សិស្សផ្ទុះកូដកម្មនៅវិទ្យាល័យសម្ដេចហ៊ុន សែន ភ្នំពេញថ្មី
រាជធានីភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់នៃវិទ្យាល័យសម្ដេចហ៊ុន សែន ភ្នំពេញថ្មីដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ បាននាំគ្នាឈរកាន់បដាព្រោងព្រាតធ្វើកូដកម្ម កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ដើម្បីទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡាធ្វើការផ្លាស់ប្ដូរនាយក ១រូប និងនាយករងចំនួន២រូប ដោយពួកគេចោទប្រកាន់ថា លោកនាយក និងនាយករងទាំងនោះ ឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយចាយវាយប្រាក់ ភៅភ មិនត្រឹមត្រូវ គ្មានសាមគ្គីភាព គ្មានសីលធម៌ និងគ្មានសមត្ថភាពដឹកនាំ ។
លោកនាយក និងនាយករងដែលទទួលការចោទប្រកាន់នោះ គឺលោកអ៊ុក បុស្សសត្ថា ជានាយក, លោក សារ៉ុម សុទ្ធិ និងលោកឌុច ផល្លាវណ្ណ ជានាយករង។ នេះគឺជាការបះបោរនៅក្នុងគ្រឹះស្ថានសិក្សា សាធារណៈទី២ ហើយនៅក្នុងខែនេះដែលលើកទី១ ការបះបោររបស់សិស្សានុសិស្សនៅវិទ្យាល័យដំដែក ក្នុងខេត្ដសៀមរាប រហូតដល់នាយក និងនាយករងត្រូវបានដកចេញពីសាលា ក្នុងបទចោទប្រកាន់លើ បញ្ហាជាច្រើន ។ លើកនេះគេមិនទាន់បានដឹងថា តើនឹងមានការដោះស្រាយបែបណានៅឡើយទេ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ឧសភា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៥០០នាក់បាននាំគ្នាបះបោរ ហើយសរសេរបដាព្រោងព្រាត ដោយឈរនៅមុខខ្លោងទ្វារសាលារៀន ដើម្បីទាមទារ ប្ដូរនាយក និងនាយករង ។ នៅក្នុងបដាដែលកាន់ដោយសិស្សានុសិស្សនោះ គេបានគូរ ជារូបត្លុក និងសរសេរចោទប្រកាន់ទៅលើលោកនាយកសាលាថា បានប្រព្រឹត្ដអំពើពុករលួយ ផ្ដាច់ការ និង អសីលធម៌ ហើយសុំឱ្យមានការផ្លាស់ប្ដូរចេញ។
តាមសំដីរបស់សិស្សដែលចូលរួមធ្វើកូដកម្មបានឱ្យដឹងថា លោកនាយកសាលាឈ្មោះ អ៊ុក បុស្សសត្ថា ជាមនុស្សគ្មានសីលធម៌ ប្រើពាក្យសំដីពុំសមរម្យមកលើសិស្សានុសិស្ស។ បើតាមលិខិតរបស់លោកគ្រូ អ្នកគ្រូដែលបានចែកចាយជាសាធារណៈនោះបានទាមទារឱ្យដកលោកនាយក និងនាយករងចេញ ពីព្រោះ កន្លងមកលោកនាយកវិទ្យាល័យបានប្រព្រឹត្ដអំពើពុករលួយ កិបកេងថវិកា ភៅភ និងជំរិតទារយកប្រាក់ ពីកូនសិស្សដែលសុំផ្លោះថ្នាក់ ក្នុងម្នាក់ៗពី៥០ទៅ១០០ដុល្លារ។ ចំណុចចោទប្រកាន់មួយទៀត គឺនាយក មិនបង្រៀន តែមានប្រាក់ម៉ោងបន្ថែម ឬគ្រូខ្លះ ដែលមិនមកបង្រៀននៅមានប្រាក់បៀវត្ស។
នៅក្នុងលិខិតដដែលនោះក៏បានចោទប្រកាន់ទៀតថា លោកនាយកគ្មានសាមគ្គីភាពផ្ទៃក្នុង រវាងគណៈនាយក និងបុគ្គលិក ព្រមទាំងបានចោទប្រកាន់ទៅលើលោកនាយកទៀតថា គ្មានបច្ចេកទេសដឹកនាំ អសមត្ថភាព និងមិនទទួលខុសត្រូវ។ តាមព័ត៌មានឱ្យដឹងទៀតថា នៅរសៀលថ្ងៃទី២៣ ឧសភា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស បានត្រៀមធ្វើកូដកម្មទៀត តែទោះបីជាយ៉ាងណាពេលលោកគ្រូ អ្នកគ្រូបានចូលបង្រៀន វិញ គឺនៅសល់តែ១ថ្នាក់ប៉ុណ្ណោះ។ នៅរសៀលថ្ងៃនោះដែរ កោះសន្ដិភាពបានជួបជាមួយលោកនាយក វិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មីដើម្បីសុំការបំភ្លឺចំពោះការចោទប្រកាន់ខាងលើ តែត្រូវបានលោក នាយកសុំមិនធ្វើអត្ថាធិប្បាយទេ ដោយទុកឱ្យក្រសួងជាអ្នកដោះស្រាយ ។ លោកនាយកបានបញ្ជាក់ បន្ថែមថា ការធ្វើកូដកម្មនេះផ្ដើមចេញពីទំនាស់ផ្ទៃក្នុង ហើយក្នុងចំណោម លោកគ្រូ អ្នកគ្រូ៩២នាក់មាន តែចំនួន១៧នាក់ប៉ុណ្ណោះដែលដឹកនាំធ្វើកូដកម្មនេះ ។
ចំណែកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យវិញ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនភ្លាមៗ ដែលចុះ ហត្ថលេខាដោយលោករ៉ុង ឈុន ដោយបានសរសេរថា សមាគមយល់ឃើញថា បញ្ហាទាំងនេះលោក ប្រធានមន្ទីរអប់រំមិនបានផ្ដល់នូវដំណោះស្រាយជូនលោកគ្រូ អ្នកគ្រូ ឱ្យបានទាន់ពេលនាំឱ្យលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្សនាំគ្នាទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡាដកលោកនាយក និងនាយករង ចេញពីសាលា ហើយឱ្យមានការលុបបំបាត់នូវអំពើពុករលួយកិបកេងលើថវិកា PAP ។
សេចក្ដីថ្លែងការណ៍ ដដែលបន្ដថា ការយឺតយ៉ាវមិនបានផ្ដល់ដំណោះស្រាយឱ្យទាន់ពេលវេលាទៅតាមតំរូវការរបស់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ទើបបណ្ដាលឱ្យមានកូដកម្មកើតឡើងបែបនេះ នាំឱ្យប៉ះពាល់ពេលវេលា បង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្ស ពីព្រោះថ្ងៃប្រលងរបស់សិស្សានុសិស្សខិតជិតមកដល់ហើយ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡាត្រូវតែផ្ដល់ដំណោះស្រាយ មួយយុត្ដិធម៌ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅតាមការទាមទាររបស់ពួកគេ មិនត្រូវទុកឱ្យ បញ្ហាវិវាទនេះអូសបន្លាយពេលវេលាតទៅទៀតឡើយ ។
Labels: ព្រឹត្ដិការណ៍, សន្តិសុខ
for this post
Leave a Reply