ជនសង្ស័យត្រូវបាញ់ចំកណ្ដាលថ្ងាសស្លាប់មុខបន្ទប់ ប៉ូលិសបន្ដរារាំងអ្នកកាសែត(ការបាញ់ប្រហារនៅតែអាថ៌កំបាំង)
ពាក់អាវ.សជាមន្ដ្រីប៉ូលិសស្លៀកពាក់ស៊ីវិលដែលរារាំងមិនឱ្យអ្នកកាសែតថតសាកសពដែលបាញ់ស្លាប់និងការលើកសពដាក់រថយន្ដមកវត្ដព្រះពុទ្ធ(រូបថត កោះសន្តិភាព)
រាជធានីភ្នំពេញ ៖ ការបាញ់សំលាប់ជនសង្ស័យនៅផ្ទះសំណាក់លេខ១៣៣ ស្ថិតនៅតាមផ្លូវលេខ៧០ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវពីសំណាក់កំលាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅតែ ជាព័ត៌មានមួយដែលមហាជនមានការចាប់អារម្មណ៍ ហើយចោទសួរថា តើជនសង្ស័យដែលត្រូវបាញ់ សំលាប់នោះ មានគំនិតចង់ប្លន់ប្រាក់ដែលប៉ូលិស(ខ្លា.ស) យកទៅធ្វើជាធ្នាក់មែន ឬត្រូវបានសំលាប់ បំបិទមាត់? អ្វីដែលធ្វើឱ្យមហាជននៅមានចំងល់នោះ គឺនៅពេលដែលមានការបាញ់ប្រហារជនសង្ស័យ ហេតុអ្វីបានជាគេធ្វើការរារាំងរហូតដល់ក្រុមអ្នកកាសែតមិនឱ្យថតរូបភាព និងយកព័ត៌មាននោះ សូម្បីតែ ជនដែលត្រូវបានចាប់ខ្លួន២នាក់ គឺប្រុសម្នាក់ និងស្រីម្នាក់ក៏មិនត្រូវបានអនុញ្ញាតឱ្យមានការសាកសួរដែរ។
សូមរំលឹកថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែឧសភា នៅផ្ទះសំណាក់លេខ១៣៣ តាមផ្លូវ លេខ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បុរសម្នាក់ត្រូវគេបាញ់សំលាប់ដួលដេកនៅមុខបន្ទប់នៃ ជាន់ទី១ ដោយចោទថាជាជនសង្ស័យជួញដូរថ្នាំញៀន ព្រមទាំងចាប់បានបុរសម្នាក់ និងស្ដ្រីម្នាក់ ដែលជា ក្រុមអ្នកស្លាប់នោះ។ ការបាញ់សំលាប់ជនសង្ស័យនេះ ត្រូវប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួង មហាផ្ទៃអះអាងថា ដោយសារជននោះមានបំណងប្លន់ប្រាក់របស់មន្ដ្រីប៉ូលិសចំនួន២៧.០០០ដុល្លារ ដែលក្នុង នោះលុយសុទ្ធ៧.០០០ដុល្លារ និងលុយក្លែងក្លាយ២ម៉ឺនដុល្លារ។
នៅកន្លែងកើតហេតុតាមសាក្សីបំភ្លឺថា បន្ទាប់ពីឮស្នូរផ្ទុះអាវុធចំនួន២គ្រាប់មានការភ្ញាក់ផ្អើលថា មនុស្ស ម្នាក់ត្រូវគេបាញ់សំលាប់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប៉ូលិសមូលដ្ឋាន និងប៉ូលិសក្រុងភ្នំពេញ ។ នៅជុំវិញ ផ្ទះសំណាក់មានការចោមរោមមើលពីសំណាក់មនុស្សរាប់ពាន់នាក់ ។ ផ្ទះសំណាក់នោះត្រូវបានការពារ យ៉ាងតឹងរ៉ឹងពីសំណាក់ប៉ូលិសស្លៀកពាក់ស៊ីវិលដែលគេស្គាល់ថា ជាប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយបានហាមមិនឱ្យអ្នកយកព័ត៌មានចូលថតរូបភាពសាកសពជនសង្ស័យ ។
តាមព័ត៌មានពីប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងថា ការបាញ់សំលាប់ជនសង្ស័យនោះ គឺដោយសារ តែគេមានគំនិតចង់ប្លន់ប្រាក់ដែលសមត្ថកិច្ចយកទៅធ្វើជាធ្នាក់ទិញថ្នាំញៀនពីពួកគេ ។ ជនម្នាក់នោះ បានភ្ជង់ចាប់ចងមន្ដ្រីប៉ូលិសដែលយកប្រាក់ទៅរកទិញថ្នាំញៀន ព្រមទាំងបាញ់គំរាម១គ្រាប់ ទើបសមត្ថកិច្ច នៅក្បែរនោះធ្វើអន្ដរាគមន៍បាញ់គេ១គ្រាប់ស្លាប់តែម្ដង ។
ជនសង្ស័យរូបនោះឈ្មោះគីម អាយុ៣៥ឆ្នាំ ត្រូវបានបាញ់១គ្រាប់ចំកណ្ដាលថ្ងាស ធ្លាយទៅក្រោយស្លាប់នៅ មុខបន្ទប់ជាន់ទី១ នៃផ្ទះសំណាក់។ ចំណែកអ្នកដែលត្រូវចាប់ខ្លួនមាន២នាក់ ម្នាក់ជាបុរសឈ្មោះនុត និត អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិវាល ឃុំតំបែរ ស្រុកតំបែរ ខេត្ដកំពង់ចាម និងស្ដ្រីម្នាក់ទៀត ឈ្មោះ សយ សុគន្ធ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិតាកុច ឃុំសំបុក ស្រុកក្រចេះ ខេត្ដក្រចេះ ។
ប៉ូលិសអះអាងថា ក្នុងហេតុការណ៍នោះដកហូតបានកាំភ្លើងខ្លីម៉ាក K54 មួយដើម និងថ្នាំញៀន៧កញ្ចប់ តូច។ ទោះបីជាយ៉ាងណាពុំមានព័ត៌មានផ្លូវការណាមួយអះអាងពីការបាញ់សំលាប់ជនសង្ស័យនោះឡើយ តែព័ត៌មានក្រៅផ្លូវការខ្លះនិយាយថា ការបាញ់សំលាប់ជនសង្ស័យនេះស្ថិតនៅក្នុងភាពអាថ៌កំបាំង។ នៅ ល្ងាចនោះ (២៤ ឧសភា) អ្នកកាសែតបានព្យាយាមចូលទៅថតរូបភាពជនសង្ស័យ តែត្រូវរារាំងដោយ មន្ដ្រីប៉ូលិសស្លៀកពាក់ស៊ីវិលរបស់មន្ទីរប្រឆាំងគ្រឿងញៀន ។ រហូតដល់វេលាម៉ោង៧និង៤០នាទីយប់ ទៅហើយនៅពេលដែលសមត្ថកិច្ចពិនិត្យសាកសពរួចហើយនោះ អ្នកកាសែតក៏នៅតែត្រូវមន្ដ្រីប៉ូលិសម្នាក់ ទៀតស្លៀកពាក់ស៊ីវិលត្រូវបានគេស្គាល់ថា ឈ្មោះសុខ ងី ជាអនុប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ ដែលជាមន្ដ្រីចុះទៅពង្រឹងនៅខណ្ឌឫស្សីកែវ ធ្វើការរារាំងហួងហែងដដែលហាក់ដូចជា ចង់បិទបាំងការបាញ់ សំលាប់មនុស្សនេះ គឺមិនចង់ឱ្យមានរូបភាពត្រូវបានកត់សំគាល់ ។ ទោះបីជាបែបណាសាកសព ត្រូវបានបញ្ជូនទៅតំកល់នៅឈាបនដ្ឋានវត្ដព្រះពុទ្ធ ។ រហូតមកដល់ព្រឹកថ្ងៃទី២៥ ឧសភា សាកសពមិន មានក្រុមគ្រួសារមកមើលឡើយដែលគេមានការសង្ស័យថា ជនដែលត្រូវបាញ់ស្លាប់ចំកណ្ដាលថ្ងាសនេះ ទំនងជាម្ចាស់ថ្នាំញៀនមកពីខេត្ដក្រចេះ ។ គ្មានប្រភពផ្លូវការណាមួយបំភ្លឺពីហេតុការណ៍នោះឱ្យដឹងឡើយ គិតត្រឹមវេលាល្ងាចថ្ងៃទី២៥ឧសភា ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply