ប្រជាជនដែលប៉ះពាល់ពីគំរោងអភិវឌ្ឍន៍នានាមិនលំបាកជាងមុនទេ
រាជធានីភ្នំពេញ ៖ គណៈកម្មការអន្ដរក្រសួងបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីជជែកពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការដោះស្រាយ ផលប៉ះពាល់សេដ្ឋកិច្ច សង្គមកិច្ច ដោយសារគំរោងអភិវឌ្ឍន៍ ។ សិក្ខាសាលានេះធ្វើឡើងក្រោម អធិបតីភាពលោកគាត ឈន់ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២១ ឧសភាកន្លងទៅនេះ ។
លោកទេសរដ្ឋមន្ដ្រីគាត ឈន់ បានមានប្រសាសន៍ថា អនុក្រឹត្យដែលបានដាក់ជូនអង្គសិក្ខាសាលាធ្វើការ ពិភាក្សា នាពេលនេះ មានគោលដៅបង្កើតនូវក្របខណ្ឌគត្ដិយុត្ដមួយដែលអាចធានាបានថា ប្រជា ពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយគំរោងអភិវឌ្ឍន៍នានា របស់រដ្ឋមានឱកាសទទួលបាននូវផលប្រយោជន៍ ពីគំរោង ឬយ៉ាងហោចណាស់ ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ទាំងនោះ នឹងមិនមានស្ថានភាព ធ្លាក់ដុនដាបជាងមុននោះឡើយ” ។
លោកញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា តាមសេចក្ដីណែនាំដែល ចេញដោយសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានតម្រូវឱ្យគ្រប់គំរោងអភិវឌ្ឍន៍ទាំងអស់ចាំបាច់ត្រូវបញ្ចូល នូវថវិកាសំរាប់ការដោះស្រាយផលប៉ះពាល់ និងជំនួយផ្សេងៗសំរាប់ជនដែលរងនូវផលប៉ះពាល់ជាវិជ្ជមាន ទោះបីជាប្រភពថវិកាសំរាប់គំរោងទាំងនោះបានមកពីណាក៏ដោយ ។ ដូច្នេះហើយទើបតំរូវឱ្យមាន ជាចាំបាច់នូវគោលនយោបាយ និងក្របខណ្ឌច្បាប់ច្បាស់លាស់សំរាប់ការដោះស្រាយផលប៉ះពាល់ សេដ្ឋកិច្ច សង្គម ដែលបណ្ដាលមកពីការធ្វើលទ្ធកម្មដី និងទ្រព្យសម្បត្ដិនានាសំរាប់គំរោងអភិវឌ្ឍន៍ទាំងឡាយ របស់រដ្ឋ ។
សេចក្ដីព្រាងអនុក្រឹត្យនេះមាន១០ជំពូក និង៤៤មាត្រា ដែលមាត្រាទី១ បានចែងអំពីគោលបំណង ដោយកំណត់ថា គោលការណ៍នីតិវិធីការរៀបចំស្ថាប័ន និងវិធានការសំរាប់ទប់ស្កាត់ ឬដោះស្រាយ ផលប៉ះពាល់សេដ្ឋកិច្ច សង្គម ដោយសារគំរោងអភិវឌ្ឍន៍របស់រដ្ឋ ដែលតម្រូវឱ្យមានការធ្វើលទ្ធកម្មដី និង ទ្រព្យសម្បត្ដិផ្សេងទៀត មានដូចជាសិទ្ធិនិងផលប្រយោជន៍នានា លើដី ឬទ្រព្យសម្បត្ដិជាបណ្ដោះអាសន្ន រយៈពេលខ្លី រយៈពេលវែង ឬជាអចិន្ដ្រៃយ៍សំរាប់បំរើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ ទោះក្នុងករណីធម្មតា ឬករណីបន្ទាន់ ពិសេស ឬសំរាប់ការរៀបចំតាំងទីលំនៅឡើងវិញក្ដី ឬការផ្លាស់ប្ដូរ ទីតាំងស្រែចំការ កសិដ្ឋាន អាជីវកម្ម ដែលបណ្ដាលមកពីគំរោងអភិវឌ្ឍន៍របស់រដ្ឋ។
ការធ្វើលទ្ធកម្មដី ឬទ្រព្យសម្បត្ដិមានន័យថា ការដកយកដី ឬទ្រព្យសម្បត្ដិមួយចំណែក ឬទាំងមូល ពីអ្នកកាន់កាប់ប្រើប្រាស់ដី ឬទ្រព្យសម្បត្ដិជាក់ស្ដែង តាមការព្រមព្រៀង ឬតាមការប្រើអំណាចដើម្បីឱ្យ រដ្ឋអាចប្រើប្រាស់ដី ឬទ្រព្យសម្បត្ដិនោះ ជាបណ្ដោះអាសន្ន រយៈពេលវែង រយៈពេលខ្លី ឬជារៀងរហូត ដើម្បីគំរោងអភិវឌ្ឍន៍របស់រដ្ឋ ដែលមានលក្ខណៈបំរើប្រយោជន៍សាធារណជនទូទៅ ឬផលប្រយោជន៍ជាតិ ដែលបណ្ដាល មកពីគំរោងអភិវឌ្ឍន៍របស់រដ្ឋ ។
Labels: សេដ្ឋកិច្ច
for this post
Leave a Reply