ប៉ូលិសខណ្ឌចំការមនចាប់ស្ដ្រីរកស៊ីផ្លូវភេទឈរបោយដៃ បង់ការប៉ះពាល់សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈ
រាជធានីភ្នំពេញ ៖ ស្ដ្រីរកស៊ីឈរបោយដៃហៅម៉ូយវ៉ៃសិចពេលយប់អធ្រាត្រចំនួន៩នាក់ ត្រូវសមត្ថកិច្ច ប៉ូលិសខណ្ឌចំការមន ចាប់ខ្លួនកាលពីយប់ថ្ងៃទី២២ ឧសភា នៅតាមបណ្ដោយវិថីមុនីរ៉េត ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ និងនៅចំណុចប្លុកប៊ូឌិញ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ខណៈពេលដែល ក្រុមស្ដ្រីទាំងនេះកំពុងឈរបោយដៃហៅម៉ូយយ៉ាងអនាចារ ។
ប៉ូលិសខណ្ឌចំការមនបានឱ្យដឹងថា ក្រុមស្ដ្រីដែលសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនខាងលើ ១-ឈ្មោះសុខ ស្រីម៉ាប់ អាយុ២០ ឆ្នាំ ២-ឈ្មោះម៉េង ស្រីណែត អាយុ២៦ឆ្នាំ ៣-ឈ្មោះម៉េត ណារ៉េត អាយុ២២ឆ្នាំ ៤-ឈ្មោះម៉េត ស្រីអូន អាយុ២៣ឆ្នាំ ៥-ឈ្មោះ ខេង លីយ៉ា អាយុ២០ឆ្នាំ អ្នកទាំងនេះស្នាក់នៅសង្កាត់ ទន្លេបាសាក់ ៦-ឈ្មោះទូច វ៉ាន់ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ៧-ឈ្មោះវ៉ាន់ នី អាយុ២០ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៨-ឈ្មោះរី ផល្លី អាយុ២១ឆ្នាំ ស្នាក់នៅខណ្ឌ ឫស្សីកែវ និង៩-ឈ្មោះឯម សុធារី អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ប៉ូលិសខណ្ឌចំការមនបន្ដថា មូលហេតុដែលសមត្ថកិច្ចចុះបង្ក្រាបមុខរបររកស៊ីឈរបោយដៃតាមដងផ្លូវ សាធារណៈ ហើយឃាត់ខ្លួនស្ដ្រីខាងលើនេះ គឺដោយសារតែនៅពេលយប់ព្រលប់ក្រុមស្ដ្រីទាំងនោះ តែងតែ ឈរហៅម៉ូយវ៉ៃសិចយ៉ាងអាណាធិបតេយ្យបំផុតជាហេតុធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ របស់ស្ដ្រីខ្មែរ ដែលប្រកាន់នូវសីលធម៌ប្រពៃណីល្អបរិសុទ្ធ ។ ទន្ទឹមនឹងនោះដែរ ក៏មានសំណូមពរជាច្រើនពីសំណាក់ មហាជនដែលធ្វើដំណើរលើដងវិថីមុនីរ៉េត ស្ថិតក្នុងភូមិសាស្ដ្រ សង្កាត់ទួលស្វាយព្រៃទី២ និងតាម ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ បានសំណូមពរយ៉ាងទទូចទៅលោកប៉ូលិសប៉ុសិ៍្ដទាំង២ គួរណាស់ អនុវត្ដវិធានការបោសសំអាតស្ដ្រីរកស៊ីបោយដៃតាមផ្លូវឱ្យមានប្រសិទ្ធភាពជារៀងរហូត ដើម្បីជាការចូល រួមចំណែកថែរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ ។
ក្រុមស្ដ្រីដែលប៉ូលិសឃាត់ខ្លួនទាំង៩នាក់បាននិយាយថា ពួកខ្លួនដាច់ចិត្ដឈរបោយដៃតាមផ្លូវ គឺដោយសារ ចង់សប្បាយជាមួយប្រុសៗ។ ម្យ៉ាងទៀត គឺដើម្បីរកប្រាក់ចិញ្ចឹមជីវិត ព្រោះគ្មានមុខរបរអ្វីដោះស្រាយ ក្រៅពីការលក់ខ្លួនមួយគ្រាៗតែប៉ុណ្ណោះ។ ស្ដ្រីទាំង៩នាក់ខាងលើត្រូវប៉ូលិសខណ្ឌចំការមន ប្រគល់ខ្លួន ទៅឱ្យមន្ទីរសង្គមកិច្ច និងយុវនិតិសម្បទារាជធានីភ្នំពេញដើម្បីយកទៅបណ្ដុះបណ្ដាលអប់រំរៀនសូត្រមុខ ជំនាញផ្សេង។
Labels: សន្តិសុខ
for this post
Leave a Reply