ស្រែកយំឡាំប៉ាមុខតុលាការ ខឹងមិនឃុំខ្លួនជនចុងចោទ
ស្ដ្រីដើមចោទឡាំប៉ាមុខខ្លោងទ្វារតុលាការ (រូបថត កោះសន្តិភាព)
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើល មួយនៅមុខតុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី២៥ ឧសភា ដោយមានស្ដ្រីមេម៉ាយម្នាក់បានស្រែកទ្រហោយំឡាំប៉ា តវ៉ាដល់តុលាការ ដែលមិនឃុំខ្លួនភាគីចុងចោទ។ ស្ដ្រីមេម៉ាយដែលយំសោកបោកប្រាណនៅមុខតុលាការក្រុងភ្នំពេញនេះ ត្រូវបានគេស្គាល់ថាឈ្មោះ រ័ត្ន សុភាព អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ មហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានមុខរបរជាអ្នករកស៊ីម៉ៅការភាស៊ីតាមផ្សារ ។
ទាក់ទិននឹងការភ្ញាក់ផ្អើលនេះ ត្រូវបានគេកត់សំគាល់ឃើញថា ខណៈពេលដែលចៅក្រមបានកោះអញ្ជើញ បុរសឈ្មោះជា ទី ឱ្យចូលខ្លួន ដើម្បីធ្វើការសាកសួរតាមបណ្ដឹងរបស់ស្ដ្រីមេម៉ាយខាងលើដែលជាដើម បណ្ដឹង ។ ពេលបុរសឈ្មោះ ជា ទី ឡើងតុលាការតាមដីកាកោះអញ្ជើញនោះ ដើមបណ្ដឹង គឺអ្នកស្រី រ័ត្ន សុភាព ក៏ទៅតាមឆ្មក់លបមើលដំណើរការរបស់តុលាការផងដែរ ដោយមិនទុកចិត្ដខ្លាចតុលាការមិនចោទ ប្រកាន់ឃុំខ្លួនបុរសចុងចោទ។ នៅម៉ោងប្រមាណជិត១១ព្រឹក អ្នកស្រីរ័ត្ន សុភាព ទទួលបានព័ត៌មានចេញ ពីក្នុងតុលាការវិញថា ចៅក្រមមិនបានចោទប្រកាន់ឱ្យឃុំខ្លួនឈ្មោះជា ទី ជាចុងចោទនោះទេ ទើបអ្នក ស្រីរ័ត្ន សុភាព ស្រែកយំឡាំប៉ារកតែគេចាប់មិនឈ្នះនៅពីមុខខ្លោងទ្វារតុលាការក្រុងភ្នំពេញ ហើយបានធ្វើ ឱ្យមនុស្សម្នាអ្នកដំណើរភ្ញាក់ផ្អើលឈរមើលគ្រប់គ្នា ។
តាមសំដីដែលអ្នកស្រីស្រែកទ្រហោយំ លាយឡំនឹងទឹកភ្នែកនោះ អ្នកស្រីបានចោទប្រកាន់ទៅលើមន្ដ្រី ស្ថាប័នតុលាការក្រុងភ្នំពេញថា មិនយុត្ដិធម៌ទេ ដែលដោះលែងឱ្យមនុស្សជាជនខិលខូចបានរួចខ្លួន និងមាន ពាក្យអសុរោះច្រើនទៀត ដែលអ្នកស្រីដៀលត្មះលើប្រព័ន្ធតុលាការ ។ ជាមួយគ្នានោះ អ្នកស្រីបានជេរ ប្រទេចទៅលើបុរសឈ្មោះជា ទី ជាចុងចោទថា ធ្លាប់បានប្រើល្បិចក្លែងបន្លំឯកសារមួយចំនួន ឃុបឃិត ជាមួយមន្ដ្រីនគរបាលខិលខូច រត់ការទៅតុលាការចាប់ខ្លួនរូបគាត់ដាក់គុក២ដងយ៉ាងអយុត្ដិធម៌បំផុត។ ស្ដ្រី មេម៉ាយរូបនេះបានឡាំប៉ានៅមុខតុលាការ ក្រុងភ្នំពេញអស់រយៈពេលជិត១ម៉ោង បើទោះបីនគរបាល ការពារស្ថាប័នតុលាការអង្វរយ៉ាងណាក៏ដោយ ក៏កំហឹងទាំងឡាយត្រូវអ្នកស្រីស្រែកទំលាយរហូតដល់ហត់ អស់កំលាំងទើបបានឈប់ ។ អ្នកស្រីរៀបរាប់ដំណើររឿងឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៥ អ្នកស្រី ត្រូវបានឈ្មោះជា ទី ឈ្មោះកុក យូ និងឈ្មោះហូរ សារ៉េត បង្កើតឯកសារក្លែងក្លាយប្ដឹងអ្នកស្រី រឿងដេញថ្លៃភាស៊ីតាមផ្សារ និងយឿត្រីដែលអ្នកស្រីកំពុងប្រកបអាជីវកម្មស្របច្បាប់ ។
ការក្លែងឯកសារប្ដឹងអ្នកស្រីបានធ្វើឱ្យអ្នកស្រីជាប់គុក២លើក ទាំងក្ដីឈឺចាប់បំផុត ព្រោះថា ទាំងរូបរាង កាយ ទាំងមុខរបរត្រូវបាត់បង់ ។ ការឈឺចាប់ទាំងអស់នោះ ពេលអ្នកស្រីបានរួចពីការចោទប្រកាន់មកវិញ អ្នកស្រីបានពឹងពាក់អ្នកច្បាប់ គឺមេធាវីឱ្យជួយធ្វើពាក្យបណ្ដឹងប្ដឹងឈ្មោះជា ទី និងគូកន ដើម្បីឱ្យតុលាការ វែកមុខជនខិលខូច។ អ្នកស្រីរ័ត្ន សុភាព បានបន្ដទៀតថា អ្នកស្រីបានធ្វើពាក្យបណ្ដឹងដាក់ទៅ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ទើបនគរបាលក្រសួងមហាផ្ទៃកសាងសំណុំរឿងនេះដាក់ជូនតុលាការ ក្រុងភ្នំពេញ គឺដោយមានរឿងហេតុយ៉ាងដូច្នេះហើយ ទើបតុលាការបានកោះហៅឈ្មោះជាទីឱ្យចូលខ្លួន ដើម្បីសាកសួរ ។ នៅពេលលោកចៅក្រមម្នាក់សាកសួរ ហើយតាមឆន្ទានុសិទ្ធិរបស់ចៅក្រមរូបនោះបំរុង ឃុំខ្លួនឈ្មោះជា ទី ពីបទក្លែងលិខិតសាធារណៈ ប៉ុន្ដែដោយមានសម្ពាធជុំវិញធ្វើឱ្យលោកចៅក្រមរូបនោះ មិនហ៊ានឃុំខ្លួនឈ្មោះជា ទី ទេ ត្រង់ហ្នឹងហើយ ទើបធ្វើឱ្យរូបអ្នកស្រីមិនពេញចិត្ដចំពោះទង្វើរបស់ តុលាការក្រុងភ្នំពេញ ។
អ្នកស្រីបានបន្ដទៀតថា កិត្ដិយសអ្នកស្រីត្រូវគេក្លែងលិខិតចាប់ដាក់គុកទទេៗបាន និងប្រាក់ ១៨០.០០០ដុល្លារសហរដ្ឋអាមេរិកត្រូវខាតបង់ ។ ផ្ទុយទៅវិញ ជនខិលខូចដែលអ្នកស្រីបានព្យាយាម ផ្ដល់ឯកសារគ្រប់គ្រាន់សំរាប់ធ្វើការចោទប្រកាន់នោះបែរជារួចខ្លួន ចំណែកអ្នកស្រីបែរជាទទួលរងនូវភាព អយុត្ដិធម៌មកវិញនេះ ហើយដែលធ្វើឱ្យកំហឹងពុះពោរទប់មិនបានមានតែការស្រែកទ្រហោយំ ដើម្បីកាត់ បន្ថយភាពតឹងតែងអួលណែនក្នុងដើមទ្រូង ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ កោះសន្ដិភាពបានព្យាយាមរង់ចាំជួបលោក ជា ទី ដែរ ដើម្បី បានបំភ្លឺ ក៏ប៉ុន្ដែគួរឱ្យសោកស្ដាយ ពេលដែលលោកជា ទី ត្រូវបានតុលាការក្រុងអនុញ្ញាតឱ្យទៅផ្ទះ គាត់ដោយបានឱ្យលួចចេញតាមទ្វារក្រោយបាត់ ។ មិនមានការអធិប្បាយណាមួយពីមន្ដ្រីតុលាការទេ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply