ត្រូវសុំទៅព្រះរាជអាជ្ញាដែល ត្រូវផ្ទៀងផ្ទាត់មើលមូលភាព ហើយការពន្យារពេល មិនឱ្យលើសពី២៤ម៉ោងឡើយ ដោយមិនគិត ពីថិរវេលាចាំបាច់ក្នុងការដឹកជញ្ជូន ។
មាត្រា៩៨ ចែងថា ក្នុងរយៈពេល២៤ម៉ោងបានកន្លងផុតទៅតាំងពីពេលផ្ដើម នៃការឃាត់ខ្លួនមកនោះ បុគ្គលដែលឃាត់ខ្លួន អាចសុំសន្ទនាជាមួយមេធាវី ឬជាមួយជនណាម្នាក់ដែលខ្លួនជ្រើសរើស កុំឱ្យតែជន នេះ មានការទាក់ទងនៅក្នុងរឿងជាមួយ ។ ជននេះត្រូវបានទទួលដំណឹងពីការស្នើសុំជ្រើសរើសនេះ តាមគ្រប់មធ្យោបាយ និងជាបន្ទាន់។ លោកអង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ថា ការដោះលែង យោងទៅតាមព្រះរាជអាជ្ញា ព្រោះព្រះរាជអាជ្ញាមានសិទ្ធិក្នុងការដោះលែង ។ លោកបន្ដទៀតថា មាត្រា២៩៣ ចែងថា គ្រប់ថិរវេលាដែលចែងដោយក្រមនេះ ដើម្បីបំពេញកិច្ច ឬទម្រង់ការណាមួយនោះ ត្រូវផុតរលត់នៅថ្ងៃចុងក្រោយវេលាម៉ោង២៤ ។ តាមធម្មតារយៈពេលដែលផុតកំណត់នៅថ្ងៃសៅរ៍ ថ្ងៃ អាទិត្យ ឬថ្ងៃបុណ្យ ត្រូវអូសបន្លាយរហូតដល់ថ្ងៃទីមួយដែលបើកធ្វើការវិញ ។
លោកជាម យៀប បានមានប្រសាសន៍ថា ច្បាប់នេះក៏មានបំណងរកយុត្ដិធម៌ដល់ជនរងគ្រោះផង ដល់ ចុងចោទផង។ លោកបន្ដថា កន្លងមកមានបទល្មើសមួយមានមនុស្សពីរនាក់ ជួនកាលមនុស្សទាំងពីរនាក់ មានជំលោះនឹងគ្នាផ្សេងទេ តែនៅពេលមនុស្ស “ក” ចង់ប្ដឹងមនុស្ស “ខ” ហើយទៅប្ដឹងប៉ូលិសយុត្ដិធម៌ ឱ្យចុះស៊ើបអង្កេត ជួនកាលគាត់ទៅទិញ គ្រឿងញៀនលាក់ទុកនៅកន្លែងណាមួយ ឬ បោះចូលកន្លែង ណាមួយ ដល់ពេលប៉ូលិស ស៊ើបអង្កេតទៅឃើញមានគ្រឿងញៀននេះមែន ។
អត្ថបទ កោះសន្តិភាពLabels: នយោបាយ
for this post
Leave a Reply